នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Ardern និងដៃគូយូរអង្វែងរបស់លោកស្រីឈ្មោះ Clarke Gayford បានភ្ជាប់ពាក្យដើម្បីរៀបការ។ នេះបើតាមការឲ្យដឹងនៅថ្ងៃសុក្រពីការិយាល័យរបស់លោកស្រី។
អ្នកនាំពាក្យម្នាក់របស់លោកស្រី Ardern និងលោក Gayford បាននិយាយថា គូស្នេហ៍ដែលមានកូនស្រីម្នាក់ឈ្មោះ Neve មួយគូនេះបានយល់ព្រមភ្ជាប់ពាក្យអំឡុងពេលសម្រាកនៃពិធីបុណ្យ Easter។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនអាចប្រាប់បានទេថាតើកាលបរិច្ឆេទនៃពិធីរៀបអាពាហ៍ពិពាហ៍របស់នាយករដ្ឋមន្ត្រីរូបនេះត្រូវកំណត់នៅពេលណាឬនរណាជាអ្នកសុំរៀបការ។
អ្នកនាំពាក្យរូបនេះបានប្រាប់ AFP ថា “ខ្ញុំមិនអាចនិយាយអ្វីបានទេអំពីរឿងនេះក្រៅពីការភ្ជាប់ពាក្យហើយវាបានកើតឡើងអំឡុងពិធីបុណ្យ Easter”។
លោកស្រី Ardern អាយុ៣៨ឆ្នាំបានផ្តល់កំណើតដល់ Neve កាលពីខែមិថុនាឆ្នាំមុនដែលធ្វើឲ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីទី២នៅលើពិភពលោកដែលសម្រាលកូនខណៈកំពុងកាន់តំណែងហើយក្រោយមកបានយកកូនទៅសម័យប្រជុំរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។
ចាប់តាំងពីការផ្តល់កំណើតនោះមក លោក Gayford ដែលជាពិធីករទូរទស្សន៍បានដើរតួនាទីជាឪពុកនៅផ្ទះ។
ការភ្ជាប់ពាក្យនេះធ្វើឡើងចំពេលវេលាដ៏លំបាកមួយសម្រាប់លោកស្រី Ardern ដែលត្រូវបានគេសរសើរយ៉ាងខ្លាំងអំពីការឆ្លើយតបរបស់លោកស្រីចំពោះការបាញ់ប្រហារនៅព្រះវិហារក្រុង Christchurch កាលពីថ្ងៃទី១៥ខែមីនាដែលបានសម្លាប់ជីវិតអ្នកថ្វាយបង្គំឥស្លាមចំនួន៥១នាក់។
ព័ត៌មាននៃការភ្ជាប់ពាក្យនេះបានបែកធ្លាយបន្ទាប់ពីអ្នកកាសែតកត់សម្គាល់ឃើញថា លោកស្រី Ardern មានពាក់ចិញ្ចៀនពេជ្រខណៈកំពុងបំពេញភារកិច្ចរបស់លោកស្រីកាលពីថ្ងៃសុក្រ។ ទោះបីជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ក៏មានការជូនដំណឹងខុសចំនួនពីរដងផងដែរកាលពីលើកមុន៕ AFP
Source: Kampuchea Thmey Daily
0 Comments