Ad Code

រឿង សា​រ័ត្ន ផ្តួល​ហ្វា​មៀ​ឆៃ​អោយ​សន្លប់​លើស​ង្វៀន Boostrong Fighter On Fire SEA- TV



រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្ដួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ ដែល​ឆ្លងដែន​មកជួប​ប្រកួត​ជាមួយ​ឲ្យ​សន្លប់​នៅលើ​សង្វៀន​Boostrong Fighter On Fire SEA TV​ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩។

រឿង សា​រ័ត្ន ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​ហ្វា​មៀ​ឆៃ (Fa Mechhai) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូ​ក្រាម។ ក្នុងការ​ជួបគ្នា​នេះ សា​រ័ត្ន ដែលជា​ជា​ជើង​ខ្លាំង​មួយរូប​របស់​កម្ពុជា បាន​វាយ​អ្នក​ប្រដាល់​ថៃ​ហ្វា​មៀ​ឆៃ ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨​ ក្នុង​ទឹក​ទី​១​ម្តង តាមរយៈ​ការ​ទាត់​ជើង​ក្រោម​របស់​ មៀ​ឆៃ ឲ្យ​ឈឺ​ដួល​លើ​រេញ។

មកដល់​ទឹក​ទី​២ ហ្វា​មៀ​ឆៃ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្តងទៀត ដោយសារ​ត្រូវ​កែង​របស់​សា​រ័ត្ន ហើយ​មក​ដល់​ការប្រកួត​ទឹក​៣ ហ្វា​មៀ​ឆៃ ក៏ត្រូវ​រឿង សា​រ័ត្ន វាយ​កែង​ចំ​ចង្កា ធ្វើឲ្យ​សន្លប់​ក្រោក​លែងរួច​តែម្តង។​

ចំពោះ​ការប្រកួត​មិត្តភាព​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ធឿន វី​ថា​ត់ អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​ និង​កីឡា​ស្រុក​អន្លង់វែង បាន​វាយ​ឈ្នះ ហេង សំរាំង អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ដោយ​ពិន្ទុ ក្នុង​ការ​ជួបគ្នា​ទម្ងន់៦៩គីឡូក្រាម។​

វី​ថា​ត់ គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ មាន​កណ្តាប់ដៃ​ធ្ងន់ ជើង​ទាត់​ខ្លាំង ហើយ​វាយ​មាន​ផ្លែ​ល្អ​ថែម​ទៀត។ គេ​ទើប​មក​ប្រកួត​នៅ​សង្វៀន​ភ្នំពេញ​ម្តង​ពីរដង​ប៉ុណ្ណោះ។ មក​ប្រកួត​កាលពី​ថ្ងៃទី​១៧ ខែ​មីនា​ឆ្នាំ​២០១៩ គេ​បាន​ភ្លាត់ស្នៀត ត្រូវ​ឈាន ហុង អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ផ្តួល​អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤ តែ​លើក​នេះ​ធឿន វី​ថា​ត់ បាន​វាយ​ឈ្នះ​ហេង សំរាំង​ដោយ​ពិន្ទុ។​

ចំពោះ​ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង បាន​ប្រកួត​ចាញ់ សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ពីរ​នាក់​ជួបគ្នា​ក្នុង​ទម្ងន់៥៧គីឡូក្រាម។

ងឿ​ន វិចិត្រ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ងួន គា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី​នោះ បាន​វាយ​ចាញ់​ងួន គា ដោយ​ពិន្ទុ។​ ពួកគេ​ទាំងពីរ​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែរ។

•​សារឿន ច័ន្ទ សន្លប់​ទឹក​១ ខណៈ​វ៉ាន់ វឿន​ ឈ្នះ​យ៉​ត វ៉ាន់ឌី​ ដោយ​ពិន្ទុ
​សារឿន ច័ន្ទ អ្នក​ប្រដាល់​ជើងចាស់ នៃ​ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​សាក​កណ្តាប់​ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​យ៉​ត​ ចាក់​ភេត​(Yorth Chakphat) នៅលើ​សង្វៀន​Wurkz កាលពី​រសៀល​ថ្ងៃទី​០៥​ ខែ​ឧសភា ឆ្នាំ​២០១៩​នោះ បាន​វាយ​ចាញ់​ថៃ​ក្នុង​ទឹក​ទី​១។​

សារឿន ច័ន្ទ ត្រូវ យ៉​ត ចាក់​ភេត ចាប់​អុក​ត្រូវ​មួយ​ជង្គង់​ពេញ​ចំពោះ​ទឹក បណ្តាល​ឲ្យ​ដួលសន្លប់​លែង​ក្រោក​ក្នុង​រយៈពេល​មិន​ដល់​មួយ​ទឹក​ផង​នោះ។ សារឿន ច័ន្ទ និង យ៉​ត ចាក់​ភេត ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

ចំពោះ វ៉ាន់ វឿន អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ឃ្លាំងមឿង​កីឡា បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ យ៉​ត វ៉ាន់ឌី​(Yorth Vandy) ដោយ​ពិន្ទុ។ អ្នក​ប្រដាល់​ថៃ យ៉​ត វ៉ាន់ឌី នេះ គេ​ឡើងមក​សងសឹក វ៉ាន់ វឿន​ដែល​បាន​វាយ​រូបគេឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ក្នុងការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ ​ទម្ងន់​៥៧​គីឡូក្រាម កាលពី​ថ្ងៃទី​២៦​ ខែ​មករា ឆ្នាំ​២០១៩។ តែ​លើក​នេះ វ៉ាន់ វឿន បានឈ្នះ​យ៉​ត វ៉ាន់ឌី​ត្រឹម​ពិន្ទុ ប៉ុណ្ណោះ ហើយ​ឈ្នះ​ដោយ​ប្រផុតប្រផើយ​ថែមទៀត។​
​ ​
វ៉ាន់ វឿន ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៥៧​គីឡូក្រាម​នេះ គេ​មាន​តែម​និង​ប្រៀប​ជាង យ៉​ត វ៉ាន់ឌី ត្រង់​គេ​ខ្ពស់ជាង​បន្តិច គឺ​១,៦៧​ម៉ែត្រ​ ខណៈ​ដែល​ យ៉​ត វ៉ាន់ឌី គេ​១,៦៥​ម៉ែត្រ​នោះ​។ ចំពោះ​សមត្ថភាព​វិញ គឺ​ប្រហាក់ប្រហែលគ្នា​ទេ ឯ​បទពិសោធន៍​ និង ​កំណត់ត្រា ក៏​ប្រហែល​គ្នា​ដែរ។​

​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប វាយ​ចាញ់​ឡុង បេន​លឿន អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ពិន្ទុ តែ​បេន​លឿន​ត្រូវ​បែក​ឈាម​ក្បាល​ដោយ​កែង​របស់​គឹម​រួន​ច្រើន​ថ្នេរ​ដែរ។​ ពួកគេ​ទាំងពីរ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ប្រកួត​ចាញ់​លន់ សៀកឡេង អ្នក​ប្រដាល់​ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​ខេត្តកំពង់ស្ពឺ ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu