Ad Code

ទីបំផុត ពន្លឺយុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​មាន​សង្ឃឹម​ឡើងវិញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន បញ្ជា​ឲ្យ​ចាប់ខ្លួន ឌួង ណាគ្រី បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាមច្បាប់



ភ្នំពេញ ៖ សម្រែក​អយុត្តិធម៌​ពី​មហាជន បាន​បន្លឺ​ឡើង​យ៉ាង​កង​រំលង​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុ​ក ក្រោយពី​ទទួល​ព័ត៌មាន​ថា សមត្ថកិច្ច​បាន​បញ្ជូន​លោក ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ទៅកាន់​នាយកដ្ឋាន​តម្រួត​បទបញ្ជា ដើម្បី​ដាក់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ទៅវិញ ដោយ​មិនបាន​ចាត់វិធានការ​ផ្លូវច្បាប់​ឡើយ ប៉ុន្តែ​ពេលនេះ ពន្លឺយុត្តិធម៌​សម្រាប់​ជនរងគ្រោះ​មាន​សង្ឃឹម​ឡើងវិញ​ហើយ ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​ជនបង្ក ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាមច្បាប់​។



តាម​ប្រភព​ច្បាស់ការ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​ចាប់​បញ្ជូន អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួង ណាគ្រី ទៅកាន់​តុលាការ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​មាន​ប្រសាសន៍​ប្រាប់​យ៉ាង​ដូច្នេះ​ថា “​នៅពេលនេះ ខ្ញុំ​បាន​បញ្ជា​ឲ្យ​នាំខ្លួន ឌួង ណាគ្រី ទៅកាន់​ព្រះរាជអាជ្ញា ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ​នៅ​បន្ដិច​ទៀត​នេះ​”​។



សូម​បញ្ជាក់​ថា លោក​វរសេនីយ៍ទោ (​ស័ក្តិ​៤​កន្លះ​) ឌួង ណាគ្រី មាន​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ ក្នុង​អាការៈ​ស្រវឹង​បាន​បើករថយន្ដ​ម៉ាក Lexus RX350 ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប 2B-5153 តាម​រក​រឿង​ជនរងគ្រោះ ២​នាក់​ប្ដី​ប្រពន្ធ បើក​រថយន្ដ​ម៉ាក Rang Rover ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-4448 តាំង​ពីមុខ​មជ្ឈមណ្ឌល​រ៉ុ​ក រហូត​ទៅដល់​ក្បែរ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ស្រាប់តែ​ចុះ​ពីលើ​រថយន្ដ​ទាញ​កាំភ្លើងខ្លី បាញ់​ទៅលើ​រថយន្ដ​ជនរងគ្រោះ ៥​គ្រាប់​ជាប់ៗ​គ្នា បណ្ដាល​ឲ្យ​ខូចខាត​កញ្ចក់​ខាងក្រោយ ប៉ុន្ដែ​សំណាងល្អ​មិន​បង្ក​ឲ្យ​ជនរងគ្រោះ​ទាំង​២​នាក់ ប៉ះពាល់​អាយុជីវិត គ្រាន់តែ​ស្ដ្រី​ជា​ប្រពន្ធ​ភ័យ​ពេក បាន​ដួលសន្លប់​ដឹក​ភា្ល​មៗ ទៅកាន់​មន្ទីរពេទ្យ​។



ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣៦៣ ស្ថិតនៅ​ចំណុច​អធិការ​ខណ្ឌ​ច្បារអំពៅ ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ឈ្មោះ ភូ​រិ​ស្ស ស្តូ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។



ចំណែក​ជន​បង្ក ឈ្មោះ ឌួង ណាគ្រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ជា​អនុប្រធាន នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​៩៤៣ ផ្លូវ​៣៦០ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។



តាម​ដំណើររឿង ជន​បង្ក និង​ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​ឈ្លោះ​ប្រ​កែក​គ្នា​តាំង​ពីមុខ​មជ្ឈមណ្ឌល​កំ​សាន្ត​រ៉ុ​ក រហូត​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ទី​ដែល​ជន​នេះ​បាន​ចុះ​ពីលើ​រថយន្ត បាញ់​ទៅលើ​រថយន្ត​ជនរងគ្រោះ​ពីក្រោយ​តែម្តង​ចំនួន​៥​គ្រាប់​។ ក្រោយ​បាញ់​ហើយ ជនបង្ក​រូបនេះ បាន​បើករថយន្ត​គេចខ្លួនបាត់ តែមួយ​សន្ទុះ​ក្រោយមក បាន​បើករថយន្ត​មក​កន្លែងកើតហេតុ ក៏ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​តែម្តង​។ តែ​ក្រោយមក លោក សែម សុ​តាន់ ប្រធាន​នាយកដ្ឋាន​តម្រួត​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ក៏បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក ឌួង ណាគ្រី ត្រូវបាន​បញ្ជូន​មកដល់​កន្លែង​របស់លោក​ហើយ ដើម្បី​ដាក់​វិន័យ​កងកម្លាំង​នគរបាលជាតិ មិនបាន​ចាត់វិធានការ​តាមច្បាប់​ទេ​។



ព័ត៌មាន​នេះ បាន​ឲ្យ​ធ្វើ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​អ្នកច្បាប់ និង​អ្នកនយោបាយ ក៏ដូចជា​មហាជន​ទូទៅ​។



លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ចេញ​ប្រតិកម្ម​ថា “​ការដាក់វិន័យ​ចំពោះ​កំហុស​របស់​មន្ត្រីនគរបាល​ណា​ម្នាក់ មិន​រារាំង​ដល់​ការអនុវត្ត​ច្បាប់ របស់​ស្ថាប័ន​តុលាការ​ទេ ប្រសិនបើ​កំហុស​នោះ​ជា​អំពើ​ល្មើស​ព្រហ្មទណ្ឌ​”​។



ចំណែក​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​បាន​លើកឡើង​ថា នៅ​កម្ពុជា​គួរ​ដល់ពេល​អនុវត្ត​ច្បាប់​ស្តង់ដារ​តែមួយ​ហើយ គឺ​មិន​អាច​ធ្វើ​ឲ្យ​ច្បាប់​ថយអំណាច​នោះ​ទេ ហើយ​រឿង​បាញ់បោះ​សេរី​កន្លងមក គឺ​ទាំង​ឧកញ៉ា និង​ទាំង​អ្នកធំ គឺ​ត្រូវ​បាន​អនុវត្ត​ច្បាប់​នៅក្នុង​ពន្ធនាគារ ក៏ប៉ុន្តែ​ហេតុអ្វី​លោក ឌួង ណាគ្រី ដែល​ប្រើ​អាវុធ​រហូតដល់​ប៉ង​សម្លាប់​ពលរដ្ឋ បែរជា​មិន​ជាប់គុក​ទៅវិញ? បើសិនជា​អ្នក​អនុវត្ត​ច្បាប់​ធូររលុង​របៀប​នេះ គឺ​ស្មើនឹង​បើកដៃ​ឲ្យ​ពួក​ឧក្រិដ្ឋជន​ធ្វើ​អ្វីៗ តាម​ទំនើងចិត្ត ហើយ​ពលរដ្ឋ​រស់​ក្នុង​ភាព​ភ័យខ្លាច​សង្គម​នឹង​ក្លាយទៅជា​អសន្តិសុខ ហើយ​អំពើ​អយុត្តិធម៌​នឹង​កើត​ពាសពេញ ផ្ទៃ​ប្រទេស​មិន​ខាន​ឡើយ​។ ជាពិសេស​ការ​គំរាមកំហែង​ដល់​ពលរដ្ឋ​ទន់ខ្សោយ​ពី​សំណាក់​អ្នក​មាន​អំណាច​នឹង​បន្ត​កើតមាន​មិន​ឈប់ឈរ ដោយសារ​ច្បាប់​គ្មាន​ឥទ្ធិពល​លើ​ជនពាល និង​អ្នកមានអំណាច​។



ចំណាត់ការ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នេះ បានធ្វើ​ឲ្យ​មានការ​សាទរ​យ៉ាង​ខ្លាំង​ពី​មហាជន ជាពិសេស​ក៏​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ជូន​ជនរងគ្រោះ ដែល​រង​ការបាញ់ប្រហារ​ប៉ុនប៉ង​សម្លាប់​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ផងដែរ​៕






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu