ភ្នំពេញ ៖ បងប្អូនអ្នកបើកបរត្រីចក្រយានយន្ត ចំនួន ៣០៤៤នាក់ បានមករៀនច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃ នៅថ្ងៃ ០៨ ឧសភាឆ្នាំ២០១៩នេះ ហើយនេះ ជាវគ្គទី៩ហើយ នៃការបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក ។
បើយោងតាមរបាយការណ៍បើកវគ្គបណ្ដុះបណ្ដាលម៉ូតូកង់បីនៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់ថា មកដល់ពេលនេះ បានឈានដល់ វគ្គបណ្ដុះបណ្ដាលទី៩ ដែលមាន សិក្ខាកាមសរុបចំនួន ៦៤៣៥នាក់ នោះសិក្ខាកាមដាក់ពាក្យប្រឡងមានចំនួន ៣០៤៤នាក់ សិក្ខាកាម ប្រឡងជាប់មានចំនួន១៦០៩នាក់ ស្មើនិង៥៣% សិក្ខាកាមប្រឡងធ្លាក់មានចំនួន ១៣២១នាក់ ៤៣ភាគរយ សិក្ខាកាមប្រលងអវត្តមានចំនួន១១៤នាក់ស្មើនឹង ៤ភាគរយ។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់បងប្អូនអ្នកបើកបរទាំងអស់ ដែលបានចូលរួមវគ្គ និងបានសូមអបអរសាទរដល់បងប្អូនដែលបានដាក់ពាក្យប្រឡងយកប័ណ្ណបើកបរ ដោយលទ្ធផលជាប់បាន ៥៣% ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះ នឹងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ រយៈពេល ២ខែ ចាប់ពីថ្ងៃទី២ខែមីនា ដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ ចំនួន ២ទីតាំង ដូចជានៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងមួយទីតាំងទៀតនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
គួរបញ្ជាក់ទៀតថា ការបើកវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃ សម្រាប់បងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរ៉ឺម៉កសណ្តោងខាងលើនេះ ធ្វើឡើងក្រោយរដ្ឋបាលរាជធានីភ្នំពេញសេចក្តីជូនដំណឹងមួយស្ដីពីការ បើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរ ត្រីចក្រយានយន្តទោចក្រយានយន្ត សណ្ដោងរ៉ឺម៉កដោយឥតគិតថ្លៃ កាលពីថ្ងៃទី០១មីនាកន្លងមកនេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យទាំងស្រុងថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹង ដល់អ្នកបើកបរត្រីចក្រយានយន្តនិងទោចក្រយានយន្ត ទាំងអស់អោយបានជ្រាបថា កន្លងមកនេះបងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញភាគច្រើនបានបើកបរយានយន្តលើដងផ្លូវដោយពុំមានប័ណ្ណបើកបរយានយន្តត្រឹមត្រូវ។ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរនិងដើម្បី អោយការធ្វើចរាចរណ៍រាប់តាមច្បាប់ចរាចរផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញបានចាត់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូន ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១៧ល្ងាចនិងមានរយៈពេល ២ខែគិតចាប់ ពីថ្ងៃសៅរ៍ទី ២ ខែមីនាដល់ថ្ងៃទី ៤ខែឧសភាឆ្នាំ ២០១៩ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្តផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរួចបងប្អូនអាចដាក់ពាក្យប្រឡង ទ្រឹស្តីនិងប្រឡងដៃចង្កូតដើម្បីទទួលបានប័ណ្ណបើកបរយានយន្តប្រភេទ ក។
អាស្រ័យហេតុនេះសូមអញ្ជើញបងប្អូនអ្នកបើកបរយានយន្តគ្រប់ប្រភេទដូចបានរៀបរាប់ខាងលើត្រូវរួសរាន់សហការ និងចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យបានគ្រប់គ្នា។ ផុតពីរយៈពេលពីរខែបន្ទាប់ពីការជូនដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនមានការលើកលែងទៀតឡើយ៕
Source: Kampuchea Thmey Daily
0 Comments