ខ្សែប្រយុទ្ធជនជាតិកូរ៉េខាងត្បូងកីឡាករ Gi Sung Yeon ដែលបានចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង កាលពីដើមរដូវកាលមកនេះ កំពុងតែញាំញីរបួសជង្គង់ ក្រោយជួយក្រុមខ្លួនប្រកួតឈ្នះក្រុមអគ្គីសនីកម្ពុជា កាលពីចុងសប្ដាហ៍មុន ខណៈរបួសនេះតម្រូវឱ្យរូបគេសម្រាកព្យាបាលខ្លួនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍។
យោងតាមការបញ្ជាក់នៅលើហ្វេសប៊ុករបស់ក្លិបព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Gi Sung នឹងត្រូវសម្រាកពីលើទីលានប្រមាណ ២ ទៅ៣ សប្តាហ៍ ដោយសារបញ្ហារបួសជង្គង់ក្នុងជំនួបជាមួយក្លិប អគ្គិសនីកម្ពុជា កាលពីសប្តាហ៍ទី៥កន្លងទៅ។របួសជង្គង់ខាងឆ្វេង (Left knee Meniscus tear 30% ) ទ្រនាប់ជង្គង់ ខាងឆ្វេង មានសភាពយឺត 30% ធ្វើអោយកីឡាករវ័យ៣០ឆ្នាំរូបនេះខកខានកាលពីជំនួបស្មើគ្នា១ទល់១ អង្គរថាយហ្គឺរ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។
កីឡាករ Gisung Yeon កើតនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៨៩ នៅទីក្រុង Suwon នៃសាធារណរដ្ឋកូរ៉េខាងត្បូង។ អាជីពបាល់ទាត់របស់គេមានកំណើតចេញពីសាលា Baekam High School នៅទីក្រុង Yongin និងបន្តចេញទៅសកលវិទ្យាល័យ Honam University ក្នុងទីក្រុង Gwangju មុនចេញទៅលេងនៅក្លិបGyeongnam ដែលជាសមាជិកនៃលីគកំពូលកូរ៉េខាងត្បូង។
រូបគេបានដើរចេញប្រកបអាជីពនៅក្រៅប្រទេសចាប់ពីឆ្នាំ២០១១ មកដោយធ្វើដំណើរមកកាន់ប្រទេសថៃ ចូលរួមជាមួយក្រុមTTM Phichit, BEC Tero, PTT Rayong តែនៅឆ្នាំ២០១៥ គេបានផ្លាស់ទៅលេងនៅក្លឹប Yadanarbon ក្នុងប្រទេសមីយ៉ាន់ម៉ា វិញម្តង។ ក្នុងពាក់កណ្តាលរដូវកាលឆ្នាំ២០១៦ គេបានត្រឡប់មកចូលរួមជាមួយក្រុមBangkok Christian Collegeនៅប្រទេសថៃសាជាថ្មីម្តងទៀត។ លុះដល់ដើមឆ្នាំ២០១៧ គេបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយចូលរួមជាមួយក្រុមភ្នំពេញក្រោន មួយរដូវកាល ហើយរដូវកាល២០១៨ រូបគេបន្តទៅលេងនៅលីគម៉ាឡេស៊ី មុនត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០១៩នេះ៕
Source: Kampuchea Thmey Daily
0 Comments