ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យភាគីចិនជំរុញអ្នកវិនិយោគរបស់ខ្លួនឱ្យមករកស៊ីនៅកម្ពុជាឲ្យបានច្រើនថែមទៀតដើម្បីបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋសំដៅបង្កើនប្រាក់ចំណូលគ្រួសារកាន់តែប្រសើរឡើង។
ថ្លែងនៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ជាំង ណាន អគ្គនាយកនៃនាយកដ្ឋានច្បាប់ របស់មជ្ឈមណ្ឌលការងារចិនដើម្បីសហប្រតិបត្តិការអន្តរជាតិ (CWCIE) នៃសហជីពទូទាំងប្រទេសចិន (ACFTU) កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នៅទីស្ដីការក្រសួង លោករដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលមានឯកឧត្តម ស៊ី ជិនពីង ជាប្រធានាធិបតី។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់មហាយក្សចិន ដែលទើបតែបញ្ចប់មហាសន្និបាត កាលពីពេលថ្មីៗកន្លងទៅនេះ ហើយកម្ពុជាក៏ជាប្រទេសមួយ ដែលទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការអនុវត្តគោលនយោបាយនេះ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា «មិនត្រឹមតែទទួលបានកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យគមនាគមន៍ ហេដ្ឋារចនាសម្ពន្ធ ទេសចរណ៍ និងវិស័យមួយចំនួនទៀតប៉ុណ្ណោះទេ កម្ពុជាក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើន លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាការវិនិយោគលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ពីការគាំទ្រគោលនយោបាយខ្សែក្រវាត់ និងផ្លូវនេះផងដែរ»។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលគាំទ្រដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជាហើយក៏មិនខុសពីប្រទេសចិនប៉ុន្មានដែរ ត្រង់ថាប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខ២ ដូចពេលបច្ចុប្បន្ន ក៏ដោយសារថ្នាក់ដឹកនាំចិនបានគ្រប់គ្រងនូវស្ថិរភាពក្នុងបក្សកុំម្មុយនីស្តចិនបានល្អប្រសើរ។
ទន្ទឹមនឹងនេះដែរលោករដ្ឋមន្ត្រីបានស្នើឱ្យសហជីពនៃប្រទេសទាំងពីរ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នា ឱ្យបានកាន់តែប្រសើរឡើង ដើម្បីបង្កើនការរួមចំណែកការពារផលប្រយោជន៍របស់កម្មករនិយោជិត និងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ លើផ្នែកសហជីពនេះ។
លោករដ្ឋមន្ត្រីបានស្នើនៅចំពោះមុខលោកស្រី ជាំង ណាន សូមឱ្យភាគីសហជីពនៅប្រទេសចិនធ្វើយ៉ាងណាជួយជំរុញអ្នកវិនិយោគចិន មកបណ្ដាក់ទុកវិនិយោគបន្ថែមឱ្យកាន់តែច្រើននៅប្រទេសកម្ពុជានិងឲ្យមហាមិត្តចិនឱ្យជួយបង្កើនការបញ្ជាទិញទំនិញពីកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតព្រោះថាការជួយទិញទំនិញ និងការមកវិនិយោគនៅកម្ពុជាកាន់តែច្រើន គឺដូចជាជួយដល់ប្រទេសនិងប្រជាជនកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណ ១,២០០កន្លែង ក្នុងនោះស្ថិតក្រោមការវិនិយោគរបស់អ្នកវិនិយោគចិនមានប្រមាណ ៧០០កន្លែង។
ដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រតិភូសហជីពចិននាពេលនេះ ធ្វើឡើងតាមរយៈការអញ្ជើញរបស់លោក សោម អូន ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)។
ចំណែកលោក សោម អូន ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា បានស្នើឲ្យលោកស្រី ជាំង ណានជួយបណ្តុះបណ្តាលដល់មន្ត្រីសហជីពកម្ពុជាដើម្បីឲ្យពួកគេមានសមត្ថភាពបន្ថែមក្នុងការចូលរួមដោះស្រាយរាលវិវាទនានាជួនដល់កម្មករនិយោជិតប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ លោកក៏បានជំរុញឲ្យលោកស្រី ជាំងជួយបណ្តុះបណ្តាលជំនាញខ្ពស់លើវិស័យកាត់ដេរដល់កម្មករនិយោជិតផងដែរដើម្បីឲ្យពួកគេអាចមានសមត្ថភាពក្នុងការបង្កើនការផលិតឲ្យបានកាន់តែច្រើនថែមទៀតកលើកស្ទួយដល់វិស័យកាត់ដេរនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង៕
Source: Kampuchea Thmey Daily
0 Comments