ភ្នំពេញ ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានត្រឡប់មកដល់ភ្នំពេញវិញ ហើយ កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីបំពេញទស្សនកិច្ចនៅបរទេសអស់រយៈពេលជិត២សប្ដាហ៍ ហើយនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីការដេញលោកស្រី ឡាក់ សុភាពចេញពីគណបក្ស លោកបានបដិសេធពីបញ្ហាអំពើពុករលួយនោះ។
ឆ្លើយតបជាមួយអ្នកសារព័ត៌មានទាក់ទងបញ្ហាដែលគណបក្សបានបណ្ដេញលោកស្រី ឡាក់ សុភាព ចេញពីគណបក្សកាលពីពេលថ្មីៗនោះ លោក កឹម សុខា បានអះអាងថា បញ្ហានោះដូចជាមិនមានអ្វីប្លែកទេ ហើយយើងបានជ្រាបអស់ហើយ។ ដោយឡែកបញ្ហាលុយ លោក កឹម សុខា បានអះអាងថា "គឺលោកស្រី ឡាក់ សុភាព ខ្លួនគាត់ជាអ្នកលើកឡើង មិនមែនខ្ញុំអ្នកលើកឡើងទេ ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ឲ្យរកការពិត យើងនាំគ្នានិយាយអី ត្រូវរកភស្តុតាងឲ្យពិតជាជាងការដែលយើងនិយាយអត់ការពិត"។
សូមបញ្ជាក់ថា ក្រោយពីទទួលបានលិខិតបណ្ដេញចេញពីគណបក្ស លោកស្រី ឡាក់ សុភាព បានថ្លែងប្រាប់អ្នកសារព័ត៌មានថា "គេបានចោទខ្ញុំថា ខ្ញុំបាននិយាយថា លោកប្រធាន សម រង្ស៊ី យកលុយ៤០លាន បាន២០លាន នៅ២០លាន នោះមិនមែនជារឿងពិតទេ គឺលោកអនុប្រធាន កឹម សុខា បានលើកនៅក្នុងអង្គប្រជុំ ហើយបានទម្លាក់កំហុសមកលើរូបខ្ញុំ រឿងអស់ទាំងនេះលោកទាំងពីរជាអ្នកលេងបាល់ ហើយចុងក្រោយលោកទាំងពីរបានទាត់បាល់មកឲ្យខ្ញុំទប់ ដែលហាក់បីដូចជាឲ្យខ្ញុំទទួលថ្មបាក់អីចឹង នេះដែលខ្ញុំមិនអាចទទួលយកបានរឿងរបស់អស់លោកជាមេដឹកនាំទេ ខ្ញុំអត់ដឹងអីទាំងអស់ ហើយក្រោយពីការប្រជុំគណៈកម្មាធិការនាយករួច ថែមទាំងបិទអង្គប្រជុំតែម្តងមិនឲ្យខ្ញុំបកស្រាយបំភ្លឺជូនអង្គប្រជុំឡើយ"។
លោកស្រី ឡាក់ សុភាព បានបញ្ជាក់ទៀតថា "នេះគឺរឿងពិត លោកអនុប្រធាន កឹម សុខា គាត់បានលើកឡើង ហើយបានបាញ់ចំពោះខ្ញុំ គាត់និយាយឈ្មោះខ្ញុំបញ្ចេញសំឡេងលើកឡើងនៅក្នុងប្រជុំថា លោកស្រី ឡាក់ សុភាព ហ្នឹង បានលើកឡើងថា លោកប្រធាន សម រង្ស៊ី ហ្នឹងបានទទួលលុយ៤០លានដុល្លារ ឥឡូវទទួលបាន២០លាន នៅសល់២០លាន ពេលនោះ គឺខ្ញុំភ្ញាក់តែម្តង ដោយខ្ញុំអត់មានដឹងអីទាំងអស់។ អីចឹងខ្ញុំចង់បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខ្ញុំអត់មានបានបំប៉ោងរឿងពុករលួយចំពោះមេដឹកនាំទេ ហើយអ្វីទាំងអស់ គឺគាត់បានលើកឡើងនៅក្នុងអង្គប្រជុំចំពោះរូបខ្ញុំផ្ទាល់តែម្តងនៅក្នុងអង្គប្រជុំ ហើយរឿងនោះគឺជារឿងមិនទុកចិត្តគ្នារវាងមេដឹកនាំទាំងពីរយ៉ាងម៉េចក៏ខ្ញុំមិនដឹងដែរ ហើយបែរជាយករឿងខ្ញុំទៅដាក់ជំនួសទៅវិញ។ ខ្ញុំអត់បានជំរាបទៅលោក កឹម សុខា ថា លោក សម រង្ស៊ី ទៅយកលុយពីខាងណា ខ្ញុំអត់មានបានជំរាបទាល់តែសោះសូមបដិសេធ"។
ទោះជាយ៉ាងណា លោក កឹម សុខា ក្នុងនាមអនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកបានឃើញរបាយការណ៍របស់គណៈកម្មាធិការវិន័យហើយ ដែលរបាយការណ៍នោះ គេបានធ្វើទៅតាមលក្ខន្តិក និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ប៉ុន្តែអ្វីដែលត្រូវគិត គឺយើងត្រូវជជែកគ្នាតទៅទៀត ជាមួយថ្នាក់ដឹកនាំដើម្បីពិភាក្សា និងស្តាប់របាយការណ៍បន្ថែមទៀត។
ទាក់ទងដល់ដំណើរទស្សនកិច្ចនៅក្រៅប្រទេសលោក កឹម សុខា បានថ្លែងថា ការធ្វើដំណើរទៅក្រៅប្រទេសនោះមានកិច្ចការពីរ គឺទី១- ជាការផ្ទាល់ខ្លួន គឺទៅពិនិត្យសុខភាពប្រចាំឆ្នាំ និងទី២- ទៅជួបសហគមន៍ខ្មែរនៅប្រទេសបារាំង នៅអាល្លឺម៉ង់ និងប្រទេសស្វីស ហើយចុងក្រោយបានជួបជាមួយក្រសួងការបរទេសបារាំង ផ្នែកទទួលបន្ទុកកិច្ចអាស៊ី ហើយនៅក្នុងជំនួបជាមួយតំណាងប្រទេសបារាំងនោះ គឺខាងរដ្ឋាភិបាលបារាំងបានចង់ដឹងពីស្ថានភាពនយោបាយនៅកម្ពុជា ថាតើមានការវិវត្តន៍ដល់ណាហើយ ដូចជាការធ្វើវិសោធនកម្មច្បាប់ និងការបង្កើតវិទ្យុ និងទូរទស្សន៍ជាដើម។ ដោយឡែកចំពោះការយាងចូលដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ លោក កឹម សុខា បញ្ជាក់ថា "ខ្ញុំអត់មានព្រួយទេ ហើយខ្ញុំក៏អបអរសាទរដែរ ដែលរាជវង្សចេះជួបជុំគ្នា ដើម្បីការពារតម្លៃក្នុងរាជវង្សនៅប្រទេសកម្ពុជាយើង ធ្វើម៉េចបានរួបរួមគ្នាទៅ តែធ្វើយ៉ាងណារួបរួមគ្នាបម្រើខ្មែរ បម្រើប្រជាពលរដ្ឋ កុំរួបរួមគ្នាបម្រើអ្នកណាដែលធ្វើមិនល្អចំពោះប្រជាពលរដ្ឋ"៕ កោះកែវ
0 Comments