កំពង់ឆ្នាំង ៖ កូនប្រុសអកតញ្ញូស្រវឹងខួប និងបែកថ្នាំញៀនម្នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងបានសម្រេចឃុំខ្លួនហើយ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ ក្រោយពីរូបគេបានវាយម្តាយបង្កើតឲ្យរបូតសារុង និងអូសបញ្ចូលឲ្យឡានបុកនៅលើផ្លូវជាតិមុខផ្ទះ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥។ សមត្ថកិច្ចបានឲ្យដឹងថា កូនប្រុសអកតញ្ញូរូបនោះ មានឈ្មោះ ផា សុភា អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ត្រូវបានសមត្ថកិច្ចព្រួតគ្នាចាប់ខ្លួនបាន ខណៈដែលបានវាយធ្វើបាបម្តាយទាំងរបូតសារុងទាញបញ្ចូលលើផ្លូវជាតិឲ្យឡានបុក កាលពីវេលាម៉ាង៦ និង៣០ នាទី ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ នៅមុខផ្ទះ។ ដែលមានម្តាយឈ្មោះ សែន អៀច អាយុ៧២ឆ្នាំ និង ឪពុកឈ្មោះ ចិន ភិ អាយ៧៧ឆ្នាំ គ្រួសារនេះមានកូន៣នាក់ កូនស្រវឹងខួបជាកូនទី២ ក្នុងចំណោមកូន៣នាក់។ ចំពោះករណីធ្វើបាបឪពុកម្ដាយនេះ សមត្ថកិច្ចធ្លាប់បានធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យាជាច្រើនលើកមកហើយ តែមិនគេរាងចាល។
ក្នុងពេលកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលស្រុករលាប្អៀរបានទៅដល់កន្លែងកើតហេតុ បានឃើញជនប្រមឹកជាកូនកំពុងចាប់កាច់ដៃម្តាយ ពេលនោះសមត្ថកិច្ចមានគ្នា៤នាក់ព្រួតគ្នាចាប់ជនរូបនោះ ស្ទើរមិនចង់ឈ្នះទេ ហើយបានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរតែគេបែរជាស្រែកយំដូចគោឲ្យម្តាយជួយផងទៅវិញ។ ចំណែកឪពុកម្ដាយគេក៏បានសម្រេចចិត្តដាក់ពាក្យប្ដឹង ដោយមិនយោគយល់ទៀតឡើយ។
ស្ត្រីជាម្តាយបាននិយាយទាំងក្តីឈឺចាប់ថា កូននេះបានធ្វើបាបគាត់រយៈពេល៤ឆ្នាំហើយ គាត់ទ្រាំរហូត តែពេលនេះគាត់ទ្រាំមិនបានទៀតទេ ព្រោះកូនគាត់បានចាប់រុញ គាត់បញ្ចូលឡាន ប្រុងសម្លាប់គាត់ ពេលគាត់របូតសារុង គាត់ប្រាប់កូនថា "ម៉ែរបូតសារុងហើយ វាថារបូតអីរបូតទៅ" ពេលនោះបានឈ្មោះ មុំ ជាកូនប្រសាបានស្ទុះមកជួយស្លៀកសារុងឲ្យទាំងដៃគាត់ទាំង២ ត្រូវកូន ស្រវឹងខួបនោះចាប់កាច់ជាប់ និងបានវាយប្អូនស្រីខ្លួនម្នាក់ឲ្យរបួសហើមមុខទៀតផង ពេលនាងចូលមកជួយម្តាយ។
នៅរាល់យប់ម៉ោង១០ ទៅម៉ោង១១ពេលត្រឡប់មកពីផឹកវិញបានស្រែកសម្លុតឲ្យគាត់ងើបដួសបាយឲ្យវាស៊ីម្ហូបមានត្រឹមត្រីប្រឡាក់ ត្រីអាំង ឬសម្លកកូរ វាមិនស៊ីទេ វាជះបាយម្ហូបចោល និងលួចកើបស្រូវយកទៅលក់ផឹកទៀត។ ថ្ងៃមុននោះវាប្រើឲ្យគាត់ជាម្តាយទៅទិញស្រាឲ្យវាមួយលីត្រ និងសាច់ក្លែម៣ពាន់រៀល ពេលមិនទៅ វាដុតជន្លង់ចំបើងឆេះបានគេជួយពន្លត់ទាន់ ទើបគាត់ក៏ព្រមទៅទិញស្រាអោយវាទៅរាល់ថ្ងៃវាទារលុយ ចាយពី៥ពាន់ទៅ១ម៉ឺនរៀល ទារខោអាវ ស្បែកជើងថ្មីទៀត។ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាននិយាយថា កូនប្រុសអកតញ្ញូរូបនោះពេលបញ្ជូនមកដល់ស្នងការដ្ឋានស្រែកយំដូចគោ យប់មិញនេះ( ថ្ងៃទី៧ ខែមករា ) វាស្រែកហៅទេវតាឲ្យជួយនិងវ៉ៃបែកខ្ទេចអស់អំពូលភ្លើងក្នុងបន្ទប់ឃុំខ្លួន ព្រោះគេជាអ្នកបែកញៀនថ្នាំ មិនមែនញៀនតែស្រានោះទេ តែឪពុកម្ដាយគាត់មិនដឹង។ យប់មិញនេះអ្នកយាមគ្មានបានដេកទេខ្លាចតែវាសម្លាប់ខ្លួន ហើយនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ ត្រូវទៅតុលាការ និងត្រូវតុលាការខេត្តឃុំខ្លួនរួចហើយ៕
( ឈៀង ថារិទ្ធ )
0 Comments