ព្រះសីហនុ ៖ រថយន្តដឹកស៊ីទែនទឹកមួយគ្រឿង បើកបុករថយន្តដឹកទូកុងតឺន័រ បើកឆ្លងផ្លូវ លាន់ឮដូចរន្ទះបាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះយ៉ាងខ្លាំង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លើផ្លូវវិថីផែ ត្រង់ចំណុចមុខកំពង់ផែ ច្រក៣ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តកុងតឺន័រ មានការភិតភ័យ បានរត់គេចខ្លួនបាត់ ដោយឡែកខាងភាគីរថយន្តដឹកទឹកសាប ទាំងតៃកុង និងព្រូ បានរងរបួស សមត្ថកិច្ចបានបញ្ជូនទៅបង្គោះបន្ទាន់នៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្តHYUNDAI ពណ៌ស ដឹកទឹក១គ្រឿង ពាក់ស្លាកលេខភ្នំពេញ3D-2039 បើកបរដោយឈ្មោះ ស៊ន ចាន់រស្មី ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ អ្នកបើកបរដឹកទឹកលក់ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ ឈ្មោះ នៅ ចន្ថា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ បើកក្នុងទិសដៅពីកើត ឆ្ពោះទៅលិច លុះដល់ចំណុចកើតហេតុ រថយន្តគាត់បានបុកពីចំហៀងរថយន្តដឹកកុងតឺន័រ ១គ្រឿងម៉ាក HYUNDAI ពណ៌ស+បៃតង ពាក់ស្លាកលេខភ្នំពេញ3B-8568 ក្រុមហ៊ុន EL បើកបរដោយឈ្មោះ ផន ឡូយ មានទិសដៅឆ្លងកាត់ផ្លូវ ពីជើង បត់ស្តាំទៅលិច។
សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នករងរបួសទាំង២នាក់នេះមាន ៖
១-ឈ្មោះ ស៊ន ចាន់រស្មី អ្នកបើកបររថយន្តដឹកទឹក រងរបួសមធ្យម។
២-ឈ្មោះ នៅ ចន្ថា អ្នករួមដំណើរលើរថយន្តដឹកទឹក រងរបួសមធ្យម។ អ្នករងរបួសទាំងអស់គ្នា ត្រូវបានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើ។
បច្ចុប្បន្ន រថយន្តទាំង២គ្រឿងនេះ សមត្ថកិច្ចបានចាត់ចែងយកយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments