Ad Code

ជនជាតិ​ចិន​ម្នាក់​ យក​ដីខ្សាច់​ច្នៃ​ជា​គ្រាប់បែក​ក្លែងក្លាយ ស្ពាយ​មក​គំរាម​ម្ចាស់​ហាង ដើម្បី​ឲ្យ​គូទំនាស់​របស់​ខ្លួន​ចេញ​មក​ជួប តែ​ត្រូវ​ចាប់ខ្លួន​



ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នា​ក់ បាន​ស្ពាយ​កាបូប មាន​ដាក់​វត្ថុ​ម្យ៉ាង​សង្ស័យ​ជា​គ្រាប់បែក​ច្នៃ ចូលទៅ​ដាក់​គំរាម​ម្ចាស់​ហាង​ចិន លក់​គុជ ហឺ​ហឺ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្ទះជួល ផ្លូវ​បេតុង មុខ​ផ្សារ​កាណាឌីយ៉ា ផ្លូវ​ទី​៣ ក្រុម​៣ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​គោល​បំណង​គំរាម​ម្ចាស់​ហាង ដើម្បី​ស្វែងរក​បក្ខពួក​របស់​គេ​ម្នាក់ទៀត​ដែល​ធ្លាប់​ចេញចូល​ទីនោះ​ដែលមាន​ទំនាស់​ជាមួយគ្នា បង្ក​ឲ្យ​ម្ចាស់​ហាង ​និង ពលរដ្ឋ​ភ័យខ្លាច ផ្អើល​សមត្ថកិច្ច ចុះទៅ​អន្តរា​គមន៍ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩។​

កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះទៅ​លួងលោម និង​ឲ្យ​ជនសង្ស័យ​ដោះ​បំបែក វត្ថុ​សង្ស័យ​គ្រាប់បែក​ច្នៃ កំណត់​ម៉ោង​ចេញពី​គ្នា រួច​គាត់​ខ្លួន​នាំយកទៅ​ប៉ុស្តិ៍​ចោមចៅ​១ ដើម្បី​ពិនិត្យ និង​សាក​សួរ ជុំវិញ​រឿងហេតុ ឃើញ​សុទ្ធតែ​ដីខ្សាច់។​

តាម​ប្រជាពលរដ្ឋ ម្ចាស់​ហាង​ចិន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​០១ ខែ​ឧសភា ឆ្នាំ​២០១៩ ជនសង្ស័យ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា មាន​ស្ពាយ​កាបូប​ផង ចូលទៅក្នុង​ហាង​ចិន​ខាងលើ សាក​សួររក​បក្ខពួក​រស់​គេ​ម្នាក់ ឈ្មោះ តឹង ជា​ជន​ជាតិ​ចិន តែ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ប្រាប់​ថា​ មិនឃើញ ព្រោះ​ឈ្មោះ តឹង ជា​ជន​ជាតិចិន ​គ្រាន់តែ​ជា​ម៉ូយ ភ្ញៀវ ធ្លាប់​ចេញចូល​ទិញ​ទំនិញ​នៅ​ហាង​ខាងលើ ពេល​នេះ​មិនឃើញ តែ​ជនសង្ស័យ​មិន​ជឿ ចោទប្រកាន់​ម្ចាស់​ហាង​ចិន លាក់ ឃុបឃិត​គ្នា ត្រូវបាន ជន​សង្ស័យ ទាញយក វត្ថុ​ម្យ៉ាង ជា​គ្រាប់បែក​ច្នៃ​មាន​ភ្ជាប់​នឹង​នាឡិកា​មួយ មក​ដាក់​ក្នុងផ្ទះ គំរាម​ម្ចាស់​ហាង ដើម្បី​ឲ្យ​ម្ចាស់​ហាង​ហៅ​ឈ្មោះ តឹង ជា​គូជម្លោះ​របស់គេ​មក។​

ក្រោយពី​ជនសង្ស័យ ដាក់​វត្ថុ​ម្យ៉ាង សង្ស័យ គ្រាប់បែក​ច្នៃ គំរាម​ម្ចាស់​ហាង លក់​គុជ ហឺ​ហឺ ម្ចាស់ផ្ទះ ពលរដ្ឋ​ក្បែរ​ខាង ភ័យ​ស្លន់ស្លោ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ ចុះទៅ​ប្រើ​វិធីសាស្ត្រ​លួងលោម ឲ្យ​ជន​សង្ស័យ ដោះ​បំបែក​វត្ថុ​ទាំងនោះ​ចេញពី​គ្នា ហើយ​ចាប់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​នាំទៅ​សាកសួរ និង​បន្ត​ពិនិត្យ លើ​វត្ថុ​សង្ស័យ​ទាំងនោះ។​

ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ វត្ថុ​សង្ស័យ​ជា​គ្រាប់បែក​ច្នៃ នៅ​ប៉ុស្តិ៍​ចោមចៅ​១ ក្រោម​វត្តមាន កម្លាំង​អាជ្ញាធរ​ស៊ីម៉ាក កម្លាំង​ជំនាញ ស្នងការ​ក្រុង កម្លាំង​កង​អន្តរាគមន៍ ខណ្ឌ​ពោធិ៍​សែន​ជ័យ អាវុធហត្ថ និង​កម្លាំង​ផ្សេងៗ​ទៀត​ដល់​ពិនិត្យ​ជាក់ស្ដែង ​ឃើញ​ដុំ​រុំ​ខ្ចប់ ទាំង​៥ ខាងក្នុង​សុទ្ធតែ​ដីខ្សាច់ ពុំមាន​ជាតិ​រំសេវ​អ្វី​ឡើយ និង​នាឡិការោទ៍​មួយ។​

ជនសង្ស័យ​សមត្ថកិច្ច​ចាប់ខ្លួន​ខាងលើ​ ឈ្មោះ លីវ ជីន LIU JUN ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ កាន់​លិខិត​ឆ្លងដែន​លេខ​E449081127។​

តាម​ការសាកសួរ ជនសង្ស័យ គ្រាន់តែ​យក​វត្ថុ​ទាំងនោះ ដីខ្សាច់​ច្រក​ថង់ រុំ​ជិត បន្លំ​ធ្វើជា​គ្រាប់បែក​ច្នៃ យក​មក​គំរាម​ម្ចាស់​ហាង ដើម្បី​ហៅ ឈ្មោះ តឹង ជា​ជន​ជាតិចិន ហើយ​ជា​គូ​ជម្លោះ​របស់​គេ​មក។​

តែ​ទោះជា​យ៉ាងណាក្តី ក្រោយពេល​សមត្ថកិច្ច​រក​ឃើញ​ថា គ្មាន​ជាតិ​ផ្ទុះ​ក៏ដោយ​ ក៏​ជនសង្ស័យ​ត្រូវបា​ន​សមត្ថកិច្ច កសាង​ឯកសារ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu