លោក ស៊ុំ វណ្ណា អតីតគ្រូបង្វឹករបស់ក្រុមវេស្ទើនភ្នំពេញ ត្រូវបានក្លិប ដំឡើងតំណែងពីគ្រូជំនួយទៅជាគ្រូបង្វឹកប្រចាំក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកលីគកំពូលកម្ពុជា (Metfone Cambodian League 2019) ក្រោយលោកគ្រូបង្គោលចាស់លោក Leonardo Vitorino ដែលជាជនជាតិប្រេស៊ីលចាកចេញ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបភ្នំពេញក្រោន បានលើកឡើងថាក្លិបបានសម្រេចតែងតាំងលោកគ្រូ ស៊ុំ វណ្ណា ជាគ្រូបង្វឹកបណ្តោះអាសន្ន ជំនួសលោក Leonardo Vitorino ដែលទើបតែបញ្ចប់កុងត្រាជាមួយក្លិបព្រឹកថ្ងៃអង្គារ សប្ដាហ៍នេះ។ លោកគ្រូបង្វឹករូបនេះបានធ្វើជាជំនួយការគ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោន នាខែវិច្ឆិកា ឆ្នាំ២០១៨នាពេលកន្លងទៅ លោកទើបតែទទួលរៀនចប់វគ្គសិក្សា AFC A License ក្នុងពេលថ្មីៗនេះផងដែរ។ យ៉ាងណាក្តីក្លិបសូមរក្សាសិទ្ធិក្នុងការប្រកាសជាផ្លូវការជាបន្តបន្ទាប់នាពេលខាងមុខ។
គ្រូបង្វឹកខាងលើត្រូវដឹកនាំក្រុមភ្នំពេញក្រោន ទទួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋាន Smart RSN Stadium ប្រចាំសប្ដាហ៍ទី៧ នៃពានរង្វាន់លីគកំពូលកម្ពុជា។
លោក ស៊ុំ វណ្ណា ទើបតែបញ្ចប់វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC ដើម្បីត្រៀមខ្លួនក្លាយជាគ្រូឧទ្ទេសក្នុងការហ្វឹកហាត់គ្រូជំនាន់ក្រោយបានត្រឹមកម្រិត C និង D Licence នៅតំបន់អាស៊ី ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ថ្មីៗនេះ។
លោក ស៊ុំ វណ្ណា កាន់បរិញ្ញាប័ត្រអប់រំកាយ និង កីឡា ពីប្រទេសគុយបា កាលពីឆ្នាំ២០០៩។ លោកធ្លាប់ធ្វើជាគ្រូជំនួយក្លឹបបៀលប្រាយ ពីឆ្នាំ២០១៣-២០១៥ មុននឹងបន្តទៅកាន់តំណែងជាគ្រូធំក្លិបមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) កាលពីរដូវកាល២០១៥-២០១៦ ហើយបានជួយឲ្យក្លឹបនេះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោកបានចុះកិច្ចសន្យាជាផ្លូវការដឹកនាំក្រុមវេស្ទើន កាលពីដើមរដូវកាល ឆ្នាំ២០១៧ ខណៈនៅឆ្នាំនោះដែរលោកបានបញ្ចប់វគ្គសិក្សាគ្រូបង្វឹកផ្នែកអាជ្ញាប័ណ្ឌ B (AFC B License)។ នៅរដូវកាលកន្លងទៅលោកនៅទំនេរ ដោយដឹកនាំក្រុមក្រៅផ្លូវការមួយចំនួនបណ្តោះអាសន្នផងដែរ៕
Source: Kampuchea Thmey Daily
0 Comments