Ad Code

ឆ្នាំ ២០១៩​នេះ កាកបាទក្រហមកម្ពុជា​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ជិត ២១ លាន​ដុល្លារ​



ភ្នំពេញ ៖ ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ១៥៦​ឆ្នាំ​នៃ​ទិវា​កាកបាទក្រហម និង អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​ឆ្នាំ​២០១៩​កាកបាទក្រហមកម្ពុជា​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​សរុប​ចំនួន ២០,៧៥៧,៥១០​ដុល្លារ​ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​រ​បស់​កាកបាទក្រហម​ថវិកា​ទទួល​បាន​នេះ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨​មានការ​កើនឡើង​ជិត​៣​លាន​ដុល្លារ​ដែល​កាលពី​ឆ្នាំ​២០១៨ ទទួល​ជាង ១៨​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

មិន​ខុសពី​បណ្តា​ឆ្នាំ​កន្លងទៅ​នោះឡើយ ការ​ប្រារព្ធ​ទិវា​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល មកពី​គ្រប់​ក្រសួង​ស្ថាប័ន​និង​រាជធានី​ខេត្ត​ទូទាំងប្រទេស និង វត្តមាន​របស់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា និង សប្បុរសជន​យ៉ាងច្រើន​កុះករ​បានរួម​គ្នា​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដើម្បី​ជួយ​ទ្រ​ង​ទ្រង់​សកម្មភាព​មនុស្សធម៌ ដែល​កាកបាទក្រហមកម្ពុជា តែងតែបាន​ធ្វើ​យ៉ាង​សស្រាក់សស្រាំ​ជា​រៀងរាល់ឆ្នាំ​នោះ​។​

​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះ​មុនិនាថ នរោត្តម សីហនុ បាន​ព្រះរាជទាន​ថវិកា​សរុប ៤​ម៉ឺន​ដុល្លារ​ផងដែរ​។​
​ ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៨ និង ៤​ខែ​ក្នុង​ឆ្នាំ ២០១៩ នេះ​កាកបាទក្រហមកម្ពុជា​ដែលមាន​សាខា​នៅ​រាជធានី​ខេត្ត​ទាំង​២៥​បានសម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​គួរ​ឲ្យ​កត់សម្គាល់​មាន​ប្រជាពលរដ្ឋ​ដាច់ស្រយាល​ជាង​៣ ម៉ឺន​គ្រួសារ​បានទទួល​អណ្ដូង​ទឹកស្អាត​ចំនួន ១៣៩, ចាស់​គ្មាន​ទីពឹង​គ្រួសារ​គ្មាន​ទីពឹង​គ្រួសារ​ស្ត្រី​មេម៉ាយ​ទុរគត​ចំនួន ១៦៧ គ្រួសារ​ទទួលបាន​ផ្ទះ​ថ្មី​។ ប្រជាពលរដ្ឋ​តាម​ជនបទ ៤៥៣ គ្រួសារ​បានទទួល​បង្គន់​អនាម័យ​។ ប្រជាពលរដ្ឋ​ត្រូវ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​និង​ចាស់​គ្មាន​ទីពឹង​កុមារកំព្រា​គ្រួសារ​មាន​ជំងឺ​រ៉ាំរ៉ៃ​ស្ត្រី​មេម៉ាយ​ជាង ៤ ម៉ឺន​គ្រួសារ​ទទួលបាន​ស្បៀង​និង​សម្ភារៈ​ជួយ​សម្រាល​ជីវភាព​រស់នៅ​។ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ប្រឈម​ជំងឺគ្រុនចាញ់​គ្រុនឈាម​ចំនួន ២ ម៉ឺន​គ្រួសារ​បានទទួល​នូវ​អំណោយ​មុង​សុវត្ថិភាព , អ្នក​ពិការ​ជើង​ចំនួន ៩៥៦ នាក់​ទទួលបានរ​ទេះជ​ន​ពិការ​,​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ជិត​ព្រំដែន​រាប់រយ​គ្រួសារ​ទទួលបាន​ប្រាក់កម្ចី​ធ្វើ​ដើមទុន​ប្រកបរបរ​ចិញ្ចឹមជីវិត​,​អ្នកស្ម័គ្រចិត្ត​និង​បុគ្គលិក​ក្នុង​វិស័យ​ឯកជន ៤,០០០ នាក់​ទទួលបាន​ការបណ្ដុះ​បណ្ដាល​វិជ្ជា​សង្គ្រោះបន្ទាន់​ប្រជាពលរដ្ឋ​តាម​សហគមន៍​រាប់ម៉ឺន​គ្រួសារ​បាន​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន​គ្រាប់​មិនទាន់​ផ្ទុះ​ការថែទាំ​សុខភាព​ការប្រើប្រាស់​ទឹកស្អាត​អនាម័យ​និង​អាហារូបត្ថម្ភ ។​ល​។ ជាមួយគ្នានេះ​សិស្ស​និស្សិត​មន្ត្រី​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៨ ម៉ឺន​នាក់​ទទួលបាន​ចំណេះដឹង​តាមរយៈ​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ,​យុវជន​កាកបាទក្រហម​ជាង ២ ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស​បាន​ចូលរួម​ក្នុង​សកម្មភាព​នានា​ដូចជា​មិត្ត​អប់រំ​មិត្ត​,​សម្អាត​បរិស្ថាន ,​ការដាំ​ដើមឈើ​ការបរិច្ចាគ​ឈាម ។​ល​។ ជា​រៀងរាល់ឆ្នាំ​កាកបាទក្រហមកម្ពុជា​តែងតែ​ផ្ស​ព្ធ​ផ្សាយ​ជូន​បងប្អូន​ជនរួមជាតិ​តាម​គ្រប់​ប្រព័ន្ធ​ព័ត៌មាន​នៅ​សារ​អំពាវនាវ​ស្ដីពី​ការអប់រំ​ថែទាំ​សុខភាព​ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា​និង​ទារក​ថ្ងៃ ២១ កុម្ភៈ​និង​ទិវា​ឆ្ន​ប​ជាតិ ៥​ឧសភា​និង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឲ្យ​ដឹង​ទៀតថា គ្រាន់តែ​រយៈពេល ៤ ខែ ឆ្នាំ ២០១៩ នេះ សាខា​កាក បាទ​ក្រហម​ទាំង ២៥​ក្នុង​រាជធានី​ភ្នំពេញ​បានផ្ដល់​អំណោយ​ជូន​អ្នករងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ១១៦ ដង​ចំនួន ៣,០៣៥ គ្រួសារ​។ ជាមួយគ្នានេះដែរ​កាកបាទ​ក្រហម​កម្ពុជា​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​តាមរយៈ​មូលនិធិ​គន្ធបុប្ផា​ចំនួន ១ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ហើយ​នៅ​ឆ្នាំ ២០១៩ នេះ​នឹង​បន្ត​ជួយ​ទៀត​មួយ​លាន​ដុល្លារ​បន្តទៀត ។ ការឧបត្ថម្ភ​ប្រចាំឆ្នាំ​ដល់​អង្គការ​ចំនួន ៣ ចុះសួរសុខទុក្ខ​សមាគម​និង​អង្គការ​មួយចំនួន​ដើម្បី​ឧបត្ថម្ភ​ស្បៀង​ជួយ​អាហារ​សាមគ្គី​ដល់​កុមារកំព្រា​អ្នកមាន​ពិការភាព​សិស្ស​និស្សិត​ក្រីក្រ និង បានផ្តល់​ដល់​អនុសាខា​ខណ្ឌ​ទាំង ១២ ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ២​លើក​ក្នុង​មួយឆ្នាំ​នូវ​អង្ករ ២០០​តោន​ក្នុង​មួយឆ្នាំ​សម្រាប់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ៧,២០០ គ្រួសារ​ទៀត​។
​ ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​យក​ឳ​កាស​នេះ​ថ្លែង​អំណរ​ព្រះ​គុណ​ព្រះមហាក្សត្រ​និង​សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែងតែ​ព្រះរាជទាន​នូវ​ព្រះរាជកិច្ច​គាំទ្រ​គ្រប់​កាលៈទេសៈ​ដល់​កាកបាទក្រហមកម្ពុជា​។ ជាក់ស្តែង​ជា​រៀងរាល់ខែ​ព្រះករុណា​ព្រះមហាក្សត្រ​ព្រះអង្គ​បាន​ប្រោស​ព្រះ​រាជូបត្ថម្ភ​នូវ​ព្រះរាជ​ទ្រព្យ​ចំនួន​១​ពាន់​ដុល្លារ​និង​សម្តេច​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ព្រះអង្គ​បាន​ប្រោស​ព្រះ​រាជូបត្ថម្ភ​នូវ​ព្រះរាជ​ទ្រព្យ​ចំនួន​៣​ពាន់​ដុល្លារ​ជា​រៀងរាល់​ត្រីមាស​និង​ក្នុងឱកាស​ផ្សេងៗ​ទៀត​។ នៅក្នុង​ឱកាស​ទិវា ៨​ឧសភា ឆ្នាំនេះ​ព្រះករុណា​ព្រះមហាក្សត្រ​ជា​អម្ចាស់​ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ​ព្រះរាជ​ទ្រព្យ​ចំនួន​២​ម៉ឺន​ដុល្លារ​និង​សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ​ព្រះរាជ​ទ្រព្យ​ចំនួន​២​ម៉ឺន​ដុល្លារ​ដល់​កាកបាទក្រហមកម្ពុជា​ផងដែរ​។ លើសពីនេះទៅទៀត​ព្រះអង្គ​ទាំង​ទ្វេ​តែងតែមាន​ព្រះរាជ​សកម្មភាព​ជួប​ប្រាស្រ័យ​និង​ប្រោស​ព្រះរាជទាន​អំណោយ​ចំពោះ​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​ជាពិសេស​ព្រះករុណា​ព្រះមហាក្សត្រ​ជា​អម្ចាស់​បាន​ស្តេចយាង​ព្រះរាជទាន​អំណោយ​ដល់​ជនបទ​ដាច់ស្រយាល​តាម​បណ្តា​ខេត្ត​និង​ត្រាសបង្គាប់​ក្រុម​សម្តេច​ឳ ផ្គត់​ផ្គង​ទឹក ជីក​ស្រះ ជីក​អណ្តូង ជូន​ប្រជានុរាស្ត្រ​ព្រះអង្គ​ដោយ​ព្រះរាជហឫទ័យ​ស្រឡាញ់​អាណិតអាសូរ​យ៉ាងខ្លាំង​។​
​ ​
ក្នុង​ស្មារតី​សាមគ្គីភាព​ជាមួយ​សមាគម​កាកបាទក្រហម​ប្រទេស​ជា​មិត្ត កាកបាទក្រហមកម្ពុជា​ក៏បានផ្ដល់​ថវិកា​ចំនួន ៥ ម៉ឺន​ដុល្លារ​ជួយ​អ្នករងគ្រោះ​ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ​និង​ជួយ ៥ ម៉ឺន​ដុល្លារ​ដល់​អ្នករងគ្រោះ​ដោយ​គ្រោះ​រញ្ជួយ​ដី​និង​ស៊ូ​ណា​មី នៅ​ឥណ្ឌូណេស៊ី​។​
​ ​
មូលនិធិ​ដែល​កាកបាទក្រហមកម្ពុជា​ទ​ទួលបាន​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ទាំង​នៅ​ថ្នាក់កណ្តាល​ទាំង​នៅ​សាខា​ជា​រៀងរាល់ឆ្នាំ​បាន​ជួយ​ឲ្យ​កាកបាទក្រហមកម្ពុជា​មាន​ធនធាន​ធ្វើ​ប្រតិបត្តិការ​បំពេញបាន​យ៉ាង​សក្តិ​សមជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​រួមចំណែក​ដោះស្រាយ​បញ្ហា​អាទិភាព​ក្នុង​សង្គមជាតិ​ជាពិសេស​ក្នុងការ​សង្គ្រោះ​ជីវិត​កសាង​ភាព​ធន់​មាំ​ទៅនឹង​គ្រោះមហន្តរាយ​និង​វិបត្តិ​ភ័យ​ផ្សេងៗ​ការកាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​នៃ​មាតា​និង​កុមារ​ការការពារ​ជំងឺឆ្លង និង​អន្តរាគមន៍​សុខភាព​សាធារណៈ​គ្រាអាសន្ន ការលើកកម្ពស់​គោលការណ៍​គ្រឹះ​តម្លៃ​មនុស្សធម៌​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​និង​វប្បធម៌​អហិង្សា​និង​ការពង្រឹង​សមត្ថភាព​កាកបាទក្រហមកម្ពុជា​។​
​ ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានធ្វើ​ការអំពាវនាវ​ដល់​សម្តេច ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា មន្ត្រីរាជការ​ក​គ្រប់លំដាប់​ថ្នាក់​សប្បុរស​ជន​បងប្អូន​រួម​ជាតិ​គ្រប់​មជ្ឈដ្ឋាន​សូមមេត្តា​បន្ត​ចូលរួម​ជា​កម្លាំង​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា​ជួយ​សម្រាល​ទុក្ខលំបាករ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ដែលជា​រួមមាន​អ្នករងគ្រោះ​មហន្តរាយ​ផ្សេងៗ​ជនពិការ​ចាស់​ឥត​ទីពឹង​កុមារកំព្រា​ស្ត្រី​មេម៉ាយ អ្នក​ផ្ទុកមេរោគ​អេដស៍​។​ល​។ ជួយ​ដោះស្រាយ​កង្វះ​ទឹកស្អាត​នៅតាម​សហគមន៍​ជនបទ​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឆាប់រហ័ស​និង​ទាន់ពេលវេលា​ដោយ​ពុំមាន​ការរើសអើង បែងចែក​ពូជសាសន៍​ជំនឿ​សាសនា​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​
​ ​
សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានធ្វើការ​កត់សំគាល់ថា​៖​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ជិត​១៤​ម៉ឺន​គ្រួសារ​បានទទួល​ការជួយ​សង្គ្រោះ​ពី​កាកបាទក្រហមកម្ពុជា​ហើយ​សម្ដេច​បាន​វាយតម្លៃថា សកម្មភាព​សប្បុរសធម៌​នេះ​គឺជា​សកម្មភាព​ដ៏​អង់អាច​ក្លាហាន​របស់​កាកបាទក្រហម​។​
​ ​
សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា​៖«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ការចូលរួម​របស់​កាក​បាទ​ក្រហម​កម្ពុជា​ដែល​សកម្មភាព​ទាំងអស់នេះ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ដល់​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ព្រោះថា ជនរងគ្រោះ​ត្រូវការ​ជំនួយ​ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​»​។
​ ​
សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ការកោតសរសើ​រ​ចំពោះ​យុវជន​កាកបាទក្រហម​កម្ពុជា​ដែលមាន​បណ្ដាញ​នៅ​គ្រប់ទិសទី​ទាំងអស់​នៃ​សាខា​កាកបាទក្រហមកម្ពុជា​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ដែល​ឃើញ​ខ្ញុំ​អាច​ចាត់ទុកថា​ជា​បណ្ដាញ​ព័ត៌មាន​ដែល​ឆាប់រហ័ស​ឆ្លើយតប​ជាមួយនឹង​អ្វី​ដែលជា​កង្វល់​ហើយ​ដែលជា​បញ្ហា​ត្រូវ​ដោះស្រាយ​បន្ទាន់​ទាក់ទង​ជាមួយនឹង​តម្រូវការ​នៃ​ការជួយ​សង្គ្រោះ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​អំណរ​ព្រះ​គុណ​ព្រះមហាក្សត្រ​ខ្មែរ​និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ជាមួយ​កាកបាទក្រហមកម្ពុជា និង​តែងតែបាន​យាង​ចុះជួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​។ ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ​ក៏​ក្លាយទៅជា​ព្រះរាជ​គំរូ​សម្រាប់​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ក៏ដូចជា​សប្បុរសជន​នានា​និង​មន្ត្រី​ថ្នាក់ក្រោម​របស់​យើង ។ សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ជួយ​ដល់​កាកបាទក្រហមកម្ពុជា​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu