Ad Code

មនុស្ស​រាប់ពាន់នាក់​ហែ​ក្បួន​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​ជាង​មុន



សមាជិក​សហជីព​ពាណិជ្ជ​កម្ម​និង​សកម្មជន​រាប់ពាន់នាក់​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​កាលពី​ថ្ងៃ​ពុធ​ដោយ​ដើរ​ក្បួន​តាម​រដ្ឋធានី​របស់​តំបន់​អាស៊ី​និង​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​ជាង​មុន​និង​ពង្រីក​សិទ្ធិ​ការងារ​។​

សហជីព​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង​ដ៏​ធំ​មួយ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ផងដែរ​ជាមួយនឹង​អង្គការ​ពលករ​របស់​កូរ៉េខាងជើង​ដោយ​អំពាវនាវ​ឲ្យ​កូរ៉េ​ទាំងពីរ​ជំរុញ​ទៅមុខ​ជាមួយ​ការប្តេជ្ញាចិត្ត​ដែល​បានធ្វើ​ឡើង​អំឡុង​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​កាលពី​ឆ្នាំមុន​។​

ការប្រមូលផ្តុំ​គ្នា​ក្នុង​ទិវា​ពលកម្ម​ក៏ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ផងដែរ​នៅ​តំបន់​ផ្សេងទៀត​នៃ​ទ្វីបអាស៊ី​ដូចជា​នៅ​ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ កម្ពុជា​និង​មី​យ៉ាន់​ម៉ា​ជាដើម​។ ផ្នែក​ផ្សេងទៀត​នៃ​ពិភពលោក​ក៏ត្រូវ​បាន​គេ​កំណត់ថា​នឹងមាន​ការប្រមូលផ្តុំ​ផងដែរ​។​

នៅ​ប្រទេស​ស្រីលង្កា គណបក្សនយោបាយ​ធំៗ​បាន​អំពាវនាវ​ឲ្យ​ផ្អាក​ការប្រមូលផ្តុំ​ក្នុង​ទិវា​ពលកម្ម​ដោយសារតែ​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​អំឡុង​ពិធីបុណ្យ Easter ដែល​បានសម្លាប់​មនុស្ស​ចំនួន​២៥៣​នាក់​និង​ត្រូវបាន​អះអាង​ទទួលខុសត្រូវ​ដោយ​ពួក​សកម្មប្រយុទ្ធ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​។​

អាជ្ញាធរ​បារាំង​បានប្រកាស​ពី​វិធានការ​ការពារ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការធ្វើ​បាតុកម្ម​ទិវា​ពលកម្ម​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​និយាយថា មាន​ហានិភ័យ​ថា​សកម្មជន​រ៉ាឌីកាល់​អាច​ចូលរួម​ជាមួយ​បាតុករ​អាវកាក់​ពណ៌​លឿង​និង​បុគ្គលិក​សហជីព​នៅតាម​ដង​ផ្លូវ​នៃ​ទីក្រុង​ប៉ារីស​និង​នៅ​ទូទាំងប្រទេស​។​

បាតុករ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​ប្រមូល​ផ្តុំគ្នា​តាម​ដងផ្លូវ​នៅ​ជិត​សាលាក្រុង​ដោយ​ដើរ​ក្បួន​ដង្ហែ​ក្រោម​បដា​ដែល​ប្រកាស​ថ្កោលទោស​លក្ខខណ្ឌ​ការងារ​ដ៏​យ៉ាប់យ៉ឺន​ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការគោរព​ស្មើគ្នា​និង​បង់ប្រាក់​សម្រាប់​កម្មករ​និយោជិត​ដែល​មិន​ទៀងទាត់​។​

នៅ​កោះ​តៃវ៉ាន់ កម្មករ​រាប់ពាន់នាក់​បាន​ដើរ​ក្បួន​តាម​ដងផ្លូវ​នៃ​ទីក្រុង​តៃប៉ិ​ដើម្បី​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​ជាង​មុន​។ ពួកគេ​បាន​កាន់​បដា​និង​ទង់ជាតិ​ហើយ​ស្រែក​សុំ​ឲ្យ​មាន​ថ្ងៃ​ឈប់សម្រាក​ច្រើន​ហើយ​ជាង​មុន​និង​ប្រាក់កំរៃ​ថែម​ម៉ោង​ខ្ពស់ជាង​មុន​។​
​នៅ​ប្រទេស​ហ្វីលីពីន កម្មករ​និង​សកម្មជន​ការងារ​រាប់ពាន់នាក់​បាន​ដើរ​ក្បួន​នៅ​ជិត​វិមាន​ប្រធានាធិបតី Malacanang ក្នុង​ទីក្រុង​ម៉ានីល​។​

ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Rodrigo Duterte ដោះស្រាយ​បញ្ហា​ការងារ​រួមទាំង​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​និង​ការបញ្ចប់​ការងារ​រយៈពេល​ខ្លី​សម្រាប់​កម្មករ​ជាច្រើន​នាក់​ផងដែរ​៕ AP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu