ក្លិបបាល់ទាត់បឹងកេត សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) និងសាលារៀនអន្តរជាតិវេសឡាញ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ថ្មីៗនេះក្នុងគោលដៅពង្រឹងលើផ្នែកវិស័យបាល់ទាត់និងអប់រំ ក្នុងថ្ងៃអនាគត។
នៅក្នុងកម្មវិធីចុះ MOU នោះមានការចូលរួមពីអ្នកស្រីប្រធានក្លិប ពុធ ធីតា លោកជំទាវ ឌិត នីតា តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលក្លិប លោក បែ មករា អគ្គលេខាធិការក្លិប រួមជាមួយនឹងកីឡាករក្រុមធំនិងក្រុមយុវជនផងដែរ។ រីឯភាគីសាលារៀនវេសឡាញវិញ លោក ប៉ិច បូឡែន ជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប និងថ្នាកដឹកនាំសាលាប្រចាំសាខានានាក្នុងរាជធានីភ្នំពេញព្រមទាំងប្អូនៗសិស្សានុស្សិស្ស របស់សាលាជាច្រើនរូប។
យោងតាមវិបសាយរបស់ក្លិបបានបញ្ជាក់ថា ខ្លឹមសារសំខាន់ៗដែលបានធ្វើឡើងនៅក្នុងកម្មវិធីនេះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃអនុស្សរណៈយោគយល់គ្នា ដែលនឹងផ្តល់ឲ្យភាគីទាំងសងខាងនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងវិស័យបាល់ទាត់ និងវិស័យអប់រំ ក៏ដូចជាការសម្រាំងយកនូវកីឡាករដ៏ល្អឥតខ្ចោះជាច្រើនទៅថ្ងៃអនាគត។
សូមរំលឹកថា ក្រុមបឹងកេត ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ចំនួន៣លើកផងដែរ ខណៈនៅរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្លិបដែលមានប្រភពមកពីខេត្តកំពង់ចាម បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងចំណាត់ថ្នាក់លេខ២ Metfone Cambodian League មាន៤៩ពិន្ទុ ក្រោយឈ្នះបាន១៥ លើក ហើយស្មើគ្នាបាន៤ លើកនិង ចាញ់៣ប្រកួត។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមបឹងកេត បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយក្រោយចាញ់ក្រុមណាហ្គាវើល៕
Source: Kampuchea Thmey Daily
0 Comments