Ad Code

តំណាង​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ ​ធ្វើ​សន្និសីទ​កាសែត​គំរាម​ធ្វើ​កូដកម្ម​ធំ​​​


ភ្នំពេញ ៖ ករណី​វិវាទ​រវាង​កម្មករ​និង​ក្រុមហ៊ុនកាត់ដេរ​យីហោ ​CWKH​ ដែល​មាន​ទីតាំង​នៅក្នុង​ភូមិ​ត្រពាំង​ទា​ សង្កាត់​ត្រពាំង​ក្រសាំង ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​បាន​អូស​បន្លាយ​ពេល​ប្រហែល​៥​ខែ​មក​ហើយ​នោះ​ នៅតែ​មិនទាន់​រក​ដំណោះស្រាយ​ចេញ​នៅឡើយ​ទេ ជាហេតុ​នាំ​ឲ្យ​ក្រុម​សហព័ន្ធ​សហជីព​ចំនួន​៤​ស្ថាប័ន​បាន​ធ្វើ​​សន្និសីទ​កាសែត​មួយ​ កាលពី​ព្រឹក​ថ្ងៃទី​៣០ ​ខែមករា ​ឆ្នាំ​២០១៥​ដោយ​បាន​គំរាម​ថា​ ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​ចប់​ទេ​នោះ​ពួកគេ​នឹង​ឈាន​ទៅ​ធ្វើបាតុកម្ម​ធំ​មួយ​នៅពេល​ណាមួយ​មិន​ខាន​ឡើយ។​

សន្និសីទ​កាសែត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើឡើង​នៅ​ទីស្នាក់ការ​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​ ដែល​មាន​ទីតាំងនៅ​ចំណុច​ផ្ទះ​លេខ​៣៥៨ ​ក្នុងភូមិ​ត្រពាំង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ធ្វើ​ដោយ​លោក ​ហី​ង ប៊ុនធឿន​ អនុប្រធាន​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ ​និង​មាន​ការ​ចូលរួម​ពី​សហព័ន្ធ​សហជីព​ចំនួន​បី​ស្ថាប័ន​ទៀត​ដូចជា ​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ សហព័ន្ធ​សហជីព​ការងារ​ដើម្បី​កម្ពុជា​ និង​សហព័ន្ធ​សហជីព​កម្មករនិយោជិត។​

លោក​ ហី​ង ប៊ុនធឿន​ បាន​លើក​ឡើង​នៅក្នុង​សន្និសីទ​កាសែត​នា​ពេល​នោះ​ថា​ ការ​ធ្វើ​សន្និ​សីទ​កាសែត​នៅ​ពេល​នេះ ​ក្នុង​គោលបំណង​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ​ជាពិសេស​ក្រសួង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​ផង ពីព្រោះ​កូដកម្ម​នៅ​រោងចក្រ​កាត់​ដេរ​មួយ​នេះ​បាន​អូស​បន្លាយ​ពេលវេលា​ប្រហែល​៥​ខែ​មក​ហើយ ​ដែល​ធ្វើ​ឲ្យ​កម្មករ​មួយចំនួន​គ្មាន​លុយកាក់​សម្រាប់​ជីវភាព​នោះ​ទេ។​

លោក​បន្ដ​ថា​ បើសិនជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​មិន​អើពើ​ជួយ​រក​ដំណោះស្រាយ​ទេ​នោះ​លោក​រួម​ទាំង​បណ្ដា​សហព័ន្ធ​សហជីព​ជា​ដៃគូ​មួយ​ចំនួន​ទៀត​នឹង​ឈាន​ទៅ​ធ្វើបាតុកម្ម​ធំ​មួយ​នៅ​ពេល​ណាមួយ​មិន​ខាន​ឡើយ។ លោក​បន្ដ​ថា ​ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ​ ខាង​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ហាក់​បាន​រឹត​បន្តឹង​ដល់​បណ្ដា​សហជីព​ក្នុង​ការ​បំពេញ​ឯកសារ​ចុះបញ្ជី​ការ​ឲ្យ​សមស្រប​ទៅ​នឹង​លក្ខខណ្ឌ​ច្បាប់ ​ដោយ​បាន​រក​លេស​ផ្សេងៗ​ជាច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​ស្មុក​ស្មាញ​ក្នុង​ការ​ដំណើរការ​ចុះបញ្ជី​ការ​នេះ។​

លោក​បាន​បន្ដ​ថា ​រោងចក្រ​កាត់ដេរ​នេះ​មាន​កម្មករ​សរុប​ចំនួន​៤៨០​នាក់​ ហើយ​កាលពី​ថ្ងៃទី​១៥ ​ខែសីហា​ ឆ្នាំ​២០១៤​ កម្មករ-កម្មការិនី​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ព្រមៗ​គ្នា​ បន្ទាប់ពី​ត្រូវ​មេការ​រោង​ចក្រ​នេះ​ឈ្មោះ ​ឆិ​ន ស៊ូ​ភីង​បាន​ស្ដីជេរ​ប្រមាថ​ទៅលើ​កម្មការិនី​មាន​ផ្ទៃពោះ​ម្នាក់​នៅ​ចំពោះមុខ​មនុស្ស​ជា​ច្រើន​ ដោយ​គ្រាន់តែ​គាត់​បាន​ហូប​ផ្លែស្វាយ​មួយ​ចំណិត​ ដោយសារ​គាត់​ហូបបាយ​មិនកើត​ព្រោះ​ចាញ់​កូន។ ចាប់​ពី​ពេល​នោះ​មក​ កម្មករ​បាន​បន្ដ​ធ្វើ​កូដកម្ម​ជាប់​ជាប្រចាំ​ ហើយ​ការ​ដោះស្រាយ​ក៏​ចេះ​តែ​មាន​ជា​បន្តបន្ទាប់ ​ប៉ុន្តែ​មិនដែល​ទទួល​បាន​លទ្ធផល​នោះ​ទេ ​ជាពិសេស​ទៅ​ដោះស្រាយ​នៅ​ក្រសួង​ការ​ចំនួន​១៤​លើក​ ក៏​មិនអាច​ដោះស្រាយ​ចេញ​ដែរ​។ រឿង​នេះ​បាន​ឆ្លងកាត់​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដល់​តុលាការ​ក្រុងភ្នំពេញ​ទៀត​ ប៉ុន្តែ​តុលាការ​បែរជា​ចេញ​ដីកា​រក្សា​ការពារ​ដល់​ភាគី​រោងចក្រ​ និង​បាន​ចេញ​ដីកា​កោះ​ឲ្យ​តំណាង​សហជីព​និង​កម្មករ​និយោជិត​ចំនួន​១៥​នាក់​ចូល​បំភ្លឺ​នៅ​តុលាការ​ពី​បទ​ព្រហ្មទណ្ឌ​ទៅវិញ។​

លោក​បន្ដ​ថា​ នៅពេល​ដំណើរ​វិវាទ​មិនទាន់​ដោះស្រាយ​ចប់​ផង​ បែរជា​ភាគី​រោងចក្រ​បាន​យក​កម្មករ​ថ្មី​មក​ឲ្យ​ចូល​ធ្វើការ​ជំនួស​កន្លែង​កម្មករ​ចាស់ នៅពេល​កម្មករ​ចូល​ធ្វើ​ការ​តាម​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ហើយ​នោះ​ ខាង​ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​សាជាថ្មី​ដើម្បី​លុបបំបាត់​អតីតភាព​ការងារ​របស់​កម្មករ​ចាស់​ទៅវិញ។​

ជា​មួយ​គ្នា​នេះ​ លោក​ក៏​បាន​លើក​ឡើង​អំពី​ស្ថានភាព​រោងចក្រ​កាត់ដេរ​យីហោ​ជី​ង​យី ខេ​បបូ​ឌា ខូ​អិ​ល​ធី​ឌី​ នៅ​ឯ​ខេត្តកំពង់ឆ្នាំង ​ក៏​មាន​បញ្ហា​វិវាទ​ស្រដៀង​គ្នា​នេះ​ដែរ ​ហើយ​លោក​ក៏​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ មេត្តា​ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប​ណាមួយ​សម្រាប់​កម្មករ​និយោជិត​ទាំង​អស់​នោះ​ផង៕

វិទូ​

Post a Comment

0 Comments

Close Menu