Ad Code

តារា​ស្រី គ្រីប លក្ខិណា ដាច់ចិត្ត​លើកដៃ​សំពះ​សុំ​ជំនួយ​ទាំង​ទឹកភ្នែក​ពី​សប្បុរសជន ​យកប្រាក់​ព្យាបាល​ជំងឺ​ម្តាយ​ដែល​រលួយ​ជើង



ភ្នំពេញ ៖ ដោយសារតែ​កំពុង​ជួប​ការ​ខ្វះខាត និង​អស់​លទ្ធភាព​ ដើម្បី​ព្យាបាល​ជំងឺ​ម្តាយ​ ដែល​កំពុង​រលួយ​ជើង​ ហើយ​ត្រូវការ​ថវិកា​ក្នុង​ការ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​នោះ​ ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​មរតក​មេ​ឌៀ ​កញ្ញា គ្រីប លក្ខិណា ពេលនេះ​បានសម្រេច​ចិត្ត​កាត់​កេរខ្មាស​លើកដៃ​សុំ​ជំនួយ​ពី​មហា​ជន​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​។​

តារាចម្រៀង​ស្រី​កញ្ញា គ្រីប លក្ខិណា បច្ចុប្បន្ន​ក្រៅពី​ត្រូវការ​ថវិកា​ដើម្បី​ព្យាបាល​ជំងឺ​អ្នក​ម្តាយ ជាទី​ស្រលាញ់​ហើយ​នោះ ​នាង​ក៏​កំពុងមាន​បន្ទុក​ចិញ្ចឹម​ក្មួយ​កំព្រាៗ​ប្រមាណ​៨​នាក់​ផ្សេងទៀត​ផងដែរ​។​

ជា​ការពិត​ថ្វីត្បិតតែ​កន្លងមក ​មហាជន​បានឃើញ​ស្រី​ស្រស់ គ្រីប លក្ខិណា តែង​ឡើង​ច្រៀង​រាំ​សប្បាយ​នៅលើ​ឆាក​តន្ត្រី​ក៏ពិតមែន​ ប៉ុន្តែ​នៅក្នុង​ចិត្ត​របស់​នាង​ គឺ​កំពុង​បៀមទុក្ខ​លំបាក​ធំ​ប៉ុន​ភ្នំ ​ព្រោះ​តែ​ម្តាយ​នាង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដំបៅ​រលេះរលួយ​ជើង​គួរ​ឲ្យ​បារម្ភ និង​ត្រូវការ​ថវិកា​បន្ត​ការ​ព្យាបាល។

តារាចម្រៀង​ស្រី​ កញ្ញា គ្រីប លក្ខិណា បានបញ្ជាក់​ឲ្យ​មហាជន​បានជា​សាធារណៈ​ថា ដំបូង​ឡើយ​ម្តាយ​របស់​នាង​មាន​ជំងឺ​ដំបៅ​ជើង​បន្តិចបន្តួច​ប៉ុណ្ណោះ ​ប៉ុន្តែ​ដោយសារ​មិន​ចង់​រំខាន​នាង​ជា​កូន​ ទើប​ចេះតែ​លាក់បាំង​ ហើយ​ព្យាយាម​ស្វែងរក​ថ្នាំ​បុរាណ​តាម​ការ​ប្រាប់​របស់​អ្នកស្រុក​ភូមិ​មក​បិទ និង​ត្រាំ​រហូត​រលេះរលួយ​ជើង ទើប​នាង​ដឹង​ហើយ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ នាង​ថា ​ម្តាយ​នាង​មិន​មាន​ជំងឺ​ទឹកនោមផ្អែម​ទេ ​ខណៈដែល​ក្រុម​វេជ្ជបណ្ឌិត​លើកឡើងថា ​កើតឡើង​ពី​ការប្រើប្រាស់​ថ្នាំ​ខ្មែរ​មិន​មាន​បច្ចេកទេស​។​

កញ្ញា គ្រីប លក្ខិណា បន្តថា​ ជើង​របស់​ម្តាយ​នាង ​ត្រូវ​កោស​រុំ​ថ្នាំ ​និង​ហូរ​ឈាម​ជា​ញឹកញាប់ ​រហូត​ក្រុម​សិល្បករ​រួម​អាជីព ​និង​ផលិតករ​ក្នុង​ផលិតកម្ម​ដែល​ជិតដិត​បាន​ជួយ​ទាំង​ថវិកា​ និង​ផ្តល់​ឈាម​ស្ទើរ​ខ្សោះ​ពី​ខ្លួន​ម្នាក់ៗ​ទៅ​ហើយ​។ ដើរ​ដល់​ផ្លូវ​ទាល់​តារា​ស្រី​រូបនេះ ​មានតែ​លើកដៃ​សំពះ​សុំ​ការ​ជួយ​ពី​សំណាក់​សប្បុរសជន ​មេត្តា​ជួយ​នាង​តាម​ទឹកចិត្ត​សទ្ធា ​ព្រោះ​នាង​គ្មាន​ប្រាក់​នៅ​ក្នុង​ខ្លួន​ទៀត​ទេ ខណៈ​ដែល​ទ្រព្យ​ជា​ដុំកំភួន​សម្រាប់​លក់​ក៏​គ្មាន​។

សម្រាប់​សប្បុរសជន ​ដែល​មាន​បំណង​ជួយ​ជា​ថវិកា​សម្រាប់​នាង​អាច​ធ្វើ​ការទំនាក់ទំនង​ទៅកាន់​នាង​ផ្ទាល់​តាមរយៈ​លេខ​ទូរស័ព្ទ​ ៖ ០១៥ ២៤៣ ៤៥៦ ,០៧៨ ៧២១ ២១៣ ,០៩៨ ៧០០ ៧៣៩ និង ០៧០ ៨០០ ៩៩៣​។​ សូមបញ្ជាក់ថា ​កញ្ញា គ្រីប លក្ខិណា ក្រៅពី​ម្តាយ​នាង​ ក៏ត្រូវ​មើល​ថែទាំ​ចិញ្ចឹម​ក្មួយ​ប្រមាណ​៨​នាក់​ផ្សេងទៀត​ ដែល​កំពុង​នៅ​សិក្សា ​ខណៈដែល​ម្តាយ​ឪពុក​ពួកគេ​បាន​បោះបង់​ចោល​ផង​នោះ​។​ ទន្ទឹមគ្នានេះ គ្រីប លក្ខិណា ក៏​សង្ឃឹមថា ​សប្បុរសជន នឹង​ ជួយ​ម្តាយ និង​ក្មួយៗ​ដែល​កំពុង​រស់​ក្នុង​ទុក្ខវេទនា​ដោយ​ក្តី​អនុគ្រោះ​៕

​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu