Ad Code

មហាសេដ្ឋី​តៃវ៉ាន់​និង​ជា​បេក្ខជន​សង្ឃឹម​ឈ្នះ​តំណែង​ប្រធានាធិបតី​ បានទទួល​ដំបូន្មាន​ពី​លោក Trump



អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុក​ស្ត​ម​បំផុត​របស់​កោះ​តៃវ៉ាន់​និង​ជា​បេក្ខភាព​សង្ឃឹម​ឈ្នះ​តំណែង​ប្រធានាធិបតី​លោក Terry Gou បាន​និយាយថា លោក​បាន​ជួប​លោក Donald Trump នៅក្នុង​សេត​វិមាន​កាលពី​ថ្ងៃ​ពុធ​ដោយ​មេដឹកនាំ​អាមេរិក​រូបនេះ​បាន​ព្រមាន​លោក​ថា ការងារ​ដែល​លោក​នឹងធ្វើ​គឺ​ពិបាក​ណាស់​។​

លោក Gou ដែលជា​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Foxconn បានធ្វើ​សេចក្តីប្រកាស​ដ៏​ភ្ញាក់ផ្អើល​មួយ​កាលពី​ខែ​មុន​ថា លោក​គ្រោង​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​នា​ខែមករា​ឆ្នាំ​ក្រោយនេះ​បន្ទាប់ពី​ប្រកាសថា ទេពធីតា​សមុទ្រ Matsu បាន​ជំរុញ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​។​

មហាសេដ្ឋី​វ័យ​៦៩​ឆ្នាំ​រូបនេះ​កំពុង​ស្វែងរក​ការតែងតាំង​ពី​គណបក្សប្រឆាំង Kuomintang (KMT) ដែលមាន​មិត្តភាព​ជាមួយ​ក្រុង​ប៉េកាំង​ប៉ុន្តែ​រោងចក្រ​ធំៗ​របស់លោក​នៅ​ចិនដីគោក​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ភាពសុខសាន្ត​របស់លោក​ជាមួយ​ទីក្រុង​ប៉េកាំង​។​

អ្នកនយោបាយ​តៃវ៉ាន់​ជាច្រើន​បាន​បោះជំហាន​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ជាមួយ​ក្តី​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ​ពី​មន្ត្រី​មាន​ឥទ្ធិពល​របស់​អាមេរិក​។​
ប៉ុន្តែ​មានតែ​លោក Gou ទេ​ដែល​អាច​ជួប​ទល់មុខ​ជាមួយ​លោក Trump បាន​។​

លោក Gou បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​បន្ទាប់ពី​ជំនួប​នោះ​ថា “​ប្រសិនបើ​ខ្ញុំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ចិន ខ្ញុំ​នឹង​ក្លាយជា​អ្នកបង្កើត​សន្តិភាព​ហើយនឹង​មិន​ក្លាយជា​អ្នកបង្កើត​បញ្ហា​ទេ​។ ខ្ញុំ​នឹង​ពង្រឹង​សេដ្ឋកិច្ច​របស់​កោះ​តៃវ៉ាន់​និង​សហរដ្ឋអាមេរិក​”​។​

នៅពេល​សួរថា​តើ​លោក Trump បាន​ប្រាប់​អ្វី​ដល់​លោក​, លោក Gou បាន​និយាយថា “​គាត់​បាន​ឆ្លើយតប​ថា ការធ្វើជា​ប្រធានាធិបតី​គឺជា​ការងារ​ដ៏​លំបាក​មួយ​”​។​

លោក Gou រកចំណូលបាន​រាប់ពាន់​លាន​តាមរយៈ​ក្រុមហ៊ុន Foxconn ដែល​បាន​ដំឡើង​ទូរស័ព្ទ Apple និង Huawei ក៏ដូចជា​គ្រឿងបន្លាស់​និង​ឧបករណ៍​នានា​សម្រាប់​ម៉ាក​អន្តរជាតិ​សំខាន់ៗ​ដទៃទៀត​ផងដែរ​។​

ភាគច្រើន​នៃ​ការវិនិយោគ​របស់លោក Gou គឺ​នៅក្នុង​ប្រទេស​ចិន​។ លោក​បាន​ជួល​កម្មករ​ជាង​មួយ​លាន​នាក់​នៅក្នុង​ប្រទេស​នេះ​ដែលជា​កន្លែង​កម្លាំង​ពលកម្ម​ថោក​បាន​ជួយ​ជំរុញ​ដល់​ការកើនឡើង​នៃ​អត្ថប្រយោជន៍​របស់​ក្រុមហ៊ុន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu