ភ្នំពេញ ៖ ក្រុមចោរប្រើកាំបិតបុ័ងតោជាអាវុធ ហើយតែងតែធ្វើសកម្មភាពគំរាមភ្ជង់ប្លន់អ្នកដែលទៅកំសាន្តនៅរមណីយដ្ឋានវត្តភ្នំ ដែលស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញនោះ បានយកទ្រព្យសម្បត្តិជារឿយៗធ្វើឲ្យអ្នកដំណើរភ័យខ្លាច ឥឡូវត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនជាបន្តបន្ទាប់ចំនួន០២នាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីប្លន់ទ្រព្យជនរងគ្រោះបានសម្រេចមួយសន្ទុះប៉ុណ្ណោះ។
មន្ត្រីអាវុធហត្ថរាជធានីបានបញ្ជាក់ថា ក្រុមចោរកាំបិតបុ័ងតោដែលចាប់ខ្លួនបាននោះមានឈ្មោះ ទី០១-គយ សីហា ភេទប្រុស អាយុ២៣ឆ្នាំ ដែលមានទីលំនៅមិនប្រាកដ និងទី០២-ឈ្មោះហៀង សេងហៃ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅមិនប្រាកដដូចគ្នា។
មុនពេលកើតហេតុជនរងគ្រោះនិងស្រីស្នេហ៍ បានទៅអង្គុយសាសងគ្នានៅរមណីយដ្ឋានវត្តភ្នំ គឺវេលាម៉ោងប្រមាណជិត១២យប់ ស្រាប់តែមានជនសង្ស័យ០២នាក់ដើរមកឈរសងខាងដោយយកកាំបិតបុ័ងតោ និងកូនកាំបិតភ្ជង់លើពោះពួកគេ ហើយបានប្លន់យកចិញ្ចៀន ខ្សែក ទូរស័ព្ទម៉ាកសាំសុងកាឡាក់ស៊ី និងកាបូបលុយជាច្រើនទៀតផងដែរ ហើយពួកវារត់គេចខ្លួនឡើងទៅលើវត្តភ្នំបាត់ទៅ។ ភ្លាមៗនោះជនរងគ្រោះបានប្រាប់សមត្ថកិច្ចអាវុធហត្ថចុះមកអន្តរាគមន៍រហូតចាប់បានជនសង្ស័យម្នាក់ និងម្នាក់ទៀតនៅថ្ងៃបន្ទាប់។ វត្ថុតាងដកហូតបានពីពួកចោរមានដូចជា ចិញ្ចៀន០១វង់ សមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ និងដកបានកូនកាំបិតចិត្តបន្លែ០១ កាបូបដៃ០១ខ្សែក០១ និងកងដៃ០១។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនបានធ្វើសកម្មភាពគំរាមយកទ្រព្យសម្បត្តិរបស់ភ្ញៀវជាច្រើនដងដែរ ហើយតែងតែគេចខ្លួនបានសម្រេចរហូត តែទើបពេលនេះក៏ត្រូវសមត្ថកិច្ចចាប់បានតែម្ដង៕
វិមាន

0 Comments