កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីលោក Patrick Shanahan បានអំពាវនាវឲ្យមានសកម្មភាពតឹងរ៉ឹងជាងមុនប្រឆាំងនឹងការរំលោភផ្លូវភេទនៅក្នុងជួរកងទ័ពអាមេរិកបន្ទាប់ពីរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណបាននិយាយថា ចំនួននៃការរំលោភបំពានក្នុងឆ្នាំ២០១៨បានកើនឡើងជាងប៉ុន្មានឆ្នាំថ្មីៗនេះ។
ការរំលោភផ្លូវភេទដែលត្រូវបានរាយការណ៍ដោយបុគ្គលិកក្រសួងការពារជាតិទាំងបុរសនិងស្ត្រីបានកើនឡើង១៣ភាគរយកាលពីឆ្នាំមុនដល់៧,៦២៣នាក់បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧។
លើសពីនេះទៀត ការរំលោភបំពានផ្លូវភេទជាក់ស្តែងទំនងជាលើសបីដងបើប្រៀបធៀបទៅនឹងចំនួនដែលត្រូវបានគេរាយការណ៍ដែលនាំឲ្យមានការប៉ាន់ស្មានថា មានជនរងគ្រោះតែម្នាក់ប៉ុណ្ណោះក្នុងចំណោមបីនាក់ក្នុងជួរកងទ័ពដែលបានដាក់ពាក្យបណ្តឹង។
លោក Shanahan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាច្បាស់ណាស់ថា ការរំលោភបំពានផ្លូវភេទនិងការយាយីផ្លូវភេទគឺជាបញ្ហាប្រឈមជាបន្តបន្ទាប់”។
ផ្អែកតាមការស្ទង់មតិដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង របាយការណ៍នេះបាននិយាយថា មិនត្រឹមតែចំនួនប៉ុណ្ណោះទេប៉ុន្តែការរីករាលដាលនៃការរំលោភផ្លូវភេទក៏បានកើនឡើងផងដែរនៅក្នុងឆ្នាំ២០១៨។
យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រហែល៦,២ភាគរយនៃស្ត្រីនៅក្នុងក្រសួងការពារជាតិគឺបានទទួលរងការរំលោភផ្លូវភេទឬទំនាក់ទំនងផ្លូវភេទដែលខ្លួនមិនចង់នៅក្នុងឆ្នាំ២០១៨បើធៀបទៅនឹង៤,៣ភាគរយទៅនឹងពីរឆ្នាំមុននោះ។
កម្រិតសម្រាប់បុរសគឺទាបជាងច្រើនគឺ០,៧ភាគរយនៅក្នុងឆ្នាំ២០១៨ពោលខ្ពស់ជាងបន្តិចបើធៀបទៅនឹង០,៦ភាគរយកាលពី២ឆ្នាំមុន។
របាយការណ៍នេះបានបង្ហាញថា ស្ត្រីដែលក្មេងជាងគេគឺមានហានិភ័យខ្ពស់បំផុតហើយថាអ្នកវាយប្រហាររបស់ពួកគេគឺអ្នកដែលមានឋានៈទាប ស្មើឬខ្ពស់ជាងជនរងគ្រោះបន្តិចប៉ុណ្ណោះ។
លោក Shanahan បានប្រាប់ក្រុមប្រឹក្សាសភាកាលពីថ្ងៃពុធថា លោកគាំទ្រសំណើក្នុងការស្វែងរកឧក្រិដ្ឋកម្មជាក់លាក់មួយសម្រាប់ការយាយីផ្លូវភេទក្រោមប្រព័ន្ធយុត្តិធម៌តែមួយគត់របស់យោធា៕ AFP
Source: Kampuchea Thmey Daily
0 Comments