ភ្នំពេញ ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងបែបនេះ ខណៈអញ្ជើញធ្វើបាឋកថា នៅវិទ្យាស្ថានជាតិអប់រំ ស្ដីពី "កម្ពុជា ក្នុងដំណើរការ នៃការកសាងសហគមន៍អាស៊ាន" កាលពីព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៩។
មានប្រសាសន៍ទៅកាន់អ្នកចូលរួមនាព្រឹកនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ASEAN ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នាទីក្រុងបាងកក ប្រទេសថៃ តាមរយៈសេចក្តីថ្លែងការណ៍អាស៊ាន ដែលជាទូទៅត្រូវបានហៅថា "សេចក្តីថ្លែងការណ៍ទីក្រុងបាងកក" ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកចំនួន៥ ដែលរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ដែលជាស្ថាបនិកដំបូង។ តាមរយៈសេចក្តីថ្លែងការណ៍នេះ អាស៊ានមានគោលការណ៍រួមចំនួន៣ គឺទី, ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចវឌ្ឍនភាពសង្គមរក្សាសន្តិភាពនិងស្ថេរភាពតំបន់ ទី២, ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួមនៃប្រទេសជាសមាជិក ទី៣, ជាវេទិកាសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាក្នុងតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងទៀតថា ទសវត្សរ៍ឆ្នាំ១៩៦០ គឺជាទសវត្សរ៍ដែលពោរពេញទៅដោយជម្លោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពេលនោះសង្គ្រាមវៀតណាម កំពុងផ្ទុះឡើងយ៉ាងពេញទំហឹង ហើយអាមេរិក ចាប់ផ្ដើមទម្លាក់គ្រាប់បែកនៅភាគខាងកើតកម្ពុជា តាមបណ្ដោយព្រំដែនជាមួយវៀតណាម (ផ្លូវហូជីមិញ) ម៉ាឡេស៊ី និងហ្វីលីពីន កំពុងមានជម្លោះតានតឹងជាមួយគ្នា ហើយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏ឈ្លោះគ្នាផងដែរ។ នៅឆ្នាំ១៩៧៦ គឺ៩ ឆ្នាំក្រោយមក ទើបកិច្ចប្រជុំកំពូលអាស៊ានលើកទីមួយត្រូវបានរៀបចំឡើងនៅឆ្នាំ១៩៧៦ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលនៅពេលនោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាស្ថាបនិកទាំង៥ បានចុះហត្ថលេខាលើឯកសារគោលសំខាន់ៗចំនួន២របស់អាស៊ាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ផងដែរថា កម្ពុជាបានសម្រេចចូលជាសមាជិកអាស៊ានដោយមូលហេតុធំៗចំនួន៤ គឺទី១, គោលការណ៍មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងផងគ្នា ដែលគោលការណ៍នេះ បានផ្ដល់មូលដ្ឋានគតិយុត្តដ៏សំខាន់ដល់កម្ពុជា ក៏ដូចជាដល់សមាជិកដទៃទៀត ដើម្បីការពារនូវផលប្រយោជន៍ជាតិ គេចផុតពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ទី២, អាស៊ានធ្វើការសម្រេចលើកិច្ចការនានាផ្អែកតាមកុងសង់ស៊ីស គឺការបញ្ចេញទស្សនៈ និងផ្លាស់ប្ដូរយោបល់ផ្នែកនយោបាយដោយស្មើភាព និងស្មើសិទ្ធិ។ ទី៣, កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងធំធេង ខាងផ្នែកសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសង្គម ការពង្រីកទីផ្សារ ជាពិសេសការតភ្ជាប់អាស៊ាន និងការជួយគ្នាទៅវិញទៅមក។ ទី៤, អាស៊ានជាច្រក និងជាស្ពានការទូតដ៏ធំរបស់កម្ពុជា ឆ្ពោះ ទៅ កាន់តំបន់នានា និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ តាមរយៈដៃគូសន្ទនារបស់អាស៊ាន និងគូខាងក្រៅផ្សេងៗទៀត រួមទាំងអង្គការតំបន់ និងអង្គការអន្តរជាតិនានា។
តាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជាទទួលបាននូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ា ងច្រើន ពីការចូលជាសមាជិក នៃក្រុមគ្រួសារអាស៊ាន។ ប្រទេសជាសមាជិកអាស៊ាននាពេលបច្ចុប្បន្ន គឺជាទីផ្សារនាំចេញដ៏ធំជាងគេទី៣របស់កម្ពុជា បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសសមាជិកអាស៊ានដទៃទៀត បានកើតឡើងពីរ៤ ភាគរយនៅឆ្នាំ១៩៩៩ ទៅជាង២០ ភាគរយនៅឆ្នាំ២០១៨។ អាស៊ានក៏ជាវិនិយោគិនមួយក្នុងចំណោមវិនិយោគិនធំជាងគេនៅកម្ពុជា។ នៅឆ្នាំ២០១៦ វិនិយោគទុនពីអាស៊ាន មានប្រមាណជាង១៧ភាគរយ នៃវិនិយោគទុនដោយផ្ទាល់ពីបរទេសនៅកម្ពុជា។ ពាក់ព័ន្ធ និងភ្ញៀវទេសចរបរទេសមកកម្ពុជា អាស៊ានស្ថិតក្នុងលំដាប់ខ្ពស់ទី២។ ជាក់ស្ដែងក្នុងរយៈពេល២០ ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ជាមធ្យម៧.៥ ភាគរយ ហើយបានប្រែក្លាយខ្លួនពីប្រទេស ដែលមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥។ កំណើនដ៏រឹងមាំ និងប្រកបដោយបរិយាបន្ននេះ បានរួមចំណែកយ៉ាងច្រើន ក្នុងការលើកកំពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ។ ជាក់ស្តែងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ បានកើតឡើងពី១.០៤២ ដុល្លារអាមេរិកនៅឆ្នាំ២០១៣ ដល់១.៥៦៣ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ខណៈអត្រានៃភាពក្រីក្របានធ្លាក់ចុះពី៥៣,៥ ភាគរយនៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ៩ ភាគរយនៅឆ្នាំ២០១៨។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានក្លាយជាសមាជិកស្មើភាព និងស្មើសិទ្ធិនៅក្នុងតំបន់អាស៊ានក៏ដូចជាស្មើភាព និងស្មើសិទ្ធិជាមួយនឹងបណ្តាប្រទេសដទៃទៀត នៅគ្រប់វេទិកាតំបន់ និងពិភពលោក។ នេះជាមោទនភាព និងសេចក្តីថ្លៃថ្នូរដ៏ធំធេងរបស់ជាតិយើង។ ព្រមជាមួយគ្នានេះកម្ពុជា ក៏នឹងកំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន បើប្រៀបធៀបនឹងបណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀត ដូចជាធនធានមនុស្ស និងការពង្រឹងសមត្ថភាពស្ថាប័ននៅមានកម្រិត កង្វះពលកម្មជំនាញ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងប្រភពធនធាន ការអនុវត្តកិច្ចព្រមព្រៀងអាស៊ានផ្សេងៗនៅថ្នាក់ជាតិមិនទាន់មានភាពស៊ីជម្រៅ និងបានទូលំទូលាយ។ ប្រភពធនធាន និងមូលនិធិជាតិសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅមានកម្រិត មូលដ្ឋានគ្រឹះសេដ្ឋកិច្ច នៅមានកម្លាំងតូច ដែលពុំទាន់អនុញ្ញាតឲ្យមានកម្លាំងប្រកួតប្រជែងរឹងមាំ គម្លាតអភិវឌ្ឍន៍ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន កង្វះបច្ចេកទេសបច្ចេកវិទ្យាជាបញ្ហាគន្លឹះ ដែលកម្ពុជាបាននិងកំពុងប្រឈម។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងទៀតថា ជាការពិតអាស៊ាន មិនមែនជាអង្គការល្អឥតខ្ចោះនោះទេ អាស៊ាននៅមានចំណុចខ្សោយ និងបញ្ហាប្រឈមខាងស្ថាប័នជាច្រើន ដែលត្រូវដោះស្រាយ ក៏ប៉ុន្តែប្រសិនបើគ្មានអាស៊ាន តំបន់អាស៊ីអាគ្នេយ៍ទាំងមូល ក៏មិនអាចសម្រេចបាននូវសន្តិភាព និងវិបុលភាពដូចសព្វថ្ងៃនេះដែរ។ នៅឆ្នាំ២០១៩ និងបណ្តាឆ្នាំតទៅមុខ ស្ថានការណ៍ពិភពលោក នឹងបន្តប្រែប្រួលយ៉ាងជ្រាលជ្រៅ ស្មុគស្មាញ ឆាប់រហ័ស និងពិបាកប៉ាន់ស្មានបាន៕
Source: Kampuchea Thmey Daily
0 Comments