Ad Code

លោក​ចៅក្រម ហម ម៉េង​សែ សម្រេច​មិន​ឃុំខ្លួន​បុរស​ម្នាក់ ​ដែល​ពាក់ព័ន្ធ​សំណុំរឿង​ក្លែង​ឯកសារ



ភ្នំពេញ ​៖ ក្រោយពី​សាកសួរ នៅ​រសៀល​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩​ លោក​ចៅក្រម ហម ម៉េង​សែ បានសម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ នោះទេ​ ដោយ​ដាក់​ជននេះ ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។​

សូមបញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស ក្លែង​ឯកសារ និង​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង ប្រព្រឹត្តិ​កាលពី​អំឡុង ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ​។​

ពាក់ព័ន្ធ​ករណី​នេះ លោក​ណេ​ប សា​វី ជាដើម​បណ្តឹង បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បាន​ទិញ​ដី​ទំហំ ៧​ហិកតា មាន​ទីតាំងនៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ ពី​ឈ្មោះ វ៉ា វិបុល កាលពី​អំឡុង​ឆ្នាំ​២០០៦ ដោយមាន​ភូមិ​ឃុំ​ដឹងលឺ និង​មាន​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ត្រឹមត្រូវ​។​

លោក​បន្តថា ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានចេញ​លិខិត ស​.​ជ​.​ណ មួយ​តាម​សំណើ​​របស់លោក​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ខាងលើ ដើម្បី​ឈូសឆាយ តាម​ការពិនិត្យ និង​កំណត់​ផ្ទាល់​របស់​មន្ត្រី​ជំនាញ​របស់​សាលាខេត្ត​។ បន្ទាប់ពី​បាន​លិខិត​របស់​អភិបាលខេត្ត​លោក​បាន​លក់​អាចម៍​ឲ្យ​ក្រុមហ៊ុន​ជាច្រើន រាប់ម៉ឺន​រថយន្ត​។​

​ស្រាប់តែ​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ លោក ផៃ ប៊ុន​វណ្ណៈ អតីត​អភិបាលរង​ខេត្ត​ព្រះសីហនុ ចេញ​លិខិត ស​.​ជ​.​ណ ឲ្យ​ឈ្មោះ គាំ សារិទ្ធ មាន​សិទ្ធិ​ជីក​យក​អាចម៍ដី​នៅ​លើដី​របស់លោក​ទៅវិញ​។ ប៉ុន្តែ​ដោយសារ​លោក​មាន​ឯកសារ​បញ្ជាក់ថា ជា​ម្ចាស់​ដី​ពិតប្រាកដ​ទើប​លោក​ប្តឹងទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ទប់ស្កាត់​មិន​ឲ្យ​ឈ្មោះ គាំ សារិទ្ធ ចូលធ្វើ​អ្វី​លើដី​នោះបាន​។​

​លុះដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ឈ្មោះ គាំ សារិទ្ធ បានចេញ​លិខិត​ធ្វើ​អំណោយ​ដី​របស់លោក​ខាងលើ​ទៅ​ឲ្យ​ឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ វិញ​។​

​ចាប់ពីពេលនោះ​មក ឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ និង​បក្ខពួក​តែងតែ​បំពាន​ចូលកាន់​កាប់​ដី​របស់លោក និង​ប្តឹង​លោក​ជា​ម្ចាស់​ដី​ទៅ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ស្ទើរ​គ្រប់កន្លែង​រហូតមក​។​ដោយ​លោក​មាន​ឯកសារ​គ្រប់គ្រាន់​ទើប​លោក​អាច​ប្តឹង​ឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ ចូលទៅ​ក្រសួងមហាផ្ទៃ និង​រហូត​តុលា​ការចេញ​ដីកា​ឲ្យ​នាំខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ​ទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

​ដោយឡែក​បើ​យោងតាម​ឯកសារ​ដែល​អ្នកសារព័ត៌មាន​ទទួលបាន​នោះ គឺ​ឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ និង​ឈ្មោះ ចាន់ វណ្ណ​និ​ត បានធ្វើ​លិខិត​សុំ​អភ័យទោស​មួយច្បាប់ គោរព​ជូន​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដោយមាន​លោក​មេធាវី ណា​ច ទ្រី ចុះហត្ថលេខា និង​បោះត្រា​លើ​លិខិត​នោះ​ផង​។​

​ខ្លឹមសារ​របស់​លិខិត​សុំ​អភ័យទោស​នោះ បាន​បញ្ជាក់ថា ឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ និង​ឈ្មោះ ចាន់ វណ្ណ​និ​ត បាន​រំលោភ​ចូលកាន់​កាប់​ដី​ទំនាស់​ខាងលើ ជា​ដី​ស្របច្បាប់ របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​បាន​ទិញ​តាំងពី​ឆ្នាំ​១៩៩៣ ដោយមាន​ប្លង់​កាន់កាប់​ត្រឹមត្រូវ​។​

​ទោះជា​យ៉ាងណា សំណុំរឿង​ដីធ្លី​ដ៏​ចម្រូងចម្រាស​នេះ ធ្វើ​ឲ្យ​មហាជន​ងឿងឆ្ងល់​ថា ហេតុអ្វី ដំបូង​ឡើយ​មានឈ្មោះ គាំ សារិទ្ធ ចេញមុខ​អះអាងថា​ខ្លួន​ជា​ម្ចាស់​ដី និង​តតាំង​ជាមួយ​ឈ្មោះ ណេ​ប សា​វី​។ បន្ទាប់មក​ក៏​ចេញ​ឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ និង​បក្ខពួក ខិតខំ​ចេញមុខ​អះអាងថា​ពួកគេ​ជា​ម្ចាស់​ដី និង​ប្តឹង​ឈ្មោះ ណេ​ប សា​វី​។ ចុងក្រោយ​ហេតុអ្វី​បានជា​ឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ និង​ឈ្មោះ ចាន់ វណ្ណ​និ​ត សុខចិត្ត​ធ្វើលិខិត​សុំ​អភ័យទោស​លោក​ឧកញ៉ា លី យ៉ុង​ផាត់ និង​ព្រម​ប្រគល់​ដី​ទាំងអស់​ជូន​លោក​ឧកញ៉ា​ងាយៗ​ម្ល៉េះ​? ៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu