Ad Code

អតីត​សិស្ស​និង​គ្រូៗ​សាលា​បាក់​ទូក​ ផុស​នូវ​មនោសញ្ចេតនា​ស្និទ្ធស្នាល នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី



ភ្នំពេញ ៖ អតីត​សិស្ស​និង​គ្រូៗ​សាលា​បាក់​ទូក​ បាន​ផុស​ចេញ​នូវ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ស្និទ្ធស្នាល​បំផុត ​ខណៈ​នាំគ្នា​ផ្ដួច​ផ្ដើមធ្វើ​ពិធី​ជួបជុំ​សំណេះសំណាល​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ កាល​ដើម​សប្តាហ​ទីមួយ​នៃ​ខែឧសភា​ឆ្នាំ​២០១៩​ថ្មីៗ​។ ជាមួយនឹង​ពិធី​ជួបជុំ​នោះ ​លោកស្រី​ចាន់ សា​ណា អតីត​សិស្សសាលា​បាក់​ទូក និង​ជា ភរិយា​របស់​អគ្គនាយក​ក្រុមហ៊ុន​ឱសថ PPM អម​ជាមួយ​មិត្ត​រួម​ជំនាន់ បាន​នាំ​យក​ថ្នាំពេទ្យ​ចំនួន​៤០០​ប្រអប់ ឧបត្ថម្ភ​ជូន​អតីត​លោកគ្រូ អ្នកគ្រូ ដែល​បាន​ធ្លាប់​បង្ហាត់បង្រៀន​ក្រុម​ខ្លួន​ក្នុង​អំឡុង​ឆ្នាំ ១៩៨៦-១៩៨៩ តាមរយៈ​សិស្ស​ច្បង​ក្នុង​ក្រុម គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។



ពិធី​ជួបជុំ​ប្រគល់​ថ្នាំពេទ្យ​នេះ​ គឺ​ធ្វើ​ឡើង​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​អតីត​សិស្ស​និង​គ្រូ​សាលា​បាក់​ទូក​បាន​ផុស​ចេញ​នូវ​មនោសញ្ចេតនា​ស្រឡាញ់​ដោយ​ក្តី​នឹករលឹក​ពីគ្នា​ទៅ​ទៅមក​ដែល​ក្នុង​ឱកាស​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងថា គ្មានអ្វី​ដែល​ល្អ​ជាង​ការ​ចេះ​ជួយ​យក​អាសារ​គ្នា​ប្រកបដោយ​ទឹកចិត្ត​ស្មោះត្រង់​នេះ​ហើយ ​ដែល​ប្រសើរ​បំផុត​ ខណៈ​ពេល​ដែល​យើង​ទាំងអស់​បាន​ចូលរួម​ការងារ​និង​កាតព្វកិច្ច​បំរើ​សង្គមជាតិ​និង​ប្រជា​ជនតា​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​ជា​បិតា​សន្តិភាព​ និង ​អភិវឌ្ឍន៍​ប្រទេស​តាំងពី​បាទ​ដៃទទេ​នោះ​ រហូត​មាន​អ្វីៗ​គ្រប់​យ៉ាងដូច​សព្វ​ថ្ងៃ​នេះ។



ក្នុង​ឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ រ័ត្ន ស្រ៊ាង​ ក៏​បាន​ឧបត្ថម្ភ​ថវិកា ជូន​ដល់​លោកគ្រូ​អ្នកគ្រូ ក្នុង​ម្នាក់ៗ​១០០​ដុល្លារ បន្ទាប់មក​អតីត​សិស្ស​និង​គ្រូ បាន​ជួបជុំ​ជជែក​សួរសុខទុក្ខ​គ្នា រំលឹក​អនុស្សាវរីយ៍​ដែល​ធ្លាប់​ឆ្លងកាត់​ជាមួយគ្នា និង​បាន​នាំ​គ្នា​ដើរ​ទស្សនា​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ យ៉ាង​សប្បាយរីករាយ​ស្និទ្ធស្នាល​បំផុត​ដែល​នឹកស្មាន​មិន​ដល់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu