Ad Code

បញ្ហា​ប្រឈម​កង្វះខាត​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ភូមិ​សា​ម៉​ល ​ចោទ​ជា​បញ្ហា​ទៀត​ហើយ​



​រតនគិរី ៖ ពលរដ្ឋ​ក្នុង​ភូមិ​សា​ម៉​ល ស្ថិតនៅ​ឃុំ​ស៊ើង​ ស្រុក​បរ​កែវ ​បាន​សម្ដែង​នូវ​ទឹកចិត្ត​សប្បាយ​រីក​រាយ ខណៈ​ដែល លោក ថង​សាវុន អភិបាលខេត្ត​រតនគិរី បាន​ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នាំ​យក​ទឹក​ផ្តល់ជូន​ពួកគាត់​ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ​ខែ​មេសា ​ឆ្នាំ​២០១៩។

លោក ហេង ប៊ុ​ន្នី អភិបាលស្រុក​បរ​កែវ​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួលរង​នូវ​ឥទ្ធិពល អ៊ែ នី​ណូ បាន​ធ្វើ​ឲ្យ​អាកាសធាតុ​មាន​សភាព​ក្តៅ​ខ្លាំង​ ហើយ​ប្រការ​នេះ​ បានធ្វើ​ឲ្យ​អណ្ដូងទឹក​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​រីង​ស្ងួត ​និង​ប្រភពទឹក​នានា​ តាម​ភូមិ​ ក៏​រីងស្ងួត​ផងដែរ​ ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ប្រឈម​នូវ​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ជាក់ស្តែង​ប្រជាពលរដ្ឋ​ចំនួន​៦៤​គ្រួសារ ដែល​មាន​មនុស្ស​ជាង​២០០​នាក់​ ក្នុងភូមិ​សា​ម៉​ល ឃុំ​ស៊ើ​ង ក៏​រង​ទទួល​នូវ​ឥទ្ធិពល អ៊ែ នី​ណូ​នេះ​ផងដែរ​។

លោក​អភិបាលស្រុក​បន្តថា ​ឆ្លើយតប​នឹង​បញ្ហា​នេះ ​រដ្ឋបាល​ស្រុក​ បាន​ចុះជួយ​អន្តរាគមន៍​ចែក​ទឹក​ជូន​អ្នកភូមិ​សា​ម៉​ល​នេះ ​ចំនួន​២​លើក​រួចមកហើយ​។​

​លោក ថង សាវុន មានប្រសាសន៍ថា ទឹក​ដែល​ដឹក​យក​មក​ផ្តល់ជូន​ប្រជាពលរដ្ឋ​ភូមិ សា​ម៉​ល​នេះ​ចំនួន​ជាង​២​ម៉ឺន​លីត្រ ដោយ​យើង​ធ្វើការ​ស្តុក​ក្នុង​អាង​តង់​ចំនួន​៥​អាង ​ទុក​សម្រាប់​ឲ្យ​​អ្នកភូមិ​ប្រើ​ប្រាស់​តាម​តម្រូវការ។

លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក​ សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ពិនិត្យ​លទ្ធភាព​ស្តារ​អណ្តូង​ទឹក​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​ រិះរក​មធ្យោបាយ​ទាញ​យក​ទឹក​ពី​ប្រភព​ទឹក​នានា​ ដែល​មិនទាន់​រីងស្ងួត ​នៅ​មូលដ្ឋាន​នេះ​ មក​ជូន​ប្រជាពលរដ្ឋ​ ជាពិសេស​ត្រូវ​បន្ត​ចាត់ចែង​ក្រុមការងារ ចុះ​តាមដាន​ត្រួតពិនិត្យ​ពី​កង្វះខាត​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ផ្សេងៗ​ទៀតហើយ​បើ​មាន​បញ្ហា​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ត្រូវ​អន្តរាគមន៍​ភ្លាមៗ​។​

នៅក្នុង​ឱកាស​នេះ ​លោក ថង សាវុន ក៏បាន​ចុះ​ពិនិត្យ​ប្រភព​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ជា​បងប្អូន​ជនជាតិដើម​ភាគតិច ​ក្នុងភូមិ​ខាងលើនេះ​ផងដែរ​។​

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ ប្រជាពលរដ្ឋ​ជា​បងប្អូន​ជនជាតិដើម​ភាគតិច​មួយចំនួន​តូច ​ក្នុង​ខេត្ត​រតនគិរី​នៅតែ​រក្សា​ប្រពៃណី​ប្រើប្រាស់​ទឹក​អណ្ដូង​តូចៗ​តាម​ច្រប់​សម្រាប់​ប្រើប្រាស់​បរិភោគ​ និង​ចម្អិន​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ចំណែក​អណ្តូង​លូ អណ្ដូងស្នប់ ពួកគាត់​ប្រើប្រាស់​សម្រាប់តែ​ការ​មុជ​បោកគក់ តែ​ប៉ុណ្ណោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu