Ad Code

កុបកម្ម​ផ្ទុះឡើង​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចំពេល​មានការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ



ក្រុមបាតុករ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅតាម​ដងផ្លូវ​នៃ​រដ្ឋធានី​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​មានការ​លើកទឹកចិត្ត​ដោយ​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido ដែល​អំពាវនាវ​ឲ្យ​យោធា​ក្រោកឈរឡើង​ប្រឆាំង​លោក​ប្រធានាធិបតី Nicolas Maduro ស្របពេល​ដែល​លោក​និយាយថា លោក​បាន​កម្ចាត់​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​។​

ការប៉ុនប៉ង​ដែល​រៀប​ផែនការ​ដោយ​ប្រុងប្រយ័ត្ន​ដោយ​លោក Guaido ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ផ្នែក​យោធា​កាន់តែ​ច្រើនឡើង​បានប្រែក្លាយ​ទៅជា​កុបកម្ម​ខណៈពេលដែល​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​បាន​ហុយ​ឡើង​នៅ​ភាគ​ខាងកើត​ទីក្រុង Caracas​។​

នៅ​ល្ងាច​ថ្ងៃ​អង្គារ លោក Maduro បានប្រកាស​ជ័យជំនះ​លើ​ការបះបោរ​នេះ​ដោយ​អបអរសាទរ​ដល់​កង​កម្លាំងប្រដាប់អាវុធ​ចំពោះ​ការ​កម្ចាត់​ក្រុម​តូច​នេះ​ដែល​មានបំណង​ពង្រីក​អំពើ​ហឹ​ង្សា​។​

លោក Maduro បាន​និយាយ​ក្នុង​សុន្ទរកថា​មួយ​ដែល​ផ្សាយ​តាម​ទូរទស្សន៍​និង​វិទ្យុ​ថា “​រឿ​នេះ​ត្រូវតែ​ទទួលបាន​ការផ្តន្ទាទោស​។ រដ្ឋអាជ្ញា​នឹង​ចាប់ផ្តើម​កាត់ទោស​ព្រហ្មទណ្ឌ​សម្រាប់​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​បាន​ប្រព្រឹត្តឡើង​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ នីតិរដ្ឋ​និង​សិទ្ធិ​ចំពោះ​សន្ដិភាព​”​។​

លោក Guaido ត្រូវបាន​គាំទ្រ​ភ្លាមៗ​ដោយ​សហរដ្ឋអាមេរិក​ដែល​នៅ​ទីនោះ លោក​ប្រធានាធិបតី Donald Trump បាន​បង្ហោះ Twitter ថា ទីក្រុង​វ៉ាស៊ីនតោន​ឈរ​នៅ​ពីក្រោយ​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​និង​សេរីភាព​របស់​ពួកគេ​។​

គាត់​បាន​ប្រមូលផ្តុំ​អ្នកគាំទ្រ​របស់គាត់​ជាមួយនឹង​សារ​ជា​វីដេអូ​នាពេល​ព្រឹក​ព្រលឹម​ដែល​បង្ហាញ​គាត់​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ជា​លើកដំបូង​។ គាត់​បាន​និយាយថា គាត់​បាន​ត្រៀមខ្លួន​ជាច្រើន​ខែ​ដើម្បី​ជំរុញ​ឲ្យ​ចូលរួម​យុទ្ធនាការ​របស់គាត់​ដើម្បី​បណ្តេញ​លោក Maduro ។​

នៅក្នុង​វីដេអូ​នេះ មេដឹកនាំ​រដ្ឋសភា​អាយុ​៣៥​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ឃើញ​នៅ​ខាងក្រៅ​មូលដ្ឋាន​អាកាស La Carlota ដែលជា​កន្លែង​គាត់​ស្នើសុំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​នៅ​ខាងក្នុង​ចូលរួម​ជាមួយ​គាត់​។​

អ្វីដែល​កាន់តែ​ភ្ញាក់ផ្អើល​បន្ថែមទៀត​ក្នុង​វីដេអូ​នេះ​គឺ​ការបង្ហាញ​ខ្លួន​របស់​អ្នកប្រឆាំង​ដ៏​សំខាន់​ឈ្មោះ Leopoldo Lopez នៅ​ជិត​លោក Guaido ដោយ​និយាយថា ទាហាន​បាន​ដោះលែង​គាត់​ពី​ការឃុំខ្លួន​ក្នុងផ្ទះ​រយៈពេល​ច្រើន​ឆ្នាំ​។​

អ្នកគាំទ្រ​គណបក្សប្រឆាំង​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​ក្បែរ​មូលដ្ឋាន​អាកាស​ដោយ​មនុស្ស​ជាច្រើន​បាន​គ្រវីទង់ជាតិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ប៉ុន្តែ​ពួកគេ​ត្រូវ​ជួបប្រទះ​នឹង​ការបាញ់​កាំភ្លើង​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដោយ​ទាហាន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu