ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ អមដំណើរលោកមន្ត្រីសាលាខណ្ឌ លោកចៅសង្កាត់ព្រែកប្រា កាលពីថ្ងៃទី៣០មេសា បានចុះទៅពិនិត្យការសាងសង់របងនិង ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ព្រែកប្រា មានទីតាំងក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រសាសន៍របស់ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍ថា នៅថ្ងៃនេះ លោកបានដឹកនាំមន្ត្រីសាលាខណ្ឌ រួមទាំងលោកចៅសង្កាត់ព្រែកប្រា និងលោកនាយកសាលាបឋមសិក្សានិងអនុវិទ្យាល័យហ៊ុន សែនព្រែកប្រា បានមកពិនិត្យការសាងសង់របងសាលាប្រវែង១២០ម៉ែត្រ ដែលក្នុងនោះ លោក នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងបរិវេណសាលាដូចជារៀបចំកែលំអសួនច្បារ និងទីធ្លាសម្រាប់ដាក់ទោង និងកៅអីសម្រាប់ឲ្យសិស្សបានលេងកម្សាន្ត ដើម្បីកុំឲ្យសិស្សចេញទៅខាងក្រៅសាលាក្នុងម៉ោងចេញ។ ក្នុងនោះ គឺត្រូវរៀបចំទីតាំងដាក់ធុងសំរាម ដើម្បីកុំមានសំរាមនៅចាក់គរពាសវាលពាសកាលដែលងាយនឹងប៉ះពាល់ដល់សុខភាពរបស់សិស្ស។
លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា ចាប់តាំងពីលោកមកទទួលដំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅមក គឺលោកបានចុះពិនិត្យទៅតាមសាលារៀនក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដើម្បីឲ្យគ្រប់សាលារៀនមានរបងព័ទ្ធជុំវិញ ដែលកន្លងមកសាលាមួយចំនួនមិនទាន់មានរបងនៅឡើយ។ បន្ទាប់ពីសាងសង់របងរួចមក គឺបន្តរៀបចំទីធ្លាដើម្បីឲ្យសិស្សបានកម្សាន្តលេងក្នុងម៉ោងសម្រាកចេញលេង។
ក្នុងឱកាសនោះដែរ លោក ចេង មុនីរ៉ា ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ក៏ដូចជាអាណាព្យាបាលសិស្សបានជួយឧបត្ថម្ភថវិកាក្នុងការចំណាយទៅលើការសាងសង់របង និងហេដ្ឋារចនាសម្ពន្ធនានា តាមបណ្ដាសាលាកន្លងមកធ្វើឲ្យសាលារៀនមានការរៀបចំបានល្អស្អាតមានបរិស្ថានល្អធ្វើឲ្យសិស្សមានសុខភាពល្អទៀតផង៕
Source: Kampuchea Thmey Daily
0 Comments