Ad Code

កីឡាករ តាំង ពិសី របស់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ជួប​គ្រោះថ្នាក់​ចរាចរណ៍​



នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​៦ ខែឧសភា ឆ្នាំ​២០១៩ ថ្មីៗ​នេះ​ខ្សែការពារ​របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ សមាជិក​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) គឺ​កីឡាករ តាំង ពិសី បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅវេលា​ម៉ោង​២១:០០​នាទី ម្តុំ​មុខ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ក្នុង​ទី​រួម​ខេត្តសៀមរាប ខណៈ​ពេលនេះ​រូបគេ​បាន​ត្រឡប់​ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​របស់ខ្លួន​វិញ​ហើយ​។​

​យោងតាម​ការបញ្ជាក់​នៅ​លើ​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប មួយ​នេះ​បញ្ជាក់ថា​ ខ្សែការពារ​ស្លាប​ឆ្វេង តាំង ពិសី បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​វាក់អី​ជាមួយ​ឡាន​ដឹក​ដី​នៅ​ចំណុច​ផ្លូវបែក​ជា​បី ទល់មុខ​សាលា​សង្កត់ ស្វាយដង្គុំ ខេត្ត សៀមរាប​។ ភ្លាមៗ​នោះ ត្រូវបាន​សាច់ញាតិ និង​មិត្ត​ភ័ក្ត្រ បាន​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត និង​បានធ្វើការ​ស្កេ​ន​ពិនិត្យ​ផ្នែក​ក្បាល​ផងដែរ​។

​ជា​លទ្ធផល​លោកគ្រូ​ពេទ្យ​បានអោយដឹងថា របួស​របស់​កីឡាករ តាំង ពិសី ពុំមាន​ការប៉ះពាល់​ដល់​ផ្នែក​ខួរក្បាល​នោះទេ និង​មិនមាន​អាការៈ​ធ្ងន់ធ្ងរ​នោះដែរ ដោយ​គ្រាន់តែ​បាក់ឆ្អឹង​ខាងលើ និង​ក្រោម​ភ្នែក​បន្តិច និង​រយះ​ត្រង់​ចិញ្ចើម​ដេរ​៧​ថ្នេរ​។ ក្រោយ​ពេទ្យ​ពិនិត្យ​និង​ព្យាបាល​បឋម​រួចរាល់​កីឡាករ តាំង ពិសី បាន​ត្រឡប់មក​សម្រាក​នៅផ្ទះ​វិញ​ហើយ​។​

​ទន្ទឹមនឹង​គ្នា​នេះដែរ​លោក Akihiro Kato ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ដែល​កំពុងតែ​ធ្វើដំណើរ​ទៅ​ត្រួតពិនិត្យ​ក្លិប​របស់លោក​មួយទៀត​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​ចូលរួម​សោកស្តាយ​ចំពោះ​គ្រោះថ្នាក់​ដល់​កីឡាករ​របស់ខ្លួន​ហើយ​លោ​កស​ង្ឃឹម​ថា​កីឡាករ តាំង ពិសី នឹង​ជាសះស្បើយ​ដូចដើម​វិញ​ក្នុងពេល​ឆាប់ៗ​។ បុរស​ជនជាតិ​ជប៉ុន​រូបនេះ​រំពឹងថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នឹង​ថមថយ​ជាង​មុន​នៅ​ថ្ងៃ​អនាគត​។

​បញ្ហា​របួស​របស់​កីឡាករ តាំង ពិសី ទំនង​មិនទាន់​ចូលរួម​ជួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ របស់ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃអាទិត្យ ទី​១២​ខែឧសភា ឆ្នាំ​២០១៩ ខាងមុខ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ប្រចាំ​សប្ដាហ៍​ទី​៧ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019)៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu