ព្រះវិហារ ៖ ព្រឹត្តិការណ៍អនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូលរឹបអូសយកដីរបស់រដ្ឋមួយកន្លែងដែលជារបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារមកវិញ កាលពីដើមឆ្នាំ២០១៣ ដែលទីតាំងដីទំនាស់ស្ថិតនៅជាប់របងមន្ទីរសុខាភិបាលផ្ទាល់បង្កឲ្យមានការស្រែកតវ៉ាយ៉ាងខ្លាំងពីសំណាក់ស្ត្រីចំណាស់ម្នាក់ឈ្មោះ ឈាវ លាង និងកូនៗមិនព្រមចាកចេញពីដីដែលខ្លួនកំពុងរស់នៅនោះទេ។
ព្រឹត្តិការណ៍កាលណោះបានបង្កឲ្យប្រជាជននៅទូទាំងក្រុងព្រះវិហារដឹងឮគ្រប់ៗគ្នា ហើយសម្ដែងទស្សនៈមិនពេញចិត្តចំពោះកម្លាំងអាជ្ញាធរដែនដីដែលនាំគ្នាប្រើអំណាចរឹបអូសដោយអយុត្តិធម៌កាប់បំផ្លាញផលដំណាំ និងរុះរើកូនខ្ទមដើម្បីបង្ខិតបង្ខំយកដីឡូត៍របស់ប្រជាពលរដ្ឋក្រីក្ររដ្ឋស្លូតម្នាក់ទាំងកណ្ដាលថ្ងៃត្រង់។
រឿងរ៉ាវពុះកញ្ជ្រោលរវាងអាជ្ញាធរមានសមត្ថកិច្ចនិងស្ត្រីឈ្មោះ ឈាវ លាងរស់នៅលើដីឡូត៍របស់មន្ទីរសុខាភិបាលជិត៣០ឆ្នាំនោះ បណ្ដាលមកពីអាជ្ញាធរខេត្តព្រះវិហារ និងមន្ទីរសុខាភិបាលចង់រឹបអូសយកដីទទេ ដោយគ្មានដីថ្នូរដោះដូរឡើយ។ នៅទីបំផុតរឿងនេះបានដឹងឮដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទើបអាជ្ញាធរខេត្តសន្យាដោះស្រាយគោលនយោបាយទិញដី១កន្លែង ហើយសង់ផ្ទះឲ្យថែមទៀតដើម្បីបញ្ចប់ការតវ៉ា។
មកដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ ផ្ទះ១ខ្នង ប្រភេទថ្មក្រោម ឈើជាន់ខាងលើ ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ដែលអាជ្ញាធរសន្យាបានសាងសង់រួចរាល់ហើយលើផ្ទៃដីទំហំទទឹង៧ម៉ែត្រគុណបណ្តោយ២៨ម៉ែត្រជាប់ផ្លូវភូមិទំហំ៥ម៉ែត្រ ចូលពីផ្លូវក្រួសក្រហមចំងាយ២០០ម៉ែត្រប៉ុណ្ណោះ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
ប្រជាពលរដ្ឋម្នាក់រស់នៅទល់មុខផ្ទះសាងសង់ថ្មីខាងលើបានឲ្យដឹងថា បន្ទាប់ពីផ្ទះធ្វើរួចគាត់បានឃើញកូនស្រីរបស់ស្ត្រីឈ្មោះ ឈាវ លាង បានចូលមករស់បណ្ដោះអាសន្នដោយដឹងថាផ្ទះថ្មី១ខ្នងនេះអាជ្ញាធរនឹងរៀបចំធ្វើពិធីប្រគល់ជូនគាត់នាពេលខាងមុខនេះ។ ផ្ទះថ្មី១ខ្នងនេះគាត់ដឹងថាចាប់ផ្ដើមសាងសង់តាំងពីខែឧសភា ឆ្នាំ២០១៣មកម្ល៉េះ។ ស្ត្រីឈ្មោះ ឈាវ លាង យូរៗទើបឃើញគាត់មកអើតមើលផ្ទះថ្មីម្ដងមិនដឹងថាគាត់ទៅណានិងជាប់រវល់ធ្វើអ្វីនោះទេ។
លោក នុត សោភ័ណ អភិបាលក្រុងព្រះវិហារបានឲ្យដឹងថា ថវិកាទិញដីនិងសាងសង់ផ្ទះថ្មី១ខ្នងឲ្យស្ត្រីឈ្មោះ ឈាវ លាង ជាបន្ទុករបស់អង្គភាពសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។ អ្នកសារព័ត៌មានមិនអាចជួបទំនាក់ទំនងសួរនាំលោកស្រី ចឹក ហេង សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាបានទេ ដើម្បីចង់ដឹងថាការចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជាអស់ចំនួនប៉ុន្មានក្នុងការទិញដីនិងសាងសង់ផ្ទះថ្មី១ខ្នងយ៉ាងសមរម្យជូនស្ត្រីឈ្មោះ ឈាវ លាង៕
មង្គល
0 Comments