ស្ត្រីវៀតណាមម្នាក់ដែលចូលរួមសវនាការពាក់ព័ន្ធការសម្លាប់បងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងគឺត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃសុក្រ ដែលនេះជាទីបញ្ចប់នៃអាថ៌កំបាំងរយៈពេលពីរឆ្នាំនៃអំពើឃាតកម្មដ៏គួរឲ្យភ្ញាក់ផ្អើលនិងចម្លែក។
លោក Kim Jong Nam ដែលជាសាច់ញាតិរបស់លោកគីមជុងអ៊ុននិងធ្លាប់ត្រូវបានគេមើលឃើញថាអាចជាអ្នកស្នងរាជ្យមេដឹកនាំកូរ៉េខាងជើងគឺបានស្លាប់បន្ទាប់ពីមុខរបស់គាត់ត្រូវបានប៉ាតជាមួយសារធាតុគីមីហាមឃាត់ខណៈពេលដែលគាត់កំពុងរង់ចាំនៅឯអាកាសយានដ្ឋានក្រុងគូឡាឡាំពួរកាលពីខែកុម្ភៈឆ្នាំ២០១៧។
ការសម្លាប់ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានបង្កភាពល្បីល្បាញនៅជុំវិញពិភពលោកហើយបណ្តាលឲ្យមានជម្លោះការទូតដ៏ក្តៅគគុកមួយនៅពេលដែលទីក្រុងសេអ៊ូលចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាមានផែនការអាក្រក់ដើម្បីសម្លាប់បគ្គលម្នាក់ដែលបានចំណាយពេលរាប់ឆ្នាំក្នុងការនិរទេសខ្លួនហើយបានរិះគន់របបគ្រប់គ្រងរបស់គ្រួសារគាត់។
នាង Doan Thi Huong មកពីប្រទេសវៀតណាមនិងជនជាតិឥណ្ឌូនេស៊ីឈ្មោះ Siti Aisyah ត្រូវបាន ចាប់ខ្លួនបន្ទាប់ពីត្រូវបានគេប្រទះឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាព CCTV ថានៅជិតលោក Kim ប៉ុន្តែអ្នកទាំងពីរតែងតែបដិសេធការសម្លាប់។
ស្ត្រីទាំងពីរបានទទូចថា ពួកគេត្រូវបានភ្នាក់ងារកូរ៉េខាងជើងបោកបញ្ឆោតឲ្យធ្វើការវាយប្រហារដោយពួកគេគិតថា ពួកគេកំពុងសម្តែងក្នុងកម្មវិធីពញ្ញាក់អារម្មណ៍របស់ទូរទស្សន៍។
ពួកគេត្រូវទទួលការជំនុំជម្រះក្តីប៉ុន្តែនៅក្នុងខែមីនា ព្រះរាជអាជ្ញាបានទម្លាក់ការចោទប្រកាន់ករណីឃាតកម្មប្រឆាំងនឹងនាង Aisyah បន្ទាប់ពីមានសម្ពាធការទូតហើយនាងបានជិះយន្ដហោះទៅផ្ទះវិញ។
កាលពីខែមុន ពួកគេបានដកការចោទប្រកាន់ករណីឃាតកម្មលើនាង Huong ហើយប្រាប់ថា នាងនឹងត្រូវដោះលែងនៅខែឧសភានៅចុងបញ្ចប់នៃការកាត់ទោសរបស់នាង។
អ្នកសារព័ត៌មានដែលឈរនៅខាងក្រៅពន្ធនាគារបានឃើញឡានធំមួយគ្រឿងនិងឡានតូចមួយគ្រឿង បើកបរឆ្លងកាត់ហើយមន្ត្រីតុលាការនៅកន្លែងកើតហេតុក៏បានបញ្ជាក់ផងដែរថា នាង Huong ត្រូវបានដោះលែង។
នាងត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ការិយាល័យអន្តោប្រវេសន៍ក្នុងទីក្រុង Putrajaya ដើម្បីរៀបចំឯកសារមុនពេលជិះយន្តហោះទៅកាន់ប្រទេសវៀតណាមនៅពេលល្ងាច៕ AFP
Source: Kampuchea Thmey Daily
0 Comments