ស្ទឹងត្រែង ៖ ស្ថានីយប្រេងឥន្ធនៈ និងហ្គាស៍មួយកន្លែង ដែលមានយីហោប៉ាវចិន្តា២ បានឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យផ្ទុះធុងហ្គាស៍រង្គើផ្ទះ ធ្វើអោយប្រជាពលរដ្ឋភ័យស្លន់ស្លោយ៉ាងខ្លាំង។
ហេតុការណ៍ឆេះស្ថានីយប្រេងឥន្ធនៈ និងផ្ទះនេះ បានបង្កឡើងកាលពីវេលាម៉ោង 5 និង 30 នាទីល្ងាចថ្ងៃទី 2 ខែឧសភាឆ្នាំ 2019ត្រង់ចំណុចជិតផ្សារចែហួង ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ក្រុងខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ មានឈ្មោះយីហោប៉ាវចិន្តា២ ដែលមានលក់សាំងនិងហ្គាស៍ដ៏ធំមួយនៅចំណុចខាងលើនោះ។
បើតាមការរៀបរាប់របស់បុរសម្នាក់ ដែលជិះឡានទៅចាក់សាំងនៅចំណុចនោះបាននិយាយថា មុនពេលកើតហេតុម្ចាស់ស្ថានីយបានផ្សារដែក ខណៈមេឃកំពុង ហើយបានខ្ទាតផ្កាភ្លើង រួចមានចំហាយហ្គាស៍ធ្វើឲ្យមានការឆាបឆេះតែម្ដង។ បន្ទាប់ពីឆេះនេះ ធុងហ្គាស៍មួយដ៏ធំបានផ្ទុះយ៉ាងខ្លាំងធ្វើឲ្យរង្គើផ្ទះប្រជាពលរដ្ឋនិងមានដែកអំបែងហោះហើរពេញមេឃធ្លាក់ ធ្វើអោយមានប្រជាពលរដ្ឋមួយចំនួនរងរបួសផងដែរ។
បច្ចុប្បន្នស្ថានីយប្រេងនេះ កំពុងតែឆាបឆេះនៅឡើយមិនទាន់ធ្វើការគ្រប់គ្រងបាននៅឡើយទេឃើញថា កាន់តែឆេះខ្លាំងឡើងយ៉ាងសន្ធោសន្ធៅ ទោះបីជាសមត្ថកិច្ចខំប្រឹងប្រែងយករថយន្តអគ្គិភ័យចំនួនជាច្រើនគ្រឿងជួយអន្តរាគមន៍យ៉ាណាក្តី ក៏មិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយទេ។ ពេលនេះសមត្ថកិច្ចកំពុងតែដុតដៃដុតជើង និងមានលោកស្នងការ និងមេបញ្ជាការកងរាជអាវុធហត្ថចុះដឹកនាំផ្ទាល់ដើម្បីធ្វើការគ្រប់គ្រងស្ថានភាពខាងលើនេះ។ ចំណែកការខូចខាតផ្ទះពលរដ្ឋដែលនៅជុំវិញនោះ ដែលរងផលប៉ះពាល់ពីការផ្ទុះនេះ យើងមិនទាន់ដឹងថាមានចំនួនប៉ុន្មានឡើយទេពេលនេះសមត្ថកិច្ចកំពុងតែធ្វើការចុះអន្តរាគមន៍ និងយករថយន្តអគ្គិភ័យបន្ថែមទៀតដើម្បីគ្រប់គ្រងស្ថានការណ៍នេះ៕
Source: Kampuchea Thmey Daily
0 Comments