Ad Code

សិក្ខាសាលា​ ស្ដីពី​"ភាពជា​អ្នកដឹកនាំ​សម្រាប់​ស្ត្រី​ក្នុង​វិស័យ​កីឡា​នៅ​អាស៊ី"​


សៀមរាប ៖ នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ​ខេត្តសៀមរាប​ នា​ថ្ងៃទី​០៨​ ខែមករា​ ឆ្នាំ​២០១៥ មាន​បើក​អង្គ​សិក្ខាសាលា​ភាពជា​អ្នកដឹកនាំ​សម្រាប់​ស្ត្រី​ក្នុង​វិស័យ​កីឡា​នៅ​អាស៊ី ដោយមាន​មន្ត្រី​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ចំនួន​២៧​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ចូលរួម។ អង្គ​សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​ ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ និង​គណៈកម្មការ​ស្ត្រី​នៃ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ ព្រមទាំង​គណៈ​អភិបាលខេត្ត​សៀមរាប​ និង​អគ្គ​លេខាធិការ​អូឡាំពិក​កម្ពុជា​ផង​ដែរ។ បន្ទាប់​ពី​ចំណាប់អារម្មណ៍​របស់​តំណាង​ទីប្រឹក្សា​បណ្តុះបណ្តាល​នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ និង​គណៈកម្មការ​ស្ត្រី​នៃ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​រួចមក​មានប្រសាសន៍​នោះ​លោក​ ថោង ខុន​ក៏បាន​ធ្វើការ​ថ្លែង​អំណរ​ចំពោះ​តំណាង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​ដែល​តែង​បាន​សហប្រតិបត្តិការ​ជួយឧបត្ថម្ភ​គាំទ្រ​កន្លងមក។ លោក​ក៏បាន​គូស​បញ្ជាក់​ថា អង្គ​សិក្ខាសាលា​នេះ ជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចូល​រួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ឆាក​អន្តរជាតិ ដើម្បី​ជំរុញ​លើកស្ទួយ​សមភាព​យេនឌ័រ និង​លើកកម្ពស់​សមត្ថភាព​របស់​ស្ត្រី​ក្នុង​ការ​បង្កើន​ការចូលរួម​របស់​ស្ត្រី​លើ​ការងារ​ដឹកនាំ​វិស័យ​កីឡា​សាកល។ លោក​ក៏បាន​បន្ត​ទៀត​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នេះ ការ​លើក​កម្ពស់​ស្ត្រី​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​តាមរយៈ​កម្ម​វិធី​ភាពជា​អ្នកដឹកនាំ​សម្រាប់​ស្ត្រី​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ដែល​ផ្តល់​កូតា​ឲ្យ​មាន​ស្ត្រី​ជា​អ្នកតំណាង​នៅក្នុង​អង្គការ​កីឡា​នានា។ លោក ​ថោង ខុន​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​នៅ​កម្ពុជា ស្ត្រី​ក្នុង​វិស័យ​កីឡា​មានការ​កើនឡើង ទោះបី​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នៅ​មាន​ចំនួន​តិច​តូច​ដែល​ជា​បញ្ហា​ដែល​យើង​កំពុង​យកចិត្តទុកដាក់​ខ្លាំង និង​ផ្តល់​អាទិភាព​ដល់​ស្ត្រី​ក្នុង​វិស័យ​កីឡា​។ ម្យ៉ាងទៀត​ឆាប់ៗ​នេះ នៅ​កម្ពុជា​នឹង​មាន​ស្ត្រី​កាន់​តែ​ច្រើន​ដែល​អាច​អភិវឌ្ឍន៍​បាន​ល្អ​បំផុត​នៅ​អាស៊ី​និង​ពិភពលោក។ លោក​ក៏បាន​រំលឹក​ផង​ដែរ​នូវ​បទពិសោធន៍​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​របស់​កម្ពុជា ក្នុង​រយៈពេល​ជាង​៦០​កន្លងមក ហើយ​ជា​ប្រវត្តិសាស្ត្រ​កីឡាការិនី​២​រូប​ដែល​បាន​ក្លាយជា​យុវនារី​គំរូ​គួរ​ឲ្យ​យក​តម្រាប់​ចំពោះ​ស្ត្រី​នៅក្នុង​វិស័យ​កីឡា សំខាន់​យុវជន​និង​យុវនារី។ ក្រៅពី​គំរូ​ល្អ​តាមរយៈ​វិស័យ​កីឡា​កីឡា​ក៏​ជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​ផ្តល់​ឱកាស​សម្រាប់​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ព្រមទាំង​ស្ត្រី​អាច​ចែករំលែក បច្ចេកទេស​បទ​ពិសោធន៍​ក្នុង​ការ​ចូលរួម​កិច្ចការ​ពលរដ្ឋ​និង​ការងារ​វិជ្ជាជីវៈ​អាជីព។

លោក​ ថោង ​ខុន​ បាន​លើក​ឡើង​ថា ក្នុង​បរិបទ​នៃ​ការអនុវត្ត​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​កីឡា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​រៀបចំ​កម្មវិធី​សមស្រប ដើម្បី​បន្ត​លើកកម្ពស់​និង​បង្កើន​ភាពជា​អ្នក​តំណាង​ដល់​ស្ត្រី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅក្នុង​ក្រុមប្រឹក្សា​ប្រតិបត្តិ។ ដើម្បី​សម្រេច​បាន​អភិបាលកិច្ច​ល្អ​នៅក្នុង​វិស័យ​កីឡា​មិនអាច​ធ្វើ​ទៅ​ប្រកប​ជោគជ័យ​បើ​គ្មាន​ការ​ចូល​រួម​ចំណែក​ប្រកប​ដោយ​សក្ដានុពល​ពី​ស្ត្រី។ លោក​បាន​សង្កត់​ធ្ងន់​ថា ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី​ធ្វើ​ទៅ​បាន​តាមរយៈ​គំរូ​ស្នាដៃ ភាព​ជោគជ័យ​ដែល​ស្ត្រី​សម្រេច​បាន​និង​វិសាលភាព សមត្ថភាព​ដ៏​មាន​សក្ដានុពល​របស់​ស្ត្រី ក្នុង​ការ​ជំរុញ​ទឹកចិត្ត​បុគ្គល​ដទៃទៀត​ឲ្យ​អភិវឌ្ឍ​ខ្លួន​នៅក្នុង​ជីវិត និង​សង្គមជាតិ​ខ្លួន។

លោក​ក៏​មាន​សង្ឃឹម​ជឿ​ជាក់​ថា ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នៃ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ និង​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៣ ​ឆ្នាំ​២០២៣​នៅ​កម្ពុជា​ ហើយ​ព្រឹត្តិការណ៍​នៃ​គណៈកម្មការ​ស្ត្រី​ និង​កីឡា ថែម​ជួយ​ដល់​ស្ថាប័ន អង្គការ​កីឡា​ជាតិ​នានា ក្នុង​កិច្ច​គាំទ្រ​ស្ត្រី​ក្នុង​កម្មវិធី​កីឡា​ទូទាំង​ប្រទេស​ទៀត​ផង៕

គឿន​វេត​



Post a Comment

0 Comments

Close Menu