Ad Code

ជនជាតិ​កាណាដា​ម្នាក់​បាន​ដេក​ស្លាប់​នៅក្នុង​ផ្ទះសំណាក់ "ច័ន្ទ​សុ​ដា" សង្ស័យ​ដើរ​ផឹកស៊ី ​និង​ប្រើ​ប្រាស់​គ្រឿងញៀន​លើស​កម្រិត​


ភ្នំពេញ ៖ បុរស​ជនជាតិ​កាណាដា​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា ​បាន​ដើរ​ផឹកស៊ី​និង​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត​រហូត​ដេក​ស្លាប់​នៅក្នុង​ផ្ទះសំណាក់​យីហោ "ច័ន្ទ​សុ​ដា" ស្ថិតនៅ​ទីតាំង​ផ្ទះ​លេខ​២៩Eo ផ្លូវ​លេខ​១៧៨ ស្ថិត​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៧​ល្ងាច ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៥​។​

ប្រភព​ព័ត៌មាន​ពី​បុរស​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច ខណៈ​ដែល​កំពុងតែ​អង្គុយ​ចាំ​ម៉ូយ​នៅ​ខាង​មុខ​ផ្ទះសំណាក់ "ច័ន្ទ​សុ​ដា" ស្រាប់តែ​បានឃើញ​អ្នក​បម្រើការ​នៅក្នុង​ផ្ទះ​សំណាក់​ខាងលើ បាន​សែង​សព​ជនជាតិ​បរទេស​ម្នាក់​នោះ​មក​ដាក់​នៅ​ខាង​មុខ​ជិត​នឹង​ចិញ្ចើម​ផ្លូវ ភ្លាមៗ​នោះ​ក៏​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង និង​អ្នកដំណើរ​មក​ចោម​រោម​មើល ឃើញ​ដូច្នេះ​ក៏​អ្នក​បម្រើការ​នៅក្នុង​ផ្ទះ​សំណាក់​បាន​យក​សាកសព​ចូល​ទៅ​ខាងក្នុង​វិញ​។ ប្រភព​បន្ត​ថា បាន​ប្រមាណ​ជា​៣០​នាទី​ គេ​ឃើញ​មាន​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ចុះ​មក​ដល់​ផ្ទះ​សំណាក់​"ច័ន្ទ​សុ​ដា" ដើម្បី​ធ្វើ​កោសល្យវិច័យ​សព​ និង​ស្វែងរក​អត្តសញ្ញាណ​របស់​ជនជាតិ​បរទេស​ម្នាក់​នោះ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនបរទេស​រូប​នោះ​ឈ្មោះ​ANTHONY DAVID JAME ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ​មុខរបរ​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ​GE ២២៦៤៨២​ ចូល​មក​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៥ ​តាម​ច្រក​អាកាសយាន​អន្តរជាតិ​ភ្នំពេញ។​

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ ដោយ​យោង​តាម​ការ​បំភ្លឺ​របស់​បុគ្គលិក​ផ្ទះសំណាក់​នៅមុន​ពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​១៩​ ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៥​ ជនរងគ្រោះ​រួម​ជា​មួយ​មិត្តភ័ក្ដិ​ពីរ​នាក់​ទៀត​បាន​មក​ជួល​បន្ទប់​លេខ​១១៥​និង​បន្ទប់​១១១​នៃ​ផ្ទះសំណាក់​កើតហេតុ​ ដោយ​ជនរងគ្រោះ​ស្នាក់​នៅ​ម្នាក់ឯង​បន្ទាប់មក​ជនរងគ្រោះ​និង​មិត្តភ័ក្ដិ​បាន​ចេញពី​បន្ទប់​មក​អង្គុយ​ញ៉ាំ​ស្រាបៀ​រហូតដល់​វេលា​ម៉ោង​២១​យប់​ បាន​នាំ​គ្នា​ទៅ​ក្លិប​រហូតដល់​ម៉ោង​០៤​ទៀបភ្លឺ​ ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៥ ​ត្រឡប់​មក​បន្ទប់​ជួល​វិញ​ លុះដល់​ម៉ោង​១៦​ល្ងាច​ថ្ងៃ​ដដែល​ មិត្តភ័ក្ដិ​មិនឃើញ​ជនរងគ្រោះ​ក្រោក​បាន​ដើរទៅ​គោះទ្វារ​បន្ទប់​ ពេលនោះ​ជនរងគ្រោះ​លើកដៃ​ថា ​មិន​អី​ទេ​ ប៉ុន្តែ​បើកភ្នែក​មិន​រួច​ដោយ​មិត្តភ័ក្ដិ​ឃើញ​សភាព​មិន​ស្រួល​ក៏​ចុះ​មក​ប្រាប់​បុគ្គលិក​ផ្ទះសំណាក់​ឡើង​ទៅ​ជួយ​ហៅ​រថយន្ត​របស់​មន្ទីរពេទ្យ"​ខេ​ម​ម៉ា​" មក​ដឹក​ពេល​ឡាន​មកដល់​គ្រូពេទ្យ​ប្រាប់​ថា ​ជនរងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ​ទើប​រាយការណ៍​ឲ្យ​សមត្ថកិច្ច។ សមត្ថកិច្ច​បញ្ជាក់​ថា ​ក្នុង​ការ​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​នៅ​បន្ទប់​កើតហេតុ​ឃើញ​មាន​របស់​ប្រើប្រាស់​របស់​ជនរងគ្រោះ​រួមមាន​ ម៉ាស៊ីន​អេឡិចត្រូនិក​០១​គ្រឿង ទូរស័ព្ទ​ដៃ​២​គ្រឿង​លិខិត​ឆ្លងដែន​០១​ច្បាប់​ កាត​ធានា​គារ​០២​សន្លឹក​កាត​ពិនិត្យ​សុខភាព​០១​សន្លឹក ​និង​ខោអាវ​មួយចំនួន​ទៀត​ផង​ដែរ​។ ដោយ​ឆ្លងតាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​កោសល្យវិច័យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​នគរបាល​ផ្នែក​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ​បានសម្រេច​បូមទឹក​នោម​របស់​សព​ជនរងគ្រោះ​យក​ទៅ​ពិនិត្យ​ព្រោះ​មានការ​សង្ស័យ​នោះ។

បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​ខ្មែរ​-សូវៀត៕​

រស្មី​



Post a Comment

0 Comments

Close Menu