Ad Code

ប្រជាពលរដ្ឋ​៣៩០៩​នាក់​ដែល​រស់នៅ​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ បាន​ទទួល​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី


ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​សាលា​ខណ្ឌ​ដង្កោ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ បាន​រៀបចំ​ពិធី​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​៣៩០៩​នាក់​រស់នៅ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ក្រោម​វត្តមាន​លោក នុត ពុធ​ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ដោយមាន​ការ​ចូល​រួម​ពី​មន្ត្រី​ក្រោម​ឱវាទ​ជុំវិញ​សាលា​ខណ្ឌ​ជា​ច្រើន​រូប​ផង​ដែរ។

លោក នុត ពុធ​ដា​រ៉ា បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​មូលដ្ឋាន​ខណ្ឌដង្កោ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​អ​រូបវន្ត ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច ​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ លោក​អភិបាល​ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​មក​ទទួលយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នា​ថ្ងៃនេះ រក្សាទុក​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការខូចខាត ព្រោះ​អត្តសញ្ញាណប័ណ្ណ​នេះ​គឺ​មាន​សារៈ​ប្រយោជន៍​ណាស់​សម្រាប់​ការ​រស់​នៅ​របស់​បង​ប្អូន ដើម្បី​ប្រើប្រាស់​ក្នុង​តម្រូវ​ការចាំបាច់​នានា ហើយ​ប្រសិនបើ​មានការ​បាត់បង់​ដោយ​ប្រការ​ផ្សេងៗ សូម​ទំនាក់ទំនង​មក​ប៉ុស្តិ៍​នគរបាល​សង្កាត់ ដើម្បី​រៀបចំ​បែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឡើងវិញ។ លោក​អភិបាល​ខណ្ឌដង្កោ​ក៏បាន​ធ្វើការ​ប្រកាស​ដល់​ប្អូនៗ​យុវវ័យ​ដែល​គ្រប់​អាយុ​ឲ្យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ត្រូវ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់ៗ​គ្នា តាម​ការ​អញ្ជើញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ។ ក្នុង​ឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា ក៏បាន​សំណូមពរ​ទៅដល់​ប្រជាពលរដ្ឋ ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​សមត្ថកិច្ច​ទាំង​នគរបាល​ប៉ុស្តិ៍ ប៉េអិម​ខណ្ឌ​ដែល​ពាក់ព័ន្ធ​ករណី​បទល្មើស​ទាំងឡាយ​ដែល​បងប្អូន​បាន​ជួយ​ប្រទះ​ដូចជា ករណី​គ្រឿងញៀន បញ្ហា​ក្មេង​ទំនើង ល្បែងស៊ីសង​គ្រប់​ប្រភេទ រួម​ទាំង​កន្ទុយលេខ​ផង​ដែរ។ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទាន់​ពេល​វេលា ពី​ព្រោះ​ថា ប្រសិនបើ​ករណី​បទល្មើស​ទាំងនេះ​កើតមាន​ហើយ គឺ​ប្រាកដជា​បទល្មើស លួច ឆក់ ប្លន់ កើតមាន​ជាក់​ជាមិនខាន។ ដូច្នេះ​ដើម្បី​ការពារ​បទល្មើស​ទាំងនេះ​កុំ​ឲ្យ​កើតមានឡើង​នៅក្នុង​មូលដ្ឋាន សូម​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​បាន​ជាប់ ហើយ​ដំណឹង​ទាំងនេះ​គឺ​មិនអាច​ឲ្យ​អ្នកណា​ដឹង​នោះ​ទេ៕

រ៉ា​វុ​ទ្ធ


Post a Comment

0 Comments

Close Menu