Ad Code

ការិយាល័យ​ឥណទាន​កម្ពុជា​នឹងដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​នៅ​ចុងខែ​នេះ​ ឬ​ ដើមខែ​ក្រោយ



ភ្នំពេញ​ ៖​ ការិយាល័យ​ឥណទាន​កម្ពុជា​ ដែល​ហៅ​កាត់​ថា ​ស៊ី​ប៊ី​ស៊ី​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​ ឬ​ ក្រុមហ៊ុន​នៅ​ចុងខែ​នេះ​ ឬ​ ដើមខែ​ក្រោយ​ដើម្បី​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ស្តី​ពី​ក្រុមហ៊ុន​នានា​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។



លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណទាន​កម្ពុជា​មានប្រសាសន៍​ថា​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​ ឬ​ ក្រុមហ៊ុន​នេះ​អាច​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​ធនាគារ​ដឹង​ព័ត៌មាន​ផ្សេងៗ​ទាក់ ទង​នឹង​ពី​ប្រវត្តិ​ក្រុមហ៊ុន ការចុះបញ្ជី​កា អាសយដ្ឋាន ពិសេស​ប្រវត្តិ​នៃ​ការ​ខ្ចី​ប្រាក់​និង​ការ​សង​ប្រាក់​ជាដើម​។



ថ្លែង​ក្រោយ​ចូលរួម​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ឥណទាន​នៅ​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃទី​០៣​ខែឧសភា ​ឆ្នាំ​២០១៩ ​នៅ​សណ្ឋាគារ​ភ្នំពេញ ​លោក​បាន​បន្ត​ថា ​ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​នេះ​ ក៏​អាច​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ ធនាគារ​អាច​ធ្វើ​ការសម្រេច​ចិត្តបាន​ត្រឹមត្រូវ​និង​សុក្រិត្យ​ជាង​មុន​ នឹង​សម្រេច​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ដែល​ស្នើសុំ​ប្រាក់កម្ចី​ពាណិជ្ជកម្ម​ផងដែរ​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​បាន​បន្ថែម​ទៀត​ថា ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​នឹង​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​ទទួល​បាន​ពិន្ទុ​ល្អ​ថែមទៀត​ ក្នុង​ផ្តល់​សេវា​ឥណទាន​របស់​ធនាគារ​ពិភពលោក​ខណៈ​ឆ្នាំមុន​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២២​ក្នុងចំណោម​ប្រទេស​១៩០​នៅ​លើ​ពិភពលោក​។



លោកស្រី​ជា​សេរី ប្រធាន​ការិយាល័យ​ឥណទាន​កម្ពុជា​និង​ជា​អគ្គនាយក​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា «​នៅពេល​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​ដំណើរការ​ពេញលេញ​វា​នឹង​ជួយ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​ភាគី​ពាក់ព័ន្ធ​ឲ្យ​ទទួល​បាន​នូវ​ព័ត៌មាន​ឥណទាន​ពេញលេញ​របស់​បុគ្គល​ទាំងឡាយ​ដែល​ដាក់ពាក្យ​ស្នើសុំ​ប្រាក់កម្ចី​ពាណិជ្ជកម្ម​នៅក្នុង​ទីផ្សារ​នេះ​។​ ជាង​នេះ​ទៅ​ទៀត​ក៏​មាន​សារៈសំខាន់​ផង​ដែរ​ សម្រាប់​ធនាគារ​កណ្តាល​តាមដាន​មើល​ទីផ្សារ​ទាំងមូល​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​»​។



លោក​បណ្ឌិត​អ៊ិន ចាន់នី​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​សង្ឃឹមថា ​ប្រព័ន្ធ​នេះ​នឹង​ជួយ​ឲ្យ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ដែល​ដាក់ពាក្យ​ប្រាក់កម្ចី​ពាណិជ្ជកម្ម​កាន់តែច្រើន​ថែមទៀត​ខណៈ​បច្ចុប្បន្ន​ភាគច្រើន​ខ្ចី​ជា​លក្ខណៈ​ឯកត្តបុគ្គល​ប៉ុណ្ណោះ​។

លោក​ខាយ ខេ​ល​ហូ​ហ្វ័​រ នាយក​គ្រប់គ្រង​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ​និង​វៀតណាម​បាន​មានប្រសាសន៍ថា ​ប្រព័ន្ធ​នេះ​នឹង​មាន​តម្លៃ​សម្រាប់​ការពង្រីក​ហិរញ្ញវត្ថុ​ធុរកិច្ច​នៅ​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព​ និង ​បរិ​យា​ប័ន្ន​ពិសេស​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu