ក្រុមឃ្លាំមើលអាមេរិកបាននិយាយនៅថ្ងៃពុធថា យោធាអាមេរិកបានបញ្ឈប់ការតាមដានលើទឹកដីដែលត្រួតត្រានិងទទួលឥទ្ធិពលដោយរដ្ឋាភិបាលនិងក្រុមសកម្មប្រយុទ្ធអាហ្វហ្គានីស្ថានខណៈស្ថានភាពសន្តិសុខនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះកាន់តែអាក្រក់ទៅៗ។
រឿងនេះបានកើតឡើងខណៈដែលមន្ត្រីអាមេរិកនិងក្រុមតាលីបង់បានរៀបចំកិច្ចចរចាជាច្រើនលើកក្នុងគោលបំណងធានាឲ្យមានការចាកចេញដោយសុវត្ថិភាពសម្រាប់កងកម្លាំងអាមេរិក។
ក្រុមតាលីបង់បានប្រកាសចាប់ផ្តើមការវាយលុកនិទាឃរដូវកាលពីដើមខែមេសា។ សូម្បីមុនការប្រកាសនោះក៏ដោយ ការប្រយុទ្ធបានកើនឡើងខ្លាំងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះហើយកងទ័ពអាហ្វហ្គានីស្ថានរាប់រយនាក់ត្រូវបានសម្លាប់។
អគ្គអធិការកិច្ចពិសេសសម្រាប់ការស្តារប្រទេសអាហ្វហ្គានីស្ថានឡើងវិញ (SIGAR) បាននិយាយក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃអង្គារថា យោធាអាមេរិកបានប្រាប់ក្រុមឃ្លាំមើលថា ខ្លួនលែងតាមដានកម្រិតនៃការគ្រប់គ្រងឬឥទ្ធិពលដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកសកម្មប្រយុទ្ធបានគ្រប់គ្រងនៅក្នុងប្រទេសនេះទៀតហើយ។
លោកវរសេនីយ៍ឯក David Butler អ្នកនាំពាក្យកងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថានបាននិយាយថា ខណៈពេលដែលបេសកកម្ម Resolute Support (RS) លែងអនុវត្តការវិភាគទៀតហើយនោះ សហគមន៍ស៊ើបការណ៍បានធ្វើការវាយតម្លៃដោយឡែកលើស្រុកដែលគ្រប់គ្រងដោយរដ្ឋាភិបាលនិងក្រុមតាលីបង់។
របាយការណ៍ខែមករាបានបង្ហាញថា ស្រុកដែលស្ថិតនៅក្រោមការត្រួតត្រាឬឥទ្ធិពលរបស់រដ្ឋាភិបាលគឺមាន៥៣,៨ភាគរយខណៈស្រុកនៅសេសសល់ក្នុងប្រទេសនេះគឺត្រូវបានគ្រប់គ្រងឬប្រជែងដោយក្រុមតាលីបង់។
ក្រុមអ្នកជំនាញបាននិយាយថា ទង្វើដើម្បីបញ្ឈប់ការតាមដានទិន្នន័យសំខាន់នេះគឺគួរឲ្យព្រួយបារម្ភដោយសារតែទីក្រុងវ៉ាស៊ីនតោនបានកំណត់វិធានការស្ដង់ដារជាសាធារណៈដែលឥឡូវនេះពិបាកក្នុងការវាស់វែង៕ REUTERS
Source: Kampuchea Thmey Daily
0 Comments