កោះកុង ៖ ការតវ៉ាបិទផ្លូវរបស់ប្រជាពលរដ្ឋនៅស្រុកគីរីសាគរ ខេត្តកោះកុង ដែលមានរយៈពេលប្រមាណ១៤ថ្ងៃមកហើយ កាលពីរសៀលថ្ងៃទី៧ ខែមករាម្សិលមិញនេះ បានឈានទៅដល់ការប៉ះទង្គិចគ្នា រវាងក្រុមប្រជាពលរដ្ឋ និងសន្តិសុខរបស់ក្រុមហ៊ុន Union Development Group. Ltd។
បើតាមលោក ឃឹម ចាន់ឌី អភិបាលស្រុកគីរីសាគរបានឲ្យដឹងថា ការប៉ះទង្គិចគ្នានេះបានកើតឡើងក្នុងខណៈពេលដែលក្រុមហ៊ុនបានដឹកដីចាក់បិទផ្លូវបន្ថែមបង្កឲ្យអ្នកភូមិមិនសប្បាយចិត្ត រួចក៏យកដុំថ្ម និងដបសាំងគប់ទៅលើរថយន្តរបស់ក្រុមហ៊ុន ហើយកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនក៏បានគប់តបតវិញ បណ្ដាលឲ្យពលរដ្ឋបីនាក់រងរបួស និងខាងក្រុមហ៊ុនបែកកញ្ចក់រថយន្ត ហើយលោកមិនបានដឹងថាមានរងរបួសដែរឬអត់ទេ។
ចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋដែរថា អាជ្ញាធរស្រុកគីរីសាគរគេចវេសមិនរកដំណោះស្រាយជូនប្រជាពលរដ្ឋ រួចទុកឲ្យបញ្ហានេះកាន់តែមានសភាពធ្ងន់ធ្ងររហូតដល់មានការប៉ះទង្គិចគ្នា លោក ឃឹម ចាន់ឌី បានបញ្ជាក់ថា ករណីនេះ អាជ្ញាធរមិនបានគេចវេសក្នុងការរកដំណោះស្រាយជូនពួកគាត់ទេ ប៉ុន្តែមកពីហួសសមត្ថភាពព្រោះជារឿងរបស់អន្តរក្រសួង។
ករណីនេះ បើតាមលោក នាង បូរ៉ាទីណូ មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកោះកុងបានឲ្យដឹងថា ពលរដ្ឋប្រមាណ៣០គ្រួសារដែលរស់ក្នុងតំបន់វត្តពយជប៉ុន ស្ថិតក្នុងឃុំកោះសេ្តច ស្រុកគីរីសាគរ ខេត្តកោះកុង បានបន្តធ្វើការតវ៉ាបិទផ្លូវមួយខ្សែដែលតភ្ជាប់ពីក្រុមហ៊ុនចិនទៅកាន់ផែលោកចៅហ្វាយស្រុក ទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤រហូតមកដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ មានរយៈពេល១៤ថ្ងៃមកហើយ ដើម្បីទាមទារឲ្យអាជ្ញាធរស្រុក ខេត្ត និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជួយអន្តរាគមន៍ទៅក្រុមហ៊ុនចិន UnionDevelopment,Group.Ltd ជួយកាយដីបើកផ្លូវឲ្យពួកគាត់បានធ្វើដំណើរឡើងវិញ ប៉ុន្តែការតវ៉ារបស់ពួកគាត់ដែលធ្វើឡើងអស់រយៈពេលពីរសប្ដាហ៍កន្លងមកនេះ គឺពុំមានដំណោះស្រាយអ្វីទេ។
មន្ត្រីសិទ្ធិមនុស្សរូបនោះបានឲ្យដឹងបន្ថែមថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅក្រុមហ៊ុនចិនខាងលើ បានដឹកដីជាច្រើនឡានទៅចាក់បិទផ្លូវរបស់អ្នកភូមិមិនឲ្យធ្វើដំណើរឆ្លងកាត់ ព្រោះតែខឹងអ្នកភូមិរារាំងមិនឲ្យចូលទៅរុះរើផ្ទះរបស់ពួកគាត់។ ហើយនៅថ្ងៃទី០៧ ខែមករាម្សិលមិញ ក្រុមហ៊ុនចិននេះបានដឹកនាំកម្លាំងសន្តិសុខនិងដឹកដីទៅចាក់បន្ថែមទៀត ដែលបង្កឲ្យមានបញ្ហាប្រឈមនិងមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ាជាមួយនិងសន្តិសុខរបស់ក្រុមហ៊ុន៕
0 Comments