បាត់ដំបង ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា កាលពីថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យទីតាំងគម្រោងសាងសង់មណ្ឌលកីឡាហែលទឹក ដែលមានទីតាំងឋិត នៅក្នុងបរិវេណនៃសាកលវិទ្យាល័យ ខេត្តបាត់ដំបង ដោយមានការរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅពីសំណាក់មន្ត្រីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងនិស្សិតយ៉ាងច្រើនកុះករ។
មណ្ឌលហែលទឹកនេះ គ្រោងសាងសង់ឡើងតាមស្តង់អន្តរជាតិ ដែលមានទំហំក្រឡាផ្ទៃអាងបណ្តោយ២៥ម៉ែត្រ ទទឹង ២០ម៉ែត្រ ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចក្រឡាហោម ដើម្បីអាចឲ្យកីឡាករ កីឡាការនី ទាំងជាតិនិងអន្តរជាតិ ក៏ដូចជាមហាជនទូទៅធ្វើការហ្វឹកហាត់កីឡា ដើម្បីសុខភាព ឬក៏ដូចជាដើម្បីត្រៀម ចូលរួមប្រកួតព្រឹត្តការណ៍កីឡានានាផងដែរ ហើយមណ្ឌលហែលទឹកនេះគ្រោងរៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ជាពិសេសសិស្សនិស្សិត ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត មិនត្រូវសេពគ្រឿងស្រវឹង ឬគ្រឿងញៀន បើបើកបរកុំពិសាគ្រឿងស្រវឹង បើពិសាគ្រឿងស្រវឹងកុំបើកបរ៕
Source: Kampuchea Thmey Daily
0 Comments