Ad Code

ព្យុះសង្ឃរា​វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា



ព្យុះ​ស៊ីក្លូន Fani ដែលជា​ព្យុះ​ដ៏​ធំ​បំផុត​មួយ​ចេញពី​មហាសមុទ្រ​ឥណ្ឌា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​វាយប្រហារ​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​សុក្រ​ដោយបាន​ផ្តួលរំលំ​ដើមឈើ បំ​ប៉ើង​តូប​លក់​ម្ហូបអាហារ​និង​កាត់ផ្តាច់​អគ្គិសនី​និង​ប្រព័ន្ធ​ទឹកស្អាត​។​

ប្រព័ន្ធ​អាកាសធាតុ​ដ៏​ខ្លាំង​នេះ​បាន​នាំមក​ជាមួយនឹង​ខ្យល់​ក្នុង​ល្បឿន​១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅពេល​វា​បក់បោក​ចូលទៅក្នុង​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​។​

ក្រុម​អ្នក​ព្យាករណ៍​បាន​និយាយថា តំបន់​នេះ​អាច​ជួបប្រទះ​នូវ​ខ្យល់​ក្នុង​ល្បឿន​រហូតដល់​ទៅ​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​ស្មើរ​នឹង​កម្លាំង​ខ្យល់ព្យុះ​ប្រភេទ​ទី​៣​ដល់​ប្រភេទ​ទី​៤​។​
​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ អាជ្ញាធរ​នៅ​ទីក្រុង Odisha ដែលជា​កន្លែង​មនុស្ស​១០,០០០​នាក់​ស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន​ឆ្នាំ​១៩៩៩​គឺ​បាន​ជម្លៀស​មនុស្ស​ជាង​១​លាន​នាក់​។​

មនុស្ស​រាប់សែន​នាក់​ទៀត​នៅ​រដ្ឋ West Bengal ក៏ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​គេចខ្លួន​ផងដែរ​។ ក្រុម​ពិសេស​កំពុងធ្វើដំណើរ​តាម​ភូមិ​ទេសចរ​ដើម្បី​ជំរុញ​ឲ្យ​ភ្ញៀវទេសចរ​ទៅកាន់​កន្លែង​សុវត្ថិភាព​។​

ព្យុះ Fani ត្រូវបាន​គេ​រំពឹងថា​នឹង​សំដៅទៅ​ភាគ​ខាងកើត​ឆ្ពោះទៅ​រដ្ឋ West Bengal ហើយ​ឆ្ពោះទៅរក​ប្រទេស​បង់​ក្លា​ដែ​ស​តាម​គន្លង​របស់​វា​។​

ជម្រក​ប្រហែល​៣,០០០​កន្លែង​នៅតាម​សាលារៀន​និង​អគារ​រដ្ឋាភិបាល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ដាក់​មនុស្ស​ជាង​មួយ​លាន​នាក់​នៅក្នុង​រដ្ឋ Odisha​។ របាយការណ៍​បាន​និយាយថា កញ្ចប់​អាហារ​ស្ងួត​ជាង​១០០,០០០​កញ្ចប់​បាន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ទម្លាក់​ប្រសិនបើ​ចាំបាច់​។​

ខ្សែ​រថភ្លើង​ជាង​២០០​ខ្សែ​ត្រូវបាន​លុបចោល​នៅតាម​បណ្តោយ​ផ្លូវ​ឆ្នេរសមុទ្រ​។ ទោះបីជា​យ៉ាងណាក៏ដោយ រថភ្លើង​ពិសេស​ចំនួន​៣​ខ្សែ​កំពុង​រត់​ពី​ទីក្រុង Puri ដើម្បី​ជម្លៀស​អ្នកធ្វើ​ធម្ម​យាត្រា​និង​ភ្ញៀវទេសចរ​។​

ជើងហោះហើរ​ត្រូវបាន​លុបចោល​ក្នុង​និង​ក្រៅ​ទីក្រុង Bhubaneswar របស់​រដ្ឋ Odisha និង​ទីក្រុង Kolkata នៅ​រដ្ឋ West Bengal រហូតដល់​ថ្ងៃ​សៅរ៍​។​

កំពង់ផែ​ត្រូវ​បិទ​ប៉ុន្តែ​កងទ័ពជើងទឹក​ឥណ្ឌា​បាន​បញ្ជូន​នាវាចម្បាំង​ចំនួន​៦​គ្រឿង​ទៅកាន់​តំបន់​នោះ​ខណៈដែល​ក្រុមហ៊ុន​ផលិត​ប្រេង​និង​ឧស្ម័ន​ធំជាងគេ​របស់​ឥណ្ឌា ONGC បាន​ជម្លៀស​កម្មករ​ជិត​៥០០​នាក់​ចេញពី​ឈូង​សមុទ្រ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu