ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង ជាអភិបាល បានដាក់ផែនការនិងជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញដូចជា អាជ្ញាធរខណ្ឌ ធ្វើការស្ដារ លូ ក្នុងផែនការឆ្នាំ២០១៩ បើទោះបី នៅឆ្នាំ២០១៨ ផែនការស្ដារលូ យើងទទួលបានជោគជ័យគួរជាទីមោទនភាពក៏ដោយ។
ការដាក់ផែនការ និងជំរុញឲ្យមន្ទីរនិងអាជ្ញាធរពាក់ព័ន្ធធ្វើការស្ដារលូ ក្នុងផែនការឆ្នាំ២០១៩នេះ លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការស្ដារប្រឡាយ លូ ត្រូវតែធ្វើឡើងដោយប្រទាក់ក្រឡាគ្នាដើម្បី ឲ្យទឹកហូរបាន។ លើបញ្ហានេះ រដ្ឋបាលរាជធានីរបស់យើងបានកសាងស្ថានីយបូមទឹកជាច្រើនកន្លែង យើងបានធ្វើការប្រទានកម្ម ដីធ្លីឲ្យប្រជាពលរដ្ឋនៅស្ទឹងមានជ័យ ដើម្បីយើងអាចស្ថាបនាប្រឡាយរំដោះទឹកស្ទឹងមានជ័យ បើកមុខទឹក ដោះស្រាយ ការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ អង្គការចៃកា ក៏បាន ខិតខំដោះស្រាយជុំវិញបញ្ហាលិចលង់នេះផងដែរ ដោយអង្គការចៃការបានធ្វើប្រឡាយ លូ រំដោះទឹក តាំងពីជំហានទី១ រហូតដល់ជំហានទី៣ ហើយពេលថ្មីៗនេះអង្គការចៃកា ក៏បានបន្ត ជំហានទី៤បន្ថែមទៀត ដែលពិធីនោះបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើរបាយការណ៍ ស្ដីពីការស្តារលូ ប្រឡាយនៅក្នុងឆ្នាំ២០១៨ ដោយបញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយើងរៀបចំផែនការ នៃការស្តារលូ ប្រឡាយនៅក្នុងឆ្នាំ២០១៩ បន្តទៀត ធ្វើយ៉ាងណាអាចរំដោះទឹកបានជាអតិបរមា។
សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ផែនការស្ដារលោកនៅក្នុង៤ខណ្ឌ កណ្ដាលរាជធានីភ្នំពេញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការស្នាបូម លូ បានប្រវែង១៤១០៩១ម៉ែត្រ ក្នុងនោះ ខណ្ឌដូនពេញមានប្រវែង២៤៣៩០ម៉ែត្រ ខណ្ឌចំការមន ប្រវែង២៨០៦៨ម៉ែត្រ ខណ្ឌទួលគោក ប្រវែង២៨៨១៩ម៉ែត្រ និង ខណ្ឌ៧មករា មានប្រវែង២០៨១៤ម៉ែត្រ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ក្រោយពីការស្ដារលូ នៅក្នុងបួនខណ្ឌ មានខណ្ឌចំនួនពីរ មិនទទួលការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតទេ។ នោះគឺ ខណ្ឌចំការមន និងខណ្ឌ៧មករា។ ចំណែក២ទៀត ខណ្ឌដូនពេញ និងខណ្ឌទួលគោក អាចដោះស្រាយ បានមួយកម្រិត ពិសេសគឺការដោះស្រាយបាននៅខាងត្បូង ផ្លូវសហព័ន្ធរុស្ស៊ី ដោយនៅខាងជើងផ្លូវសហព័ន្ធរុស្ស៊ី មានការលិចលង់ដោយអន្លើ។ ចំណែកនៅខាងខណ្ឌដូនពេញវិញ គឺមានការលិចលង់ខ្លះនៅប៉ែកខាងជើងវត្តភ្នំ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ទីរសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការដោះស្រាយ ដើម្បីកាត់បន្ថយឲ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនេះហើយ៕
Source: Kampuchea Thmey Daily
0 Comments