Ad Code

ក្រសួង​អប់រំ អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​១៧ បង្កើត​គម្រោង «​គម្រោង​ដៃគូ​រួមគ្នា​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​»


ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ អេ​ដ អេ អាក់​ស្យុ​ង អង្គការ​ដៃគូ​ជាតិ និង​ អន្តរជាតិ​ចំនួន​១៧​បាន​ផ្ដួចផ្ដើម​បង្កើត​ឱ្យ​មាន​គម្រោង​អប់រំ​មួយ​មាន​ឈ្មោះថា «​គម្រោង​ដៃគូ​រួមគ្នា​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​» កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​អធិបតីភាព​លោក​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នេះ​បើ​យោង​ការផ្សាយ​របស់​ទី​ភ្ញាក់​ងារ​សារ​ព័ត៌មាន​កម្ពុជា។​

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​ថា គម្រោង​ដៃគូ​រួមគ្នា​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា គ្នា ​ដោះស្រាយ​ទៅលើ​បញ្ហា និង​ការ​ផ្តល់​ឱកាស​ដល់​កុមារា-កុមារី​កម្ពុជា​ចំនួន​៥៧.០០០​នាក់ ដើម្បី​ឱ្យ​អ្នក​ទាំង​អស់​នោះ​អាច​មាន​ឱកាស​ចូលរៀន ទទួល​បាន​នូវ​សេវា​អប់រំ និង​ទទួល​បាន​នូវ​ជំនាញ​សម្រាប់​ពួកគេ​ប្រចាំជីវិត​។​

លោក​រដ្ឋមន្ត្រី​បន្ត​ថា គម្រោង​ដៃគូ​រួមគ្នា​នេះ​មាន​វិសាលភាព​គ្របដណ្ដប់​ទាំង​២៥​រាជធានី​-​ខេត្ត និង​មាន​រយៈពេល​អនុវត្តន៍​គម្រោង​ចំនួន​៤២​ខែ ដោយ​ចំណាយ​ថវិកា​ចំនួន​ប្រមាណ​ជា​២០​លាន​ដុល្លារ ចាប់តាំងពី​ខែមិថុនា ​ឆ្នាំ​២០១៤ ដល់​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​។ ក្រុម​គោលដៅ​របស់​គម្រោង​នេះ គឺ​កុមារ​បាត់បង់​ឱកាស​ទទួល​បាន​ការអប់រំ​នៅ​កម្ពុជា​ចំនួន​ជាង​៥៧.០០០​នាក់ និង​ក្រុម​គ្រួសារ​គ្រូបង្រៀន​ចំនួន​ប្រហែល​៤.០០០​នាក់ ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ចំនួន​១៥០​នាក់ និង​សមាជិក​គណៈ​កម្មការ​ទ្រទ្រង់​សាលា​ចំនួន​ប្រហែល​១.២០០​នាក់។​

លោក ជិន ច័ន្ទ​វាសនា នាយក​ប្រតិបត្តិ​ភាពជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល (NEP) បាន​ថ្លែង​ថា នេះ​គឺជា​គម្រោង​មួយ​ដ៏​ល្អ​បំផុត ដែល​ជា​ឱកាស​មាស​មួយ​សម្រាប់​កុមារ​មួយចំនួន ​ដោយ​សារ​តែ​ស្ថានភាព​របស់​គាត់​មិនបាន​អំណោយផល និង​មិន​មាន​ឱកាស​បាន​ចូលរួម​នៅក្នុង​ការអប់រំ​។ NEP នឹង​កំណត់​ចេញពី​គម្រោង​នេះ​ថា ​តើ​អ្វី​ទៅ​គឺជា​ការអនុវត្ត​ល្អ ហើយ​NEP នឹង​មាន​តួនាទី​មួយ​ផ្លាស់ប្ដូរ​នូវ​បទ​ពិសោធន៍ ដែល​គម្រោង​បាន​ធ្វើ​ជាមួយ​អង្គការ​ដៃគូ​ផ្សេងៗ​ទៀត ទៅ​តាម​ក្រុម​នីមួយៗ ដែល​យើង​ជឿ​ជាក់​ថា ជា​ក្រុម​ដែល​បាត់បង់​ឱកាស​ក្នុង​ការ​ទទួល​បាន​នូវ​ការអប់រំ មាន​ដូច​ជា​ក្រុម​កុមារ​ពិការ ក្រុម​កុមារ​នៅ​តាម​ចិញ្ចើមថ្នល់ ក្រុម​កុមារ​ដែល​មកពី​តំបន់​ជនជាតិភាគតិច ក៏​ដូច ជា​ក្រុម​កុមារ​ដែល​មាន​ភាព​ក្រីក្រ និង​ក្រុម​កុមារ​ដែល​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល។​

លោក​បន្ត​ថា យើង​ឃើញថា កុមារ​ដែល​បញ្ចូល​ទៅ​ក្នុង​គម្រោង​ធ្វើការ​រួមគ្នា​ជា​ដៃគូ​នេះ គឺ​ឆ្លើយតប​យ៉ាង​ប្រត្យក្ស​ទៅ​នឹង​អ្វី​ដែល​អង្គការ NEP បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ទទួល​បាន​នូវ​ការអប់រំ​ដែល​យើង​ឃើញថា​កុមារ​ដែល​នៅក្នុង​ក្រុម​កុមារ​ពិការ ទាំង​ពិការ​រូបរាងកាយ ទាំង​ពិការ​នូវ​សតិបញ្ញា ក៏ដូចជា​កុមារ​ដែល​ស្ថិតនៅ​តំបន់​ជនជាតិភាគតិច គឺជា​កុមារ​ដែល​មិន​ទាន់​បាន​ទទួល​នូវ​សិទ្ធិ​ការអប់រំ​បាន​ពេញលេញ​នៅឡើយ​ទេ ព្រោះ​ពួកគាត់​នៅ​ជួប​ឧបសគ្គ​មួយចំនួន ដែល​មិន​អាច​ឱ្យ​ពួកគាត់​ទទួល​បាន​នូវ​ការអប់រំ ទោះបីជា​នា​ពេល​បច្ចុប្បន្ន​នេះ​យើង​ឃើញថា មាន​ការ​អភិវឌ្ឍ​សាលា​រៀន​នៅ​ក្បែរ​ពួកគាត់​កាន់តែ​កៀក​ទៅៗ​ក៏ដោយ។​

លោកស្រី យ៉ា​ស្មី​ន អា​ឌី​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ អេ​ដ អេ អាក់​ស្យុ​ង ប្រចាំ​តំបន់​បាន​ថ្លែង​ថា កុមារ​ដែល​មាន​ភាព​ងាយ​រង​គ្រោះ​មិនមែន​មានតែ​ប្រទេស​កម្ពុជា​ទេ គឺ​មាននៅ​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក ដែល​ក្នុង​នោះ​មាន​កុមារ​ក្រីក្រ កុមារ​ជនជាតិភាគតិច កុមារ​នៅ​តំបន់​ដាច់​ស្រយាល​ជាដើម ដែល​ពួកគេ​សុទ្ធតែ​ជា​កុមារ​ត្រូវ​ទទួល​បាន​ការអប់រំ​។ ការអប់រំ​គឺជា​វិស័យ​មួយ​ល្អ​សម្រាប់​កុមារ ហើយ​យើង​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​ក្រីក្រ​អាច​ក្លាយទៅជា​ប្រធានាធិបតី ក្លាយទៅជា​វេជ្ជបណ្ឌិត​បាន​តាមរយៈ​ការអប់រំ៕

ឌួង​វិ​រះ​ជ័យ​

Post a Comment

0 Comments

Close Menu