Ad Code

សម្តេច​តេ​ជោ ៖ នយោបាយ​ឈ្នះ​ឈ្នះ​និង​សុខដុម​ប​នីយកម្ម​ជនជាតិ​និង​សាសនា​ជា​កេរដំណែល​ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ប្រជាជន​រយៈពេល​៤០​ឆ្នាំ​មកនេះ



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថាៈ​ បាន កេរ​មរតក​ប្រវត្តិសាស្ត្រ​នៃ​ការខិតខំ​ដឹកនាំ​រយៈពេល​៤០​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​រូប​សម្តេច​រួមជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​និង​រាជរដ្ឋាភិបាល​គឺ​សមិទ្ធផល​នៃ​ការបង្រួបបង្រួម​ជាតិ​នៃ​ការបញ្ចប់​សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ និង ការធ្វើ​សុខដុម​ប​នីយកម្ម​ជាតិ​សាសន៍​និង​សាសនា​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​នៃ​សាសនា​ឥស្លាម​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី ៧ ខែ ឧសភា​នៅ​មជ្ឈមណ្ឌល​សន្និសីទ​និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​ពិធី​នេះ​មាន​អ្នកចូលរួម​ប្រមាណ​៤,៧៥០​នាក់​ក្នុងនោះ​មាន​មកពី​តាម​បណ្តា​ខេត្ត ២,៤៥០​នាក់ និង​ក្នុង​រាជធានី​ភ្នំពេញ ១,៩៨០​នាក់​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ «​អ្វី​ដែលជា​កេរដំណែល​ជា​ប្រវត្តិសាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដូចជា​ខ្លួន​ខ្ញុំ​ជាមួយ​ថ្នាក់ដឹកនាំ​ដទៃទៀត​របស់​គណបក្ស​និង​រាជរដ្ឋាភិបាល នោះ​គឺ​សមិទ្ធផល​នៃ​ការបង្រួបបង្រួម​ជាតិ នៃ​ការបញ្ចប់​សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ប៉ុន្តែ​បញ្ហា​ធំ​ជាងនេះទៅទៀត​នៅត្រង់ថា​ប្រទេស​របស់​យើង​មិនមែន​ខិតខំ​ទប់ស្កាត់​រវាង​ជាតិ​សាសន៍ និង​សាសនា​នោះទេ​អ្វីដែល​យើង​បានធ្វើ​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងផុតទៅ​នេះនោះ​គឺ​ការធ្វើ​សុខដុម​ប​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​៖«​ការខុស​គ្នា​ខាង​ជាតិ​សាសន៍​និង​សាសនា​មិនមែនជា​ឧបសគ្គ​រារាំង​នៃ​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​នោះទេ​។ ពិតជា​ដូច្នោះ​មែន​គឺ​សេចក្តីត្រូវការ​របស់​ម​នុស្ស​គឺ​ដូចៗ​គ្នា​គ្រាន់តែ​បញ្ហា​ការប្រកាន់​និង​ជំនឿ​មានការ​ខុសគ្នា​តែប៉ុណ្ណោះ​ហើយ​ការ​ខុសគ្នា​នៃ​ជំនឿ​ឬ​ជាតិ​សាសន៍ មិនមែនជា​ឧបសគ្គ​រារាំង​ការអភិវឌ្ឍ​ប្រទេសមួយ​នោះទេ​។ ដូច្នេះ​នេះ​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បានរៀបចំ​ឡើង​ក្នុង​រយៈពេល​៤០​ឆ្នាំ​ហើយ​ចំណុច​នេះ​គឺជា​ចំណុច​ដែល​ខ្ញុំ​សង្ឃឹមថា​អ្នក​ដែល​បន្តវេន​ទៅ​ជំនាន់​ក្រោយ​ត្រូវខិតខំ​ការពារ​ឱ្យបាន​នូវ​ការបង្រួបបង្រួម​ជាតិ​ការពារ​ឱ្យបាន​នូវ​ភាពសុខដុមរមនា​នៅក្នុង​សាសនា​កុំ​មើលស្រាល​ឱ្យសោះ​»​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា នៅក្នុង​ប្រទេស​មួយចំនួន​គ្រាន់តែ​សាសនា​ដូចគ្នា​តែ​និកាយ​ខុសគ្នា​ក៏មាន​បញ្ហា​បាត់ទៅហើយ តែ​នៅ​កម្ពុជា​មានភ័ព្វ​សំណាង​ដែល​បានរៀបចំ​គោលនយោបាយ​ជាតិ​សាសន៍​និង​សាសនា ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​គ្មាន​ការរើសអើង គ្មាន​ការប្រកាន់​ពូជសាសន៍​ទាក់ទង​នឹង​ជាតិ​សាសន៍​និង​សាសនា​នោះទេ​។ ប្រជាពលរដ្ឋ​មាន​សេរីភាព​ក្នុង​ជំនឿ​សាសនា មិនមាន​ការបង្ខិតបង្ខំ​។​

ជាមួយ​គ្នាន​នេះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ឥស្លាម​កម្ពុជា​ដែល​កន្លងមក​តែងតែ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​បាន​បន្តថា តាម​ការអង្កេត​ជាក់ស្តែង​ក្នុង​បោះឆ្នោត​ម្តងៗ​គឺ​សំឡេងគាំទ្រ​របស់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុ​ជាមាន​ចំនួន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​លើសលប់​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សន្យា​ជាមួយ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា​ថា​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ឈ្នះឆ្នោត សម្តេច​ក៏​នៅតែ​បន្ត​ជួប​បងប្អូន​តទៅ​ទៀតហើយ​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​១ នៃ​អាណត្តិ​ថ្មី​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៦​។ ដូចដែល​បាន​សន្យា​ហើយ​ខ្ញុំ​ក៏​នៅតែ​គូសបញ្ជាក់ថា ដរាបណា​ខ្ញុំ​នៅ​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​នឹង​បន្ត​ការជួបជុំ​មួយ​បងប្អូន​មួយឆ្នាំ​ម្ដង​។​

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​កម្ពុជា​បាន​ថ្លែងថា​សាសនិក​ឥស្លាម​នៅ​កម្ពុជា​ប្ដេជ្ញា​បន្ដ​បោះឆ្នោត​គាំទ្រ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​ស្ថា​និក​សន្ដិភាព​និង​សិទ្ធិសេរីភាព​កម្ពុជា​។​

លោក​បាន​បន្តថា «​ជាការ​ឆ្លើយតប​គោរព​ដឹងគុណ តបស្នង​ទៅនឹង​សម្តេច​តេ​ជោ ដែលជា​ស្ថាបនិក​ដែល​បាន​នាំមក​នូវ​សុខសន្តិភាព​និង​សិទ្ធិសេរីភាព​ដ៏​ពេញលេញ គឺ​បងប្អូន​តែង​បាន​ឆ្លើយតប​មកវិញ​ដោយ​កាយវិការ​គាំទ្រ​ដ៏​ស្មោះ​គឺ​ការប្រើ​សិទ្ធិ​របស់ខ្លួន​គាំទ្រ​សម្តេច​តេ​ជោ​ដែល​ជាក់ស្តែង​យើង​ពិនិត្យឃើញថា នៅ​គ្រប់​ទីកន្លែង​ដែលមាន​បងប្អូន​ឥស្លាម​រស់នៅ​គឺ​បងប្អូន​បាន​ទៅ​បោះឆ្នោត គាំទ្រ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រធាន​ដែល​កំពុង​គ្រប់គ្រង​រាជរដ្ឋាភិបាល​យ៉ាងច្រើន​លើសលប់ ដែល​ស្រប​នឹង​ក្រឹត្យក្រម​ធម៌​សាសនា​ដែល​បាន​ឲ្យ​សាសនិក​ឥស្លាម​ដឹងគុណ​ទៅ​ចំពោះ​អ្នក​ដែល​បាន​ផ្តល់នូវ​គុណបំណាច់​បាន​សង្គ្រោះបាន​ជួយ​មកលើ​យើង​ដែល​មិនអាច​បញ្ចប់​ត្រឹម​ឆ្នាំមុន​ឆ្នាំនេះ​ឬ​ឆ្នាំ​ខាងមុខ​នោះឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu