Ad Code

អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា Keisuke Honda នឹង​ចាក​ចេញពី Melbourne Victory ក្រោយ​ចប់​រដូវ​កាល​នេះ



តារាបាល់ទាត់​អន្តរជាតិ​របស់​ជប៉ុន​និង​ជា​ម្ចាស់​ភាគហ៊ុន​ពាក់កណ្តាល​របស់​ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ (Soltilo Angkor FC) ក្នុង​លី​គ​កំពូល​កម្ពុជា ព្រមទាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា គឺ Keisuke Honda បានសម្រេច​ចិត្តនឹង​ចាកចេញ​ពី​ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល​អូស្ដ្រាលី Melbourne Victory ក្រោយ​ចប់​រដូវ​កាល​ឆ្នាំ​២០១៩​នេះ​។

សូម​បញ្ជាក់​ថា ​បុរស​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ បាន​ចុះ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្លិប Melbourne Victory នៅ​ប្រទេស​អូស្ត្រាលី កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ខណៈ​រូបគេ​ធ្លាប់​បាន​រក​៣៧​គ្រាប់ និង​លេង​បាន​៩៨​ប្រកួត​ឲ្យ​ជម្រើសជាតិ​ជប៉ុន​។ រូបគេ​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ​ក្រោយ 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ី ចប់​នៅពេល​ក្រុម​ជម្រើសជាតិ​ជប៉ុន​ធ្លាក់នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។



កីឡាករ Honda បាន​ប្រាប់​សារព័ត៌មាន​របស់​អូស្ត្រាលី​ថា «​ខ្ញុំ​មិនទាន់​ដឹង​ប្រកា​ដ​ថា នឹង​លេង​នៅទីណា​ឡើយនា​រដូវ​កាល​បន្ទាប់​នេះ ប៉ុន្តែ​ខ្ញុំ​បានដឹង​មក​ហើយ​ថា​ខ្ញុំ​ស្នាក់នៅ​ទីនេះ​តែមួយ​រដូវ​កាល​ប៉ុណ្ណោះ​។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា មិន​មាន​នរណា​ម្នាក់​ភ្ញាក់ផ្អើល ឬ​នរណា​ម្នាក់​អន់ចិត្ត​ឡើយ​»​។ គិត​ត្រឹម​ពេលនេះ Honda ត្រូវ​ជួយ​ក្រុម​ក្នុង​ទីក្រុង Merlburn ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ដណ្តើម​ជើងឯក​រដូវ​កាល​ឆ្នាំ​២០១៩​សិន​មុន​ផុត​កិច្ចសន្យា​។ កីឡាករ​រូប​នេះ​មាន​ជំនួញ​ផ្សេងៗ​ជាច្រើន​ក្រៅពី​អាជីព​បាល់ទាត់​របស់ខ្លួន ខណៈ​គេ​ក៏មាន​សាលា​បាល់ទាត់​បង្ហាត់​គិតថ្លៃ​ផងដែរ​។ យ៉ាងណាក្តី​ទោះបី​ជា​មាន​អាជីវកម្ម​ផ្សេង​ក៏ដោយ​តែ​គេ​នៅ​មិនទាន់​នឿយណាយ​ពី​អាជីព​បាល់ទាត់​នោះទេ ស្របពេល​អាយុ​របស់ខ្លួន​ក៏​កាន់តែ​ជ្រេ​ណាស់​ទៅហើយ​។

​កីឡាករ Keisuke Honda បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​នៅក្នុង​ក្លិប Nagoya Grampus ក្នុងប្រទេស​កំណើត​រប​ស់​ខ្លួន​ចាប់ពី​ឆ្នាំ ២០០៤ ដល់​២០០៧ ស្របពេល​នៅ​ឆ្នាំ​២០០៧ ដល់​២០០៩ ផ្លាស់​ទៅលេង​ក្នុង​ក្លិប VVV-Venlo ក្នុង​ប្រទេស​ហុ​ល្លង់ ហើយ នៅ​ឆ្នាំ ២០០៩ ដល់ ២០១៣ បាន​ផ្លាស់​ទៅកាន់​ក្លិប CSKA Moscow របស់​ប្រទេស​រុស្សី មុន​ផ្លាស់​ទៅកាន់ AC Milan របស់​អ៊ីតាលី នៅ​ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ​២០១៦ ខណៈ​រដូវ​កាល​២០១៧​ប្តូរ​ទៅលេង​នៅ​ក្លិប Pachuca លី​គ​កំពូល​ប្រទេស​ម៉ិចស៊ីកូ មុន​សម្រេច​ទៅ​បន្ត​អាជីព​នៅ​ក្លិប​Melbourne Victory នៅ​ឆ្នាំ​២០១៨​ដល់​បច្ចុប្បន្ន​។

​បើ​និយាយ​ពី​ក្នុង​ឈុត​ជម្រើសជាតិ​វិញ Honda បាន​ជាប់​ក្នុង​ឈុត​អាយុ​ក្រោម​២០ ឆ្នាំ (U-20) កាលពី​ឆ្នាំ​២០០៥ ហើយ​ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០០៨ បាន​ចូលរួម​ជាមួយ​ក្រុម U-23 ជប៉ុន និង​ចាប់ពី​ឆ្នាំ ២០០៨ ដល់​បច្ចុប្បន្ន​ជាប់​ក្នុង​ជម្រើសជាតិ​ជប៉ុន​ឈុត​ធំ​។ ក្នុង​នោះ​គេ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ឯកត្តជន​ជាច្រើន​ទាំង​ក្នុង​ប្រទេស ប្រចាំ​តំបន់​ទ្វីបអាស៊ី និង​កម្រិត​ពិភពលោក​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu