រតនគិរី ៖ ក្មេងទំនើង២នាក់ យកដាវសាំម៉ូរៃ ដេញកាប់ចាក់គ្នាផ្អើលប្រជាពលរដ្ឋពេញក្នុងក្រុងបានលុង ដូចនៅក្នុងរឿងចិនហុងកុង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរទាំងសងខាង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនៅត្រង់ចំណុចកែងផ្ទះ លោកខាំ ខឿន ស្ថិតនៅក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្មេងទំនើង២នាក់ ១-ឈ្មោះ រ៉ុង សុសីហ៍ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (រងរបួសធ្ងន់) កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ២-ឈ្មោះ ឆៃ មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (រងរបួសធ្ងន់) កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន សម្ភព២៤ម៉ោង ដោយរងរបួសធ្ងន់ធ្ងរពេក ត្រូវបានដឹកបញ្ជូនបន្តទៅសង្គ្រោះនៅឯប្រទេសវៀតណាមផងដែរ។
ក្មេងទំនើង២នាក់នោះ សមត្ថកិច្ចមិនបានបញ្ជាក់ថា តើម្នាក់ណាជាអ្នកបង្កជម្លោះរឿងហេតុនេះមុន ពោល អ្នកទាំង២នាក់មានជម្លោះគ្នារឿងអ្វី?។
បច្ចុប្បន្ន កម្លាំងអធិការក្រុងបានលុង បានដកហូតដាវសាំម៉ូរៃ១ដើមជាវត្ថុតាង ហើយសមត្ថកិច្ចកំពុងធ្វើការតាមដានស្ថានភាពអ្នកជំងឺទាំង២នាក់ខាងលើនោះ និង ធ្វើការសាកសួរបំភ្លឺជុំវិញនៅកន្លែងកើតហេតុនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments