Ad Code

ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បង្ហើប​ពី​តួនាទី​ជា​អ្នកដឹកនាំ​នាពេល​អនាគត​ក្នុង​សុន្ទរកថា​ទៅកាន់​កម្មករ​



ឧបនាយករដ្ឋមន្ត្រី​ដែល​ទើប​តែង​តាំងរបស់​ប្រទេស​សិង្ហ​បុរី​បាន​បង្ហើប​ពី​តួនាទី​ជា​អ្នកដឹកនាំ​នាពេល​អនាគត​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ពុធ​ដែល​ក្នុងនោះ​លោក​គាំទ្រ​ការសន្យា​មួយ​ដែល​ធ្វើឡើង​ដោយ​នាយករដ្ឋមន្ត្រី​មុនៗ​ក្នុងការ​គាំទ្រ​ដល់​ចលនា​ពលកម្ម​របស់​ប្រទេស​នេះ​។​

សុន្ទរកថា​របស់លោក Heng Swee Keat បាន​ធ្វើឡើង​ក្នុងអំឡុងពេល​នៃ​ការជួបជុំ​មួយ​ដើម្បី​អបអរ​ទិវា​ពលកម្ម​ប្រចាំឆ្នាំ​របស់​ប្រទេស​សិង្ហ​បុរី​។​

លោក Heng អាយុ​៥៧​ឆ្នាំ​ត្រូវបាន​តំឡើង​ឋានៈ​ទៅមុខ​តំណែង​សំខាន់​នៅក្នុង​គណបក្ស​សកម្មភាព​ប្រជាជន (PAP) ដែល​កំពុង​កាន់អំណាច​កាលពី​ឆ្នាំមុន​និង​ឡើង​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​កាលពី​ខែ​មុន​។​

ទង្វើ​នេះ​ត្រូវបាន​គេ​រំពឹងទុក​កាន់តែខ្លាំង​ថា លោក​នឹង​ទទួលបាន​តំណែង​ពី​លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong ដែលជា​កូនប្រុស​របស់​ស្ថាបនិក​សិង្ហ​បុរី Lee Kuan Yew បន្ទាប់ពី​លោក Lee ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះ​ចេញពី​តំណែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​

លោក Heng បាន​និយាយ​នៅ​ថ្ងៃ​ដែល​តួនាទី​របស់លោក​ជា​ឧបនាយករដ្ឋមន្ត្រី​ចូល​ជា​ធរមាន​ថា “​ថ្ងៃនេះ​គឺជា​លើកដំបូង​ដែល​ខ្ញុំ​និយាយ​ទៅកាន់​អ្នក​ក្នុងនាម​ជា​មេដឹកនាំ​នៃ​ជំនាន់​ក្រោយ​របស់​មេដឹកនាំ PAP”​។​

លោក Heng បាន​និយាយថា “​ថ្ងៃនេះ ខ្ញុំ​សូម​បន្ត​ការសន្យា​ដែល​លោក Lee Kuan Yew ធ្វើឡើង​កាលពី​៥០​ឆ្នាំមុន​។ ខ្ញុំ​សូម​ធានា​ចំពោះ​អ្នក​ថា ទំនាក់ទំនង​ជិតស្និទ្ធ​រវាង PAP និង​ចលនា​ពលកម្ម NTUC នឹង​បន្ត​”​។​

លោក​បាន​និយាយថា ប្រទេស​សិង្ហ​បុរី​ត្រូវតែ​ប្រែក្លាយ​សេដ្ឋកិច្ច​របស់ខ្លួន​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការរីកចម្រើន​ផ្នែក​បច្ចេកវិជ្ជា​, រៀបចំ​កម្លាំង​ការងារ​របស់ខ្លួន​សម្រាប់​ការងារ​នាពេល​អនាគត​និង​បន្ត​ការរីកចម្រើន​។​

គួរ​បញ្ជាក់ថា លោក Lee ដែលជា​កូនប្រុស​របស់​បិតា​ស្ថាបនិក​សិង្ហ​បុរី Lee Kuan Yew បាន​កាន់កាប់​អំណាច​ចាប់តាំងពី​ឆ្នាំ​២០០៤​មកហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​លាលែង​ពី​តំណែង​បន្ទាប់ពី​ការបោះឆ្នោត​មួយ​ដែល​ត្រូវតែ​ធ្វើឡើង​នៅ​ដើមឆ្នាំ​២០២១៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu