Ad Code

សាលក្រម​កំបាំងមុខ

ករណី​ដែល​មិន​អនុញ្ញាត​ឲ្យ​​ចេញ​សាល​ក្រម​កំបាំងមុខ
ទោះជា​ដើម​ចោទ​ ឬ​ចុង​ចម្លើយ​មិន​បាន​បង្ហាញ​ខ្លួន​នៅកាល​បរិច្ឆេទ​ក៏ដោយ​ក្នុង​ករណី​ណាមួយ​ខាង​ក្រោម​នេះ​ តុលាការ​មិនចេញ​សាល​ក្រម​កំបាំង​មុខ​បានឡើយ។
-ភាគី​ដែល​មិន​បានបង្ហាញខ្លួន​ មិនបាន​ទទួល​ការ​កោះហៅ​ស្របច្បាប់​
-ភាគីដែល​មិន​បាន​បង្ហាញ​ខ្លួន​មាន​មូល​ហេតុ​ដែល​អាចទទួល​ស្គាល់ថា ពិតជា​មិនអាច​បង្ហាញ​ខ្លួនបាន​មែន ដោយសារ​គ្រោះថ្នាក់​មហន្ដ​រាយ​ធម្មជាតិ ឬ​កាលៈទេសៈ​ផ្សេងទៀត​ដែល​មិន​អាច​ចៀស​វាង​បាន

-ក្នុងករណី​ដែលជា​បណ្ដឹង​មិនស្របច្បាប់
ម្យ៉ាង​ទៀត​ក្នុងករណី​ដែល​ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែង​ការណ៍​ដែល​ដើម​ចោទបាន​ធ្វើ​នៅ​កាល​បរិច្ឆេទ​នៃការ​ទាញ​ហេតុ​ផល​ដោយផ្ទាល់​មាត់​ដែលចុង​ចម្លើយ​មិន​បានបង្ហាញ​ខ្លួន​ មិនត្រូវ​បាន​ជូនដំណឹង​ទៅចុង​ចម្លើយ​មុន​កាល​បរិច្ឆេទ​នោះ​ទេ ក៏​តុលាការ​មិនអាចចេញ​សាល​ក្រម​កំបាំង​មុខ​បានឡើយ។
ប្រសិនបើ​ចេញសាលក្រម​កំបាំងមុខ​ដោយ​ចាត់​ទុក​ថា ចុងចម្លើយ​បានសារភាព​អំពី​សេចក្ដី​ថ្លែង​ការណ៍​របស់ដើម​ចោទ​នៅកាលបរិច្ឆេទ​នោះ ទៅ​ចំពោះ​ចុងចម្លើយ​គឺដូច​ជា​ការ​វាយឆ្មក់​មួយ​ដែរ ហេតុនេះ​ហើយ​ដើម្បី​ចៀស​វាង​នូវ​ការ​វាយ​ឆ្មក់​នេះ​មិនអាច​អនុញ្ញាត​ឲ្យ​តុលាការ​ចេញ​សាល​ក្រម​កំបាំង​មុខទេ។ ឧទាហរណ៍ ចំពោះ​បណ្ដឹង​ដែល​ចំណុចនីមួយៗ​ដែលត្រូវ​បាន​សរសេរ​ក្នុង​ពាក្យបណ្ដឹង​គ្មាន​ភាព​សីុសង្វាក់​គ្នា ទោះបី​ជា​ដើម​ចោទអះអាង​អង្គហេតុ​ដែលមិនត្រូវ​បាន​សរសេរ​នៅក្នុង​ឯកសារ​ត្រៀម​នៅកាល​បរិច្ឆេទ​នៃការ​ទាញ​ហេតុ​ផល​ដោយ​ផ្ទាល់មាត់​ដែល​ដើម​ចោទ​បាន​ចូលរួម​ តែចុងចម្លើយ​មិន​បាន​បង្ហាញ​ខ្លួន​ ហើយ​បណ្ដឹង​នេះ​មាន​ភាព​សីុ​សង្វាក់​គ្នា​វិញ​ដោយ​សារ​ការ​អះអាង​អង្គ​ហេតុ​ថ្មី​នោះ​ក៏​ដោយ​ក៏​តុលាការ​មិនអាច​ចេញ​សាល​ក្រម​កំបាំង​មុខ​ដែលទទួល​ស្គាល់​ការ​ទាម​ទារ​របស់​ដើម​ចោទ ឡើយដោយសារ​ការណ៍​ដែល​ដោម​ចោទ​នឹង​អះអាង​អង្គហេតុនោះ​មិនត្រូវ​បានជូនដំណឹង​ជា​មុន​ទៅចុង​ចម្លើយ។ ក្នុងករណី​នេះ​ដោយ​សារ​បណ្ដឹង​របស់ដើម​ចោទ​មានភាព​សីុសង្វាក់​គ្នាវិញ​ ដោយ​ការ​អះអាង​អង្គហេតុ​ថ្មី​ តុលាការ​មិនអាច​ចេញសាលក្រម​ដែលច្រានចោល​ការ​ទាមទារ​បានឡើយ ហេតុដូច្នេះ​តុលាការ​ត្រូវ​បន្ដ​នីតិវិធី​នៃការ​វិនិច្ឆ័យ។
ការ​ពន្យារកាលបរិច្ឆេទ
ទោះបីក្នុង​ករណីដែល​ដើម​ចោទ​ ឬ​ចុងចម្លើយ​មិនបានបង្ហាញ​ខ្លួននៅ​កាល​បរិច្ឆេទក៏ដោយ​​ ប្រសិន​បើ​យល់​ឃើញ​ថា អំឡុង​ពេល​រវាង​កាល​​បរិច្ឆេទ​ និងពេលដ​ែល​បាន​កោះ​ហៅ​នោះ​ខ្លី​ពេក​ឬ​យល់​ឃើញ​ថា ភាគី​មិន​អាច​បង្ហាញ​ខ្លួន​ដោយ​គ្មាន​កំហុស​ទេ តុលាការ​អាចពន្យារពេល​កាល​បរិច្ឆេទ​ ហើយកំណត់​នូវកាល​បរិច្ឆេទ​ថ្មីដោយ​មិន​ចេញ​សាល​ក្រម​កំបាំង​មុខ​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​បន្ដ​ទៀត៕
ក្រម​នីតិវិធី រដ្ឋប្បវេណី
អង្គកុលបុត្រ
និស្សិតសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ដ្រ​និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច

Post a Comment

0 Comments

Close Menu