Ad Code

ប្រកាស​លោក លឹម សុគ​ន្ថា ចូលកាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​


កណ្ដាល ៖ នៅ​សៀ​ល​ថ្ងៃទី​២៩ ​ខែមករា ​ឆ្នាំ​២០១៥ ​សាលាដំបូង​ខេត្តកណ្តាល​បាន​ធ្វើការ​ប្រកាស​លោក ​លឹម​ សុគ​ន្ថា​ អតីត​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល។ ចំណែក​លោក ​អ៊ុក​ គឹម​សិទ្ឋិ​ អតីត​ព្រះរាជអាជ្ញា​ត្រូវ​បាន​ផ្ទេរ​តួនាទី​ជា​អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល។ ការប្រកាស​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតេយ្យភាព​លោក​ អង្គ​ វង្ស​វ​ឌ្ឈ​នា ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​មានការ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជា​ច្រើន​រូប​ទៀត។​

លោក ​អ៊ុក​ គឹម​សិទ្ឋិ​បាន​ថ្លែង​រាយការណ៍​អំពី​បេសកកម្ម​របស់​ខ្លួន​មួយចំនួន​ដែល​បាន​បំពេញ​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លង​មក​ជូន​អង្គពិធី។ លោក​បាន​ថ្លែង​ថា​ អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​មាន​ក្របខណ្ឌ​ចំនួន​១៨​រូប​ដែល​ក្នុង​នោះ​មាន​ព្រះរាជអាជ្ញា​មួយ​រូប ​ព្រះរាជអាជ្ញា​រង​៧​រូប​ ដែល​មាន​ស្ត្រី​មួយ​រូប​ ក្រឡាបញ្ជី​មាន​១០​រូប​ ដែល​ក្នុង​នោះ​មាន​ក្រឡាបញ្ជី​នាយក​មួយ​រូប។ រឿង​សល់​ពីមុន​ចំនួន​២០៧​រឿង​ និង​ចូលក្នុង​ឆ្នាំ​២០១៤​ មាន​ចំនួន​១២៦២​រឿង​សរុប​១៤៦៩។ បទល្មើស​ចូលក្នុង​ឆ្នាំ​២០១៤​មាន​ចំនួន​១២៦២​រឿង ​ក្នុង​នោះ​មាន​បទឧក្រិដ្ឋ​និង​បទមជ្ឈិម​ជាដើម​។

លោក​ អង្គ​ វង្ស​វ​ឌ្ឈ​នា ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ថ្លែង​ថា ​ក្នុង​រយៈពេល​កន្លងមក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ក្រោម​ការដឹកនាំ​របស់​លោក​ អ៊ុក ​គឹម​សិទ្ឋិ​ក៏បាន​ធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។ ជាពិសេស​លើ​ចំណាត់ការ​លើ​រដ្ឋបាល​ចំណាត់ការ​លើ​សំណុំ​រឿង​ក្តី​នានា​ការដឹកនាំ​មន្ត្រី​នគរបាល​យុត្តិធម៌​ក្រោម​ចំណុះ​ខេត្តកណ្តាល​ប្រកបដោយ​លទ្ធផល​គួរ​ជាទី​មោទនភាព​។ លោក​រដ្ឋមន្ត្រី​យុត្តិធម៌​បន្ត​ថា លោក អ៊ុក គឹម​សិទ្ឋិ​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​ការងារ​នា​ពេល​បច្ចុប្បន្ន​ ក៏ដូចជា​ពេល​កន្លង​មក​ប្រកបដោយ​ការ​យក​ចិត្ត​ទុក​ដាក់។ ឆ្លងតាម​ស្នាដៃ​នេះ​ លោក ​អ៊ុក ​គឹម​សិទ្ឋិ ត្រូវ​បាន​ក្រសួងយុត្តិធម៌​ពិនិត្យ​លក្ខណៈ​សម្បត្តិ​ស្នើ​តែងតាំង​ជា​អគ្គ​ព្រះរាជ​អាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​តែម្តង​។

ដោយឡែក​លោក លឹម សុគ​ន្ថា ដែល​ជា​ព្រះរាជអាជ្ញា​ទើប​តែងតាំង​ថ្មី​បាន​ឡើង​ប្ដេជ្ញា​ចិត្ត​មួយចំនួន ទី​១-គោរព​និង​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ទី​២-គោរព​និង​ប្រតិបត្តិ​តួនាទី​ភារកិច្ច​ដែល​ច្បាប់​និង​ថ្នាក់លើ​ប្រគល់​ឲ្យ។ ទី​៣-ខិតខំ​ឲ្យ​អស់ពី​កម្លាំង​កាយ​ចិត្ត​និង​ប្រាជ្ញា​ដោះស្រាយ​រឿ​ក្តី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​មាន​ប្រសិទ្ធភាព​មាន​តម្លាភាព​ដោយ​ឈរ​លើ​គោលការណ៍​បម្រើ​ផលប្រយោជន៍​សាធារណៈ​ជាធំ ​និង​ចូលរួម​ធានា​នូវ​ការអនុវត្ត​នីតិវិធី​ត្រឹមត្រូវ​តាមច្បាប់​ និង​ដំណើរ​ប្រតិបត្តិ​ទៅ​នៃ​តុលា​ព្រហ្មទណ្ឌ​។ ទី​៤-សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​មន្ត្រី​នគរបាល​យុត្តិធម៌​ក្នុង​សមត្ថកិច្ច​ដែន​ដី ​ព្រមទាំង​មន្ត្រីរាជការ​ទូទាំង​ប្រទេស​ធ្វើ​យ៉ាង​ណា​ស្វែងរក​យុត្តិធម៌​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ជូន​ប្រជាពលរដ្ឋ។ ទី​៥​-ចូលរួម​កាត់​បន្ថយ​អំពើពុករលួយ​ផ្សេងៗ​នៅក្នុង​ប្រព័ន្ធ​ផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានជា​អតិបរមា។​

ទី​៦-ខិតខំ​រៀនសូត្រ​ដើម្បី​យកចំណេះ​ដឹង​ជា​ពុទ្ធិ​ក្នុង​ការ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត​​យក​តម្រូវ​តាម​ចំណុច​ដឹកនាំ​ល្អៗ​របស់​លោក​អតីត​ព្រះរាជអាជ្ញា និង​រៀមច្បង​ផ្សេងៗ​ទៀត៕

មុនី

Post a Comment

0 Comments

Close Menu