Ad Code

អាជ្ញាធរ​អប្សរា​ប្រកាស​ថ្កោលទោស​ចំពោះ​អ្នក​ថតរូប​អាសអាភាស​នៅមុខ​ប្រាសាទ​របស់​ខ្មែរ​


សៀមរាប ៖ នៅ​គ្រា​ដែល​មាន​ជនខិលខូច​មួយ​ក្រុម​បាន​លួច​ចូល​ទៅ​ថតរូប​ភាព​អាសអាភាស​នៅ​ក្នុង​ប្រាង្គ​ប្រាសាទ​របស់​ខ្មែរ រួច​បង្ហោះ​រូបភាព​នៅក្នុង​បណ្ដាញ​សង្គម facebook ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថ្កោលទោស​ចំពោះ​រូបថត​អាក្រាត​ពាក់កណ្ដាល​ខ្លួន​របស់​ស្ត្រី​ម្នាក់​ឈរ​នៅមុខ​ប្រាសាទខ្មែរ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៥​នេះ ដោយ​ពិពណ៌នា​ថា ការ​ថត​បង្ហាញ​កាយ​អាក្រាត​បែប​នោះ​ជា​អំពើ​ដែល​ប្រាសចាក​ផ្ទុយ​ទាំងស្រុង​ពី​សីលធម៌ ​និង​វប្បធម៌​ខ្មែរ ព្រមទាំង​នាំ​ឲ្យ​មានការ​អាប់ឱន​យ៉ាងធ្ងន់ធ្ងរ​ដល់​បេតិកភណ្ឌ​ជាតិ​ និង​កិត្តិយស​ដ៏​ថ្លៃថ្នូរ​របស់​ខ្មែរ ដែល​មាន​ភាព​ល្បីល្បាញ​ពេញ​ពិភពលោក។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​បង្ហោះ​រូបភាព​បែប​អាសអាភាស​របស់​ស្ត្រី​ម្នាក់​នោះ​បាន​ថត​នៅមុខ​ប្រាសាទ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ រូបថត​ស្ត្រី​អាក្រាត​កាយ​ឈរ​នៅមុខ​ប្រាសាទ​នោះ​ធ្វើ​ឲ្យ​មាន​រិះគន់ យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ​បាន​លើក​ជា​សំណួរ​អំពី​តួនាទី​និង​កាតព្វកិច្ច​របស់​អាជ្ញាធរ​អប្សរា​ផង​ដែរ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ក្រៅ​អំពី​ការ​បង្ហាញ​នូវ​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​រូបភាព​នោះ​ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ប្ដេជ្ញា​ថា នឹង​ធ្វើ​ការ​ស្រាវជ្រាវ​រក​ការពិត ​ព្រមទាំង​ប្ដេជ្ញា​អនុវត្ត​នីតិវិធី​ច្បាប់​តាម​គ្រប់​រូបភាព​ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​ចំពោះ​ការ​ប្រព្រឹត្ត​បែប​អាសអាភាស​ និង​ខ្វះ​ការពិចារណា​បែបនេះ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​ឲ្យ​ចូលរួម​សហការ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជា តម្រុយ​ដែល​អាច​នាំ​ឲ្យ​រក​ឃើញ​ការពិត​ក្នុងករណី​រូបភាព​នោះ​ ដើម្បី​លើកកម្ពស់​កិត្យានុភាព​នៃ​វប្បធម៌​ខ្មែរ​ដ៏​រុងរឿង​នៃ​យើង។​

មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា វេ​ប​សាយ​នោះ​ជា​វេ​ប​សាយ​អាសអាភាស​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ​ហើយ​ជាទូទៅ​ក្រុម​នេះ​តែងតែ​ថតរូប​អាសអាភាស​នៅ​កន្លែង​ល្បីៗ​នៅ​លើ​សកលលោក​ រួម​ទាំង​មហាកំពែង​ចិន​ផង​ដែរ ហើយ​រូបភាព​ស្រី្ត​ស្រាត​ផ្នែក​ល្វែង​ខាងលើ​ថត​នៅ​ប្រាសាទ​កម្ពុជា​មាន​តាំងពី​ខែមករា ឆ្នាំ​២០១៤ មក​ម្ល៉េះ​។​

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​លោកស្រី ចៅ​ស៊ុន កិរិយា ប្រាប់​ថា ខាង​អាជ្ញាធរ​អប្សរា​កំពុងធ្វើការ​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​ដែរ។ លោកស្រី​បាន​បន្ត​ថា រូបភាព​អាស​អាភាស​នេះ​ពិតជា​ថត​នៅ​កម្ពុជា​ពិតមែន ប៉ុន្តែ​អ្នកស្រី​មិនទាន់​បញ្ជាក់​ថា ប្រាសាទ​នោះ​មានឈ្មោះ​អ្វី​ហើយ​ស្ត្រី​ម្នាក់​នោះ​ជា​ជនជាតិ​ណា​នោះ​ទេ​។ លោកស្រី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​ជា​តម្រុយ​មក​អាជ្ញាធរ​ដើម្បី​នាំទៅ​រក​ឃើញ​ការពិត​ក្នុង​ករណី​នេះ​។​

ជុំវិញ​ករណី​ខាង​លើ​នេះ​ ត្រូវ​បាន​មហាជន​និង​សង្គម​ហ្វេ​ស​បុក បាន​នាំគ្នា​រិះគន់​យ៉ាង​ធ្ងន់ៗ​ទៅលើ​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួន​ដែល​មាន​តួនាទី​ថែរក្សា​ និង​អភិរក្ស​ប្រាង្គ​ប្រាសាទ​ទាំងនោះ​ថា មិន​បាន​ធ្វើការ​យាមកាម​ឲ្យ​បាន​ល្អិតល្អន់​បណ្តែតបណ្តោយ​ឲ្យ​មាន​ករណីនេះ​កើតឡើង ហើយ​កន្លង​ទៅ​ក៏​គ្មាន​អ្នកទទួលខុសត្រូវ​ចំពោះ​ករណី​ស្ត្រី​ជនជាតិ​ហូ​ឡង់​ម្នាក់​បាន​វាយកម្ទេច​រូប​បដិមាករ​មួយ​អង្គ​នៅ​ប្រាសាទ​បាយ័ន​ផង​ដែរ។​

ទន្ទឹមគ្នា​នោះ​ដែរ ​មហាជន​និង​សង្គម​ហ្វេ​ស​បុក​បាន​លើក​ឡើង​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ដែល​មាន​តួនាទី​ថែរក្សា​ប្រាង្គ​ប្រាសាទ គួរ​តែ​មាន​វិធានការ​រឹត​បន្តឹង​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ហេតុ​ការណ៍​យ៉ាង​ដូច្នេះ​បន្ត​ទៅ​ទៀត៕

កុសល​


Post a Comment

0 Comments

Close Menu