កណ្តាល ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញទៅពិនិត្យវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន នៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
នាឱកាសនេះ លោកប្រធានវិទ្យាស្ថានបានជម្រាបជូនលោកថាវិទ្យាស្ថានបានបង្កើតឡើងនៅឆ្នាំ២០១៣ លើផ្ទៃដី ៣០ហត ដោយចែកជាអគាររដ្ឋបាល ស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ អគារស្នាក់នៅ និងមន្ទីរពិសោធន៍។ វិទ្យាស្ថានមានកាតព្វកិច្ច ២សំខាន់ គឺទី១. បន្សុត បង្កាត់ពូជ និងអភិរក្សពូជត្រីដែលជិតផុតពូជ ទី២.សិក្សាស្រាវជ្រាវពូជ និងផ្សព្វផ្សាយ និងទី៣. បណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាកសិករ មន្ត្រី និងនិស្សិត។ បច្ចុប្បន្នកំពុងធ្វើការសិក្សាស្រាវជ្រាវបង្កាត់ពូជត្រីដោយចែកចេញជាត្រីផលិតកម្មមានដូចជាត្រីព្រលូង កាប ឆ្ពិន កន្ធរ កាហែ កាបស កាបក្បាលធំ ទីឡាព្យា និងប្រភេទត្រីស្រាវជ្រាវមានដូចជាត្រីគ្រំ ក្រាយ ត្រចៀកដំរី និងត្រីខ្យា។
បន្ទាប់ពីបានចុះពិនិត្យវិទ្យាស្ថានរួច លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីដែលបានខិតខំប្រឹងប្រែង តស៊ូក្នុងស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាស្ថានឲ្យមានការរីកចម្រើនដែលសាកសមទៅនឹងឈ្មោះថា វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន ពិតប្រាកដ។ មានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថាន លោកសុំឲ្យវិទ្យាស្ថានគិតគូរពីការធ្វើពាណិជ្ជកម្ម គឺមានន័យថាបង្កាត់ពូជ ចិញ្ចឹម និងធ្វើអាជីវកម្មដើម្បីបង្កើតប្រភពចំណូលយកមកបំពេញបន្ថែមនូវតម្រូវការរបស់វិទ្យាស្ថានធ្វើយ៉ាងណាឲ្យវិទ្យាស្ថានមានការវិវឌ្ឍន៍ដោយចិរភាព និងនិរន្តរភាព ជាពិសេសលើកកម្ពស់កំរិតជីវភាពរបស់មន្ត្រីវិទ្យាស្ថានឲ្យបានល្អប្រសើរ។
គួរស្វែងរកដៃគូជាមួយក្រុមហ៊ុនឯកជន ឬកសិដ្ឋានចិញ្ចឹមត្រីដើម្បីសហការធ្វើជាអ្នកផ្គត់ផ្គង់កូនត្រីក៏ជាការល្អ។ ត្រូវលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ និងបង្កើនការងារស្រាវ ជ្រាវ និងអភិរក្សបន្ថែមទៀត ជាពិសេសប្រភេទត្រីដែលជិតផុតពូជ និងរួមគ្នាថែរក្សាវិទ្យាស្ថានទាំងមូលឲ្យបានគង់វង្ស ទុកជាប្រយោជន៍សម្រាប់បម្រើការងារស្រាវជ្រាវវិស័យជលផល និងជាសម្បត្តិរដ្ឋដ៏មានតម្លៃទាំងពេលបច្ចុប្បន្ន និងអនាគត។ ខិតខំស្វែងរកដៃគូមកជួយទាំងថវិកា និងការងារបច្ចេកទេសចិញ្ចឹម និងបង្កាត់ពូជ ដើម្បីបង្កើនកម្រិតបច្ចេកទេសស្រាវជ្រាវឲ្យបានសមស្របតាមស្តង់ដារក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ឈានទៅធ្វើការចិញ្ចឹម ការកែច្នៃ និងនាំចេញផលិតផលត្រីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត៕
Source: Kampuchea Thmey Daily
0 Comments