បន្ទាយមានជ័យ ៖ ក្មេងទំនើង១ក្រុមមានគ្នា១០នាក់ចិត្តសាហាវជិះម៉ូតូបង្កអុកឡុកតាមទីសាធារណៈយកដុំថ្មគប់មកលើអាវុធហត្ថម្នាក់បណ្តាលឲ្យរបួសធ្ងន់ពេលកំពុងសួរជនរងគ្រោះដែលជនសង្ស័យបង្កត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ សហការជាមួយកម្លាំងប្រតិបត្តិការកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងទទួលការងារយុត្តិធម៌ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ចំណែក៨នាក់ទៀត គេចខ្លួនបាត់ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៩ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦ ខាងត្បូងផ្លូវចូលមជ្ឈមណ្ឌលកំសាន្តផ្សារហ៊ុយឡេង ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានបញ្ជូនមកទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះមានជនរងគ្រោះម្នាក់ បានរត់មកប្តឹងអាវុធហត្ថមិនទាន់សួរនាំអីផង ស្រាប់តែមានជនបង្កមានគ្នា១០នាក់ជិះម៉ូតូ៤គ្រឿង ទាំងហ្វូងមកឈប់កន្លែងអាវុធហត្ថសួរនាំ ហើយបានធ្វើសកម្មភាពយកដុំថ្មគប់មកលើចំសមត្ថកិច្ចម្នាក់ បណ្តាលឲ្យត្រូវសុះពេញខ្លួនសន្លប់នៅកន្លែងកើតហេតុដោយរបួសធ្ងន់ពេកអាវុធហត្ថដែលរងគ្រោះនោះ បានបញ្ជូនទៅប្រទេសថៃ ដើម្បីសង្គ្រោះបន្ទាន់។
ក្រោយមកទៀត ទើបមានកម្លាំងអាវុធជាច្រើននាក់ធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្កបាន២នាក់១មានឈ្មោះ ផុន ភារិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២មានឈ្មោះ ពៅ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ក្នុងពេលកើតហេតុពួកគេពិតជានៅជាមួយក្រុមក្មេងទំនើង១ក្រុម ដែលបង្កហេតុខាងលើពិតប្រាកដមែន ដោយសារតែជនបង្កទាំងអស់ចូលចិត្តជិះម៉ូតូបង្កអុកឡុកនៅពេលយប់ឲ្យតែទើសចិត្តវ៉ៃប្រាវតែម្តង។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ជនសង្ស័យខាងលើ អាចត្រូវចោទពីបទវ៉ៃមនុស្សដោយវត្ថុរឹងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ ចំណែកបក្សពួកទាំង៨នាក់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់យកមកញាត់គុកឲ្យទាល់តែបាននៅពេលឆាប់ៗនេះ៕
Source: Kampuchea Thmey Daily
0 Comments