ភ្នំពេញ ៖ ក្រុមអ្នកស្ម័គ្រចិត្តរបស់ក្រុមគ្រូពេទ្យ និងនិស្សិតវេជ្ជសាស្ត្រមូស្លីមកម្ពុជា ត្រូវបានលើកទឹកចិត្តផ្តល់លិខិតថ្លែងអំណរគុណ និងអាហារសាមគ្គីមួយពេលដើម្បីជាការលើកទឹកចិត្តដល់គុណបំណាច់ ដែលបានចូលរួមចំណែកក្នុងគម្រោងមនុស្សធម៌ គម្រោងកម្មវិធីអនាម័យកុមារ(ខតាន់) និងគម្រោងលើកកម្ពស់សុខុមាលភាពសហគមន៍ឆ្នាំ២០១៤។
ក្នុងកម្មវិធីសំណេះសំណាលផ្តល់លិខិតថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ក្រុមគ្រូពេទ្យ និង និស្សិតវេជ្ជសាស្ត្រមូស្លីមកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥នេះ នៅមជ្ឈមណ្ឌលកុមារកំព្រាអេមេរ៉ាត ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាថ្លែងថា ថ្ងៃនេះសមាគមគ្រូពេទ្យឥស្លាមកម្ពុជាបានរៀបចំកម្មវិធីសំណាលជាមួយប្អូនៗនិស្សិតវេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តសាស្ត្រ និងប្អូនជានិស្សិតឥស្លាមកម្ពុជាមកពីវិទ្យាស្ថានផ្សេងៗទៀត ក្នុងគោលបំណងលើកកម្ពស់កិច្ចការមនុស្សធម៌ ការអប់រំសុខភាពសហគមន៍។ ក្នុងនាមសមាគមគ្រូពេទ្យឥស្លាមកម្ពុជា លោកសូមថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងប្អូនៗនិស្សិតវេជ្ជសាស្ត្រឥស្លាមកម្ពុជាទាំងអស់ ដែលសុទ្ធតែជាអ្នកស្ម័គ្រចិត្តក្នុងការចូលរួមសេវាកម្មលើកកម្ពស់អប់រំសុខភាពសហគមន៍ ទាំងកម្លាំងកាយចិត្ត ទាំងកម្លាំងស្មារតីដ៏មានតម្លៃ ប្រកបដោយឆន្ទៈទទួលខុសត្រូវ ដើម្បីជីវភាពរស់នៅរបស់ប្រជាជន និងសង្គមជាតិរបស់យើង។ កាយវិការនេះបង្ហាញនូវធនធានមនុស្សដ៏សំបូរបែបរបស់យើង ជាពិសេសមុខវិជ្ជាផ្នែកពេទ្យដែលមកដល់បច្ចុប្បន្ននេះមាននិស្សិតឥស្លាមចំនួនជាង ២០០នាក់ កំពុងសិក្សាមុខវិជ្ជាពេទ្យប្រៀបនឹង២៥ឆ្នាំមុនមាននិស្សិតឥស្លាមមិនដល់១០នាក់ផង ដែលសិក្សាមុខវិជ្ជាពេទ្យ។ នេះជាធនធានមនុស្សមួយដែលជាមោទនភាព សម្រាប់ជួយដល់ការងារលើកកម្ពស់ការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិឲ្យមានការរីកចម្រើន។ ជាពិសេសនៅសហគមន៍ឥស្លាមមានក្រុមគ្រូពេទ្យប្រចាំការ សម្រាប់ជួយសង្គ្រោះបានទាន់ពេលវេលា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមប្រទេសជាសមាជិកអាស៊ាន សមាជិករបស់អង្គការសហប្រជាជាតិមួយដែរ។
លោកវេជ្ជបណ្ឌិត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បានលើកឡើងថា អាស្រ័យដោយមានចូលរួមការងាររបស់ក្រុមអ្នកស្ម័គ្រចិត្តក្រុមគ្រូពេទ្យ និងនិស្សិតវេជ្ជសាស្ត្រមូស្លីមកម្ពុជាទាំងអស់នេះហើយ បានធ្វើឲ្យកិច្ចការមនុស្សធម៌ និងការលើកកម្ពស់អប់រំសុខភាពរបស់សមាគមគ្រូពេទ្យកម្ពុជាមានការរីកចម្រើន។ ជាក់ស្តែងចាប់ពីឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១៥នេះ អង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ដោយបានការសហការពីសមាគមសម្របសម្រួលសង្គមនៃរដ្ឋគុយវ៉ែត មូលនិធិអន្តរជាតិ AL-BASAR នៃប្រទេសអារ៉ាប៊ីសាអូឌីត អង្គការ MERCY MALAYSIA សមាគមគ្រូពេទ្យឥស្លាមអាមេរិកខាងត្បូង (IMANA) កងយោធាសហរដ្ឋអាមេរិក អណិកជនខ្មែរនៅសហរដ្ឋអាមេរិក និស្សិតវេជ្ជសាស្ត្រសិក្សានៅចក្រភពអង់គ្លេស អ៊ៀកឡង់ សមាគមគ្រូពេទ្យឥស្លាមម៉ាឡេស៊ី(IMAN) សកលវិទ្យាល័យត្រាំងហ្គានូ សកលវិទ្យាល័យម៉ារ៉ា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសម៉ាឡេស៊ី ធនាគារអភិវឌ្ឍន៍ឥស្លាម(IDB) សមាគមសប្បុរសធម៌ឌូប៊ៃ (DUBAI CHARITY ASSOCIATION នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ អង្គការសមាគមសកលវិទ្យាល័យ និងសប្បុរសជនផ្សេងៗមួយចំនួនទៀតបានពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាជនទូទៅបានចំនួន ៩៥.៩៣០នាក់ ពិនិត្យ និងចែកវ៉ែនតាភ្នែកបានចំនួន១០៧៣នាក់ និងធ្វើអនាម័យកុមារ(ខតាន់)បានចំនួន៨៩២០នាក់។
លោករដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានបន្ថែមថា កម្មវិធីសំណេះសំណាលនេះដែរ ក៏ដើម្បីប្រកាសកម្មវិធីការងារមនុស្សធម៌ជាច្រើនទៀត ស្ដីពីការងារមនុស្សធម៌ និងការងារលើកកម្ពស់ការងារអប់រំសុខភាពសម្រាប់អនុវត្តបន្ត ចាប់ពីសប្ដាហ៍ទី២ ឆ្នាំ២០១៥នេះតទៅ ដែលទាមទារឲ្យមានការចូលរួមចំណែកពីនិស្សិតវេជ្ជសាស្ត្រឥស្លាមកម្ពុជាច្រើនថែមទៀត ហើយនិស្សិតវេជ្ជសាស្ត្រឥស្លាមកម្ពុជាត្រូវរៀបចំចងក្រងជាក្រុមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យកិច្ចការមនុស្សធម៌ និងការងារលើកកម្ពស់អប់រំសុខភាពសហគមន៍ របស់សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា នៅថ្ងៃមុខទទួលបានផលល្អថែមទៀត៕ សុងយោ
0 Comments