កាសែតមួយបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានស្នើសុំជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌក្នុងគោលបំណងស្តារចំណងទាក់ទងការទូតរវាងគូសត្រូវជាប្រវត្តិសាស្ត្រទាំងពីរនេះឡើងវិញ។
ថ្មីៗនេះ លោក អាបេ បានបន្ទន់វោហាសាស្ត្ររបស់គាត់ដាក់ទីក្រុងព្យុងយ៉ាងដោយអំពាវនាវឲ្យមានកិច្ចប្រជុំកំពូលមួយជាមួយលោក គីម ដើម្បីដោះស្រាយជម្លោះជុំវិញការចាប់ពង្រត់ជនជាតិជប៉ុនដោយភ្នាក់ងារក្រុងព្យុងយ៉ាងកាលពីអតីតកាល។
នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Sankei Shimbun កាលពីថ្ងៃពុធ លោកអាបេបាននិយាយថា “ខ្ញុំចង់ជួបលោកប្រធានគីមជុងអ៊ុនដោយឥតលក្ខខណ្ឌហើយនិយាយជាមួយគាត់ដោយស្មោះត្រង់”។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា “វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសរបស់យើងចំពោះភាពសកម្មក្នុងការដោះស្រាយបញ្ហានេះ”។
លោកនិយាយថា “យើងមិនអាចបំបែកភាពមិនទុកចិត្តគ្នាទៅវិញទៅមករវាងជប៉ុននិងកូរ៉េខាងជើងបានទេប្រសិនបើខ្ញុំមិនបានជួបផ្ទាល់ជាមួយលោកគីម”។
ទីក្រុងតូក្យូស្ថិតក្នុងចំណោមមហាអំណាចដែលរងការគំរាមពីកូរ៉េខាងជើងហើយបានទទួលរងវោហាសាស្ត្រដ៏សាហាវមួយចំនួនរបស់ក្រុងព្យុងយ៉ាងក៏ដូចជាមីស៊ីលដែលបាញ់លើទឹកដីរបស់ខ្លួនផងដែរ។
រហូតមកដល់ចុងឆ្នាំ២០១៧ កូរ៉េខាងជើងបានសាកល្បងមីស៊ីលដែលហោះឆ្ពោះទៅឬលើប្រទេសជប៉ុន ដែលជាហេតុបង្កឲ្យមានការព្រមានបន្លឺឡើងតាមប្រដាប់បំពងសំឡេងនិងជំរុញការអំពាវនាវឲ្យមានជំហររឹងមាំប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ ប្រទេសជប៉ុនដឹងខ្លួនឯងថាកំពុងតែតស៊ូដើម្បីរក្សាខ្លួនឲ្យជាប់ពាក់ព័ន្ធនៅក្នុងបញ្ហាកូរ៉េខាងជើងដែលកំពុងវិវត្តយ៉ាងឆាប់រហ័សខណៈពេលដែលលោកគីមកំពុងពង្រីករង្វង់ការទូតរបស់គាត់។
លោកគីមបានជួបមេដឹកនាំរុស្សីលោកវ្ល៉ាឌីមៀរពូទីនកាលពីសប្តាហ៍មុនបន្ទាប់ពីកិច្ចប្រជុំជាច្រើនលើកជាមួយប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ប្រធានាធិបតីចិនស៊ីជីនភីងនិងមេដឹកនាំកូរ៉េខាងត្បូងលោកមូនចេអ៊ីន៕ AFP
Source: Kampuchea Thmey Daily
0 Comments